Tuesday, August 7, 2012

ឧកញ៉ា​​អូ​ស្មាន ហា​ស្សាន់​​ បិទ​​​សិក្ខា​សាលា​​​«យុវជន​​អ៊ី​ស្លាម​​ឆ្ពោះ​​ទៅ​​កាន់​​សហ​គមន៍​​អាស៊ាន​​»

រាជ​ធានី​ភ្នំពេញ​​ ៖ ​កាល​ពី​​​រសៀល​​ថ្ងៃ​ទី​​៥ ខែ​សី​ហា ឆ្នាំ​​​២០១២​ ​​លោ​ក​ឧកញ៉ា ​អូ​​ស្មាន​ ហា​ស្សាន់ ​រដ្ឋ​លេ​ខា​ធិការ​​ក្រសួង​​ការ​ងារ​​ និង​បណ្តុះ​បណ្តាល​​​វិជ្ជា​ជីវៈ​ ​ជា​ប្រធាន​អង្គ​​ការ​មូល​និធិ​​អភិវឌ្ឍន៍​​មូ​ស្លីម​​កម្ពុជា​​បាន​អញ្ជើញ​​ជា​អធិ​បតីបិទ​​សិក្ខា​​​សាលា​​ស្តី​ពី​​«​​យុវជន​អ៊ិ​ស្លាម​​ឆ្ពោះ​ទៅ​​កាន់​សហ​គមន៍​អា​ស៊ាន» ។ ពិធីនេះ​​បាន​រៀប​ចំ​​នៅ​មជ្ឈ​មណ្ឌល​​​ម៉ូ​ដេន​​​៥ សង្កាត់​​ប្ញស្សី​កែវ ​ខណ្ឌប្ញ​ស្សី​កែវ ​ដោយ​មាន​​ការ​អញ្ជើញ​​ចូល​រួម​​ផ​ង​ដែរ​​ពី​សំណាក់​អស់​លោកខ្លះ​ជា​សមាជិក​​រដ្ឋ​សភា ​រាជ​រដ្ឋា​ភិបាល​ ជា​ថ្នាក់​ដឹក​នាំ​​អ៊ិ​ស្លាម​ សិស្ស និស្សិត​ ​តំណាង​អង្គ​ការ​ ស​មា​គម​ ​ក្រុម​ហ៊ុន ​ប្រមាណ​​ជាង​​​៣០០​នាក់ ។​
​សិក្ខា​សាលា​​នេះ​បាន​​​ប្រ​ព្រឹត្ត​​ទៅ​រយៈ​​​ពេល​១​​ថ្ងៃ​ គឺ​ថ្ងៃ​ទី​​៥ សីហា ដែល​បាន​រៀប​ចំ​ដោយ​អង្គ​ការ​​មូល​និធិ​​អភិវឌ្ឍន៍​​មូ​ស្លីម​​កម្ពុជា​ ​សហ​ការ​​ជាមួយ​​​គណ​ៈ​​​ដឹក​នាំ​​ជាន់​ខ្ពស់​​នៃ​សាស​នា​​អ៊ិ​ស្លាម​​កម្ពុជា​ ក្នុង​គោល​​បំណង​​ដាស់​តឿន​​ក្រើន​រំលឹក​​​ដល់​យុវជន​​អ៊ិ​ស្លាម​​កម្ពុជា​​ ក៏​ដូចជា​​ប្រជា​ពលរ​ដ្ឋ​​ទូ​ទៅ​​ក្នុង​ការ​ត្រៀម​​ខ្លួន​សម្រាប់​​ចូល​រួម​អភិវឌ្ឍន៍​​ជា​មួយ​រាជ​រដ្ឋា​ភិបាល​​ និង​​អ​ភិវឌ្ឍន៍​​យុវជន​​ឱ្យ​​មាន​បុគ្គល​​លក្ខណ​ៈ​​ពេញ​លេញ​​លើ​ផ្នែក​រាង​​កាយ បញ្ញា ​ចំណេះ​ដឹង ​ស្មារតី​ ​សីល​ធម៌ ​តម្លៃ​​ ដើម្បី​​ឱ្យ​​យុវជន​​ក្លាយ​ជា​​​ពល​រដ្ឋ​​ល្អ​នៅ​​ក្នុង​សង្គម​​ជាតិ​ ​និង​សមា​ហរណ​កម្ម​​ចូល​​ទៅ​ក្នុង​សហ​គមន៍​​អា​ស៊ាន​​នា​ឆ្នាំ​​២០១៥​​ខាង​មុខ​នេះ ។​​អង្គ​សិក្ខា​សាលា​​មាន​វា​គ្មិន​​ជា​ច្រើន​​នាក់​មក​ធ្វើ​​បទ​​បង្ហាញ​​ពី​ច្បាប់​អា​ស៊ាន​ គោល​​ការណ៍​​ និង​សិទ្ធិ​​របស់​អាស៊ាន​​ ព្រម​ទាំង​​មាន​សំណួរ​​ចម្លើយ​​ដល់​សិស្ស​​ និស្សិត​​​ផង​ដែរ ។​
​លោក​ឧកញ៉ា ​​សុះ កំរ៉ី ​ចាង​ហ្វាង​​គណៈ​​ដឹក​នាំ​​ជាន់​ខ្ពស់​​​អ៊ិ​ស្លាម​បាន​ថ្លែង​​​ក្នុង​​ឱកាស​​​បើក​សិក្ខា​​សាលា​​ថា រាជ​រដ្ឋា​​ភិបាល​មាន​​ចក្ខុ​វិស័យ​​​រយៈ​ពេល​​​វែង ​ដោយ​ប្រមូល​​​ផ្តុំ​​កម្លាំង​​គ្រប់​មជ្ឈ​ដ្ឋាន​​ក្នុង​សង្គម​​ជាតិ​សំដៅ​​រួម​​ចំណែក​​​អ​ភិវឌ្ឍន៍​​យុវជន​ឱ្យ​​កាន់​តែ​​មាន​លក្ខណៈ​​​សម្បត្តិ​​វិជ្ជ​មាន​​ និង​ផ្តល់​​ឱកាស​ឱ្យ​​ពួក​គេ​​អ​ភិវឌ្ឍន៍​​សក្តា​នុ​ពល​នៅ​ក្នុង​​ការ​អប់​រំ​​ការ​ងារ​សុខ​ភាព​ ការ​ចូល​រួម​​​ធ្វើ​សេចក្តី​​សម្រេច​​ និង​ការ​​ចូល​រួម​អភិវឌ្ឍ​​គ្រួសារ​ សហ​គមន៍​ ​ប្រទេស​ជាតិ ​និង​​​ពិ​ភព​លោក​ ។​
ក្នុង​ឱកាស​​បិទ​សិក្ខា​សាលា​​ លោក​ឧកញ៉ា អូស្មាន​ ហា​ស្សាន់​ ​​ក៏​បាន​​ពាំ​នាំ​​ប្រសាសន៍​ផ្តាំ​ផ្ញើ​​កា​រសាក​សួរ​​សុខ​ទុក្ខ​​ពី​សំណាក់​​សម្តេច​តេ​ជោ ​ហ៊ុន​​ សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​លោក​ជំទាវ​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី​ ហ៊ុន សែន ​ដែល​ជានិច្ច​កាល​​សម្តេច​​ និង​លោក​ជំទាវ​​តែង​តែ​គិត​គូ​ពី​ប្រជា​ពល​រដ្ឋ​​ទូទាំង​ប្រទេស​​ ជា​ពិសេស​​ប្រជា​ពល​រដ្ឋ​​ខ្មែរ​អ៊ិស្លាម​ និង​យុវជន​​​យើង​ទាំង​អស់​​ ។ អ្វី​ដែល​​យើង​ទាំង​​អស់​គ្នា​​​ត្រេក​អរ​​នោះ ​សហ​​គមន៍​​អ៊ិ​ស្លាម​​កម្ពុជា​​បាន​មាន​​​ចំណេះ​​វិជ្ជា​ខ្ពង់​ខ្ពស់​ និង​​មាន​បទ​​ពិសោធន៍​​ស្រប​ទៅ​តាម​​សង្គម​ជាតិ​ ​​ដែល​មាន​សន្តិ​ភាព​ពេញ​លេញ​ ក្រោម​ការ​ដឹក​នាំ​​ដ៏​ឈ្លាស​វៃ​​របស់​​​សម្តេ​ច​​​អគ្គ​មហា​សេនា​បតី​​​តេជោ​ ហ៊ុន​ សែន ​ជា​នាយក​រដ្ឋ​មន្ត្រី​ ។​
​លោក​ឧកញ៉ា​ អូ​ស្មាន ហាស្សាន់ មាន​​ប្រសាសន៍​​ក្នុង​​ឱកាស​បិទ​​សិក្ខា​សាលា​​ឱ្យ​ដឹង​​ថា យុវជន​​អ៊ិ​ស្លាម​​កម្ពុជាមាន​​តួ​នាទី​​សំខាន់​ណាស់​​ក្នុង​ការ​ចូល​រួម​​អភិវឌ្ឍ​ប្រទេស​ និង​សហ​គមន៍​អា​ស៊ាន ​ដែល​​ព្រះ​រាជា​ណាចក្រ​​កម្ពុជា​បាន​ខិត​ខំ​​ផ្តល់​​​ឱកាស​​ឱ្យ​យុវជន​​ធ្វើ​ការ​​អភិវឌ្ឍ​សក្តា​នុពល​​យ៉ាង​ពេញ​​ទំហឹង​​ ដើម្បី​ធានា​បាន​នូវ​​​ធន​ធាន​មនុស្ស​​ ក្នុង​ការ​អ​ភិវឌ្ឍ​ស​​ហ​គមន៍​អាស៊ាន ​។ បច្ចុប្បន្ន​​នេះ ប្រទេស​​កម្ពុជា​​បាន​​ផ្តល់​អាទិ​ភាព​​លើ​កា​រ​​កសាង​សមត្ថ​​ភាព​ និង​ការ​​អ​ភិវឌ្ឍ​ធន​ធាន​​មនុស្សតាម​រយៈ​​ផែន​ការ​យុទ្ធសាស្ត្រ​​ និង​កម្ម​វិធី​​អា​ទិភាព​​​នានា ក្នុង​​គោល​ដៅ​​លើក​កម្ពស់​​គុណ​ភាព​​ និង​ប្រសិទ្ធ​​ភាព​នៃ​​ការ​អប់​រំ​​សម្រាប់​គ្រប់​កម្រិត​​ ដែល​ស្រប​តាម​​​គោល​នយោ​បាយ​​របស់​រាជ​រដ្ឋា​​ភិបាល​​ ។​
លោក​​អូ​ស្មាន​ ហាស្សាន់ ​បាន​បន្ត​ទៀត​ថា ​ដើម្បី​ឱ្យ​​យុវជន​អ៊ិ​ស្លាម​​កម្ពុជា​​ឆ្ពោះទៅ​កាន់​​សហ​គមន៍​​អាស៊ាន​​ទទួល​បាន​​ជោគ​ជ័យ​ យើ​ង​ជា​​យុវជន​​ទាម​ទារ​​មាន​ចំណេះ​​ដឹង​ទាំង​​ផ្នែក​​​​ចំណេះ​ដឹង​ទូ​ទៅ ​ភាសា​​បរទេស​ និង​​ជំនាញ​បច្ចេក​ទេស​​ច្បាស់​លាស់​ និង​មាន​គុណ​ភាព​​ការ​អប់​រំ​ ព្រម​ទាំង​​មាន​បទ​ពិសោធន៍​ ។ ដូច​នេះ​ យុវជន​​ត្រូវ​ខិត​ខំ​​អភិវឌ្ឍ​​ខ្លួន​​ក្រេប​យក​​​ចំណេះ​ដឹង​ ដើម្បី​យក​​ផល​ចំណេញ​​​ពី​អាស៊ាន​​ និង​ឈោង​​ចាប់​យក​ឱកាស​​​ ដើម្បី​​ចូល​រួម​អភិវឌ្ឍ​សហ​គមន៍ និង​ប្រទេស​ជាតិ​​យើង​ឱ្យ​កាន់​តែ​​រីក​ចម្រើន​​ថែម​ទៀត ។ នៅ​​​ល្ងា​ច​នោះ​​ លោក​ឧកញ៉ា ​អូ​ស្មាន​ ហា​ស្សាន់ ​​ក៏បាន​​ពិសា​​អា​ហារ​​ស្រាយ​បួស​​រួម​គ្នា​​​ប្រកប​​ដោយ​​ភាព​ស្និទ្ធ​ស្នាល​​បំផុត​​​ បន្ទាប់​ពី​ចប់​​ម៉ោង​​បួស​អស់​រយៈ​ពេល​​១​ថ្ងៃ​​មក​​ ៕​