Tuesday, August 7, 2012

ចុះ​ត្រួតពិនិត្យ និង​ជំរុញ​ការសាងសង់​ស្ពាន​ទំនប់​បឹង​តាកែវ អោយ​ហើយ​មុន​រដូវ​ទឹក​ជន់​

តាកែវ: ការស្ថាបនា​ស្ពានថ្ម​ត​ភ្ជាប់​ទំនប់​បឹង​តាកែវ ដែល​ស្ថិតនៅក្នុង​ក្រុង​ដូន​កែវ ខេត្តតាកែវ មកដល់ពេលនេះ​សម្រេចបាន ៨០ ភាគរយ​ហើយ​។ លោក អ៊ុំ អួ​ក ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត កាលពី​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១២ បាន​អញ្ជើញ​ចុះទៅពិនិត្យ និង​ជំរុញ​ក្រុមហ៊ុន​ម៉ៅការ ធ្វើយ៉ាងណា​អោយ​ការស្ថាបនា​បាន​ឆាប់រហ័ស និង​អោយ​ហើយ​រួចរាល់ មុនពេល​ទឹក​ឡើង​ជន់​ជោរ​ហូរ​កាត់​ក្រោម​ស្ពាន ដើម្បីអោយ​ប្រជាពលរដ្ឋ​ងាយស្រួល​ធ្វើដំណើរ​ទៅមក​បាន​។ 

​ពេល​ចុះទៅពិនិត្យ លោក អ៊ុំ អួ​ក ប្រធាន​មន្ទីរ​សារ​ធាណ​ការ និង​ដឹកជញ្ជូន​ខេត្ត បានអោយដឹងថា ដោយ​នៅក្នុង​ឆ្នាំ​២០១១ កន្លងទៅនេះ មាន​គ្រោះទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ ដែល​ធ្វើអោយមាន​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន ក្នុងនោះ​មាន​ស្ពានបេតុង​មួយកន្លែង ត​ភ្ជាប់​ផ្លូវ​ក្រុង​លេខ​១២​អា (​ទំនប់​បឹង​តាកែវ​នេះ​) ។ 

​លោក​និយាយទៀតថា ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​ឯកឧត្តម ស្រី បេន អភិបាល​ខេត្តតាកែវ និង​ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ចុងឆ្នាំ​២០១១ បានធ្វើ​សំណើ និង​សំណូមពរ​ទៅ​រាជរដ្ឋាភិបាល ដើម្បី​ជួយ​អន្តរាគមន៍​។ បន្ទាប់មក​គណៈប្រតិភូ​អន្តរក្រសួង​មួយក្រុម ដឹកនាំ​ដោយ​ឯកឧត្តម គាត ឈន់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចុះ​ពិនិត្យ​លើ​ការខូចខាត​នេះ កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១១ ហើយ​បាន​ឯកភាព​ផ្តល់ជូន​ថវិកា​របស់​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​សាងសង់​ស្ពាន​នេះ​ឡើងវិញ ដែលមាន​ប្រវែង​សរុប ៤៥​ម៉ែត្រ គុណ​នឹង ១០​ម៉ែត្រ ធ្វើ​ពី​បេតុង លើ​ថវិកា​សរុប​ប្រមាណ ១.៩៧៥ លាន​រៀល ដែល​បាន​ចាប់ដំណើរការ​សាងសង់​កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១២ កន្លងទៅនេះ មកទល់ពេលនេះ​សម្រេចបាន​ប្រមាណ ៨០ ភាគរយ​ហើយ និង​គ្រោង​បញ្ចប់​នៅមុន​រដូវ​ទឹក​ឡើង​ខាងមុខនេះ​។ 

​លោក អ៊ុំ អួ​ក បាន​បញ្ជាក់ថា បើ​ការសាងសង់​ស្ពាន​នេះ​មិនទាន់​រួចរាល់ មន្ទីរ​នឹងធ្វើ​ស្ពានដែក​បាល​ឡេ​នៅ​ផ្លូវ​វាង សម្រាប់​អោយ​ប្រជាពលរដ្ឋ​ចរាចរ​ឆ្លងកាត់ មិនអោយ​ស្ទះ​ទេ​៕