Tuesday, August 7, 2012

សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តបាត់ដំបងត្រូវបានប្រកាសសុពលភាព

សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តបាត់ដំបងត្រូវបានប្រកាសសុពលភាព
AKP ភ្នំពេញ ថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០១២—
ពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មការសាខា អនុសាខា សមាគមនារីកម្ពុជា ដើម្បី សន្តិភាពនិងអភិវឌ្ឍន៍ខេត្តបាត់ដំបង ត្រូវបានប្រារព្ធធ្វើឡើងថ្មីៗនេះ ក្រោមអធិបតី៏ភាព ឯកឧត្តម អែល សយ អនុប្រធានគណៈកម្មាធិការខេត្តបាត់ដំបង លោកជំទាវ ស៊ីម ម៉ារី អភិបាលរងខេត្ត និងជា ប្រធានសមាគមនារី កម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ។
លោកជំទាវ ស៊ីម ម៉ារី មានប្រសាសន៍ថា បច្ចុប្បន្នសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បាន និង កំពុងពង្រីករចនាសម្ព័ន្ធនៅតាមរាជធានី និងតាមបណ្តាខេត្ត ដោយឡែកនៅខេត្តបាត់ដំបងបាន រៀបចំ កែ សម្រួល បំពេញសមត្ថភាពបន្ថែមនូវគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ខេត្តបានចំនួនសារុប ៣៨រូប ។ ថ្នាក់ដឹកនាំបក្ស និងថ្នាក់ដឹកនាំខេត្ត ជាបង្អែកដ៏រឹងមាំក្នុងការ សហការគាំទ្រ បង្កលក្ខណៈងាយស្រួល ជម្រុញទាំងស្មារតី សម្ភារៈ និងថវិកាដល់សមាគមនារីគ្រប់ លំដាប់ថ្នាក់ ក្នុងការធ្វើ សកម្មភាពចលរួមកុ្នងសកម្មភាពការងារបោះឆ្នោតព្រឹទ្ធសភា រដ្ឋសភា និងក្រុម ប្រឹក្សា ឃុំ សង្កាត់មានតំណាក់ កាលត្រៀម តំណាក់កាលយុទ្ធនាការឃោសនាបោះឆ្នោត ។
ឯកឧត្តម អែល សយ មានប្រសាសន៍សម្តែងនូវការកោតសរសើរដោយស្មោះស្ម័គ្រ ចំពោះលទ្ធ ផលការងារ ដែលសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបាត់ដំបង បានធ្វើសកម្មភាព ដើម្បីរួមចំណែកកសាង និងអភិវឌ្ឍន៍សង្គមនាពេលកន្លងមក ហើយបច្ចុប្បន្នត្រូវបានកែសម្រួល ដើម្បី ឆ្លើយយតបទៅនិងបរិបទ របស់ សង្គមជាតិ ដែលមានការរីកចម្រើនពីតំណាក់ កាលមួយទៅតំណាក់កាល មួយទៀត ស្របតាមគោល នយោបាយ និងសេចក្តីសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ។
ឯកឧត្តមបន្តទៀតថា សមាគមនារីកម្ពុជាគឺជាស្ថាប័នមួយ ដែលធ្វើសកម្មភាពបំរើឲ្យប្រជាពលរដ្ឋ ក្នុង ជួរគណបក្ស និងនៅក្នុងអង្គការមហាជននានា ចាប់តាំងពីក្រោយថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨មក ។
 សមាគមនារីកម្ពុជាខេត្តបានធ្វើសកម្មភាពប្រកបដោយលក្ខណៈល្អប្រសើរ បង្កឲ្យបងប្អូននារីក្នុងខេត្តបាន ចូលរួមយ៉ាងសកម្មក្នុងកម្មវិធីនានា សំដៅលើកកម្ពស់សមត្ថភាពបងប្អូនទូទាំងផ្នែករដ្ឋបាល នយោបាយ ហើយបានសម្រួលការគាំទ្រពីដៃគូអភិវឌ្ឍន៍នានាទៀតផង ។
សព្វថ្ងៃនេះនៅក្នុងគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង មាននារី ៣រូបលើ៥១រូប ក្នុងជួរគណៈ អចិន្រ្តៃយ៍ គណបក្សប្រជាជនកម្ពុជា មាននារី ១រូបលើ ១៩រូប ក្នុងគណៈកម្មាធិការបក្សក្រុង ស្រុក មាននារី ៤៣រូប លើ៤៥០រូប ក្នុងគណំៈកម្មាធិការបក្សឃុំ សង្កាត់ មាននារី ៣០៥រូប លើ២២១៣រូប និងនៅតាម ភូមិមាន២៨រូប នេះជាតួលេខនៅក្នុងឆ្នាំ ២០១១ ៕
 ( ដោយលោក ឡេង ហុក )