Tuesday, August 7, 2012

លោក​ឧកញ៉ា​​ លី​ យ៉ុង​ផាត់ នាំ​អំណោយ​​ចុះ​សាក​សួរ​​សុខ​ទុក្ខ​​ក្រុម​និស្សិត​​វាស់​វែង​​ដី​ធ្លី​

ខេត្តឧត្តរ​មានជ័យ៖ ​ឧកញ៉ា​​លី យ៉ុង​​ផាត់​ អនុប្រធាន​ក្រុម​ការងារ​​​គណៈ​កម្មាធិការ​​​កណ្តាល​​គណបក្ស​ប្រជា​ជន​​កម្ពុជា​​ចុះ​ជួយ​ខេត្ត​ឧត្តរ​មាន​ជ័យ​ និង​ជា​ប្រធាន​​​ក្រុម​ការងារ​​ចុះ​ជួយ​ក្រុង​​សំរោង​​​​ រួម​ជាមួយ​​លោក​ លួន​ អាន​ អភិបាល​​ខេត្ត​ លោក​ ថុន​ ណុល​ អភិ​បាល​ក្រុង​សំរោង​ កាល​​ពី​ព្រឹក​ថ្ងៃទី​២ សីហា​ កន្លងទៅ​ បានដឹក​នាំ​​ក្រុម​​ការងារ​​គណបក្ស​ប្រជា​ជន​កម្ពុជា​​ចុះ​​សាក​សួរ​​​សុខទុក្ខ​ និង​នាំ​យក​គ្រឿង​​ឧបភោគ​បរិភោគ​​ទៅ​​ឧបត្ថម្ភ​ដល់​ក្រុម​យុវជន​​ស្ម័គ្រចិត្ត​​សម្តេច​តេ​ជោ​​ ដែល​កំពុង​​បំពេញ​ការងារ​​​វាស់​វែង​​ដី​ធ្លី​​ជូន​ប្រជា​​ពល​រដ្ឋ​​​ នៅភូមិ​ផ្លុង​ សង្កាត់​កូន​ក្រៀល​ ក្រុង​សំរោង​ ។
លោក​ វាត់ ប៉ារ៉ានីន ​មន្ត្រីសម្រប​សម្រួល​​ក្រុម​​និស្សិត​​ប្រចាំ​​​ខេត្ត​ឧត្តរ​មានជ័យ​​​ ជំនួស​​មុខ​ឱ្យ​ក្រុម​​និស្សិត​​ទាំង​អស់​ បាន​មាន​មតិ​​ស្វាគមន៍​​​ចំពោះ​គណៈ​​​ប្រតិ​ភូ​ដែល​បាន​​​យក​ចិត្ត​ទុកដាក់​​ចុះ​​​​សាកសួរ​​​សុខ​ទុក្ខ​​ និង​នាំ​យក​​អំណោយ​​​មក​ជួយ​ផ្គត់​ផ្គង់​​ដល់​ក្រុម​និស្សិត​​​ ។ ជាមួយ​​នេះ​ក៏​បាន​ថ្លែង​អំណរ​គុណយ៉ាង​ជ្រាល​ជ្រៅ​​​ដល់​​សម្តេច​តេជោ​ និង​លោ​ក​ជំទាវ​​កិត្តិព្រឹទ្ធ​បណ្ឌិត​​ ប៊ុន រ៉ានី​ ហ៊ុន​ សែន​ ​​ដែល​ជានិច្ច​កាល​សម្តេច​តេ​ជោ​​​ និង​លោក​ជំទាវ​​ តែង​តែ​យក​ចិត្ត​ទុក​ដាក់​ដល់​ក្រុម​និស្សិត​​​ដែល​កំពុង​​បំពេញ​បេសក​កម្ម​​ក្នុង​ការ​វាស់​វែង​​​ដី​ធ្លី​​ជូន​ប្រជា​ពល​រដ្ឋ ។
លោក​ឧកញ៉ា​​​ លី​ យ៉ុង​ផាត់ ​​បាន​ពាំនាំ​នូវ​ការ​​សួរ​សុខទុក្ខ​ពី​សំណាក់​​​សម្តេច​តេជោ​​ ហ៊ុន​ សែន​ និង​លោក​ជំទាវ​​កិត្តិព្រឹទ្ធ​បណ្ឌិត​ ជូន​ដល់​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​ ដែល​កំពុង​​បំពេញ​​បេសក​កម្ម​វាស់​​វែង​​​ដី​ធ្លី​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​​ឧត្តរ​មាន​ជ័យ​ ។ នា​ឱកាសនោះ​ លោក​ឧកញ៉ា​​​ក៏​បាន​ផ្តល់​​អំណោយ​​ឧបត្ថម្ភដល់​ក្រុម​និស្សិត​​មាន​អង្ករ​ចំនួន​​១តោន មីចំនួន​​១០​កេស​ធំ​ ត្រី​ខចំនួន​​​១០​កេស​ធំ​ ទឹក​​ត្រី​ចំនួន១០​ឡូ ប៊ីចេង​ចំនួន​១០គីឡូក្រាម​ ទឹក​​​បរិសុទ្ធ​​ចំនួន​​​១០០​យួរ​ សាច់​ជ្រូក​​ចំនួន​២០​គីឡូ​ក្រាម​ សាច់​គោ​ចំនួន​​៣០​គីឡូក្រាម​ ។ ដោយ​​ឡែក​​ចំពោះ​​និស្សិត​​ចំនួន​៥០​នាក់​​ ក្នុង​ម្នាក់​ៗ​​ទទួ​ល​បាន​​ថវិកា​៥០​ម៉ឺន​រៀល ៕