Tuesday, August 7, 2012

សម រង្ស៊ី ស្នើឲ្យមាន ការពិភាក្សាគ្នា ទល់មុខអំពីបញ្ហា ព្រំដែនខាងកើត រវាងតំណាងរាស្រ្ត ទាំងពីរ

ភ្នំពេញ៖ ក្រុមតំណាងរាស្រ្តគណបក្សប្រឆាំង សម រង្ស៊ី បានស្នើដល់រាជរដ្ឋាភិបាលកម្ពុជា ឲ្យនិយាយគ្នាដោយផ្ទាល់ រវាងតំណាងរាស្រ្តគណបក្ស សម រង្ស៊ី និងគណបក្សប្រជាជនកម្ពុជា ស្តីអំពីការបោះបង្គោលព្រំដែន ជាមួយនឹងប្រទេសវៀតណាម និងកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបានចុះហត្ថលេខា ដោយក្រុមតំណាងរាស្រ្តគណបក្សសម រង្ស៊ី ចំនួន៩នាក់ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១២ បានផ្ញើទៅកាន់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាថា នៅក្នុងកំឡុងពេលនៃការឆ្លើយបំភ្លឺ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ខាងមុខ ស្តីអំពីបញ្ហាបោះបង្គោលព្រំដែន រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម នៅវិមានរដ្ឋសភា ក្នុងឱកាសប្រជុំរដ្ឋសភានីតិកាលទី៤ ពួកគេចង់ឲ្យមានការជជែក និងផ្លាស់ប្តូរយោបល់រវាងគ្នានិងគ្នា ចំពោះតំណាងរាស្រ្តគណបក្ស សម រង្ស៊ី និងគណបក្សប្រជាជនកម្ពុជា។       
លិខិតបានបញ្ចាក់ថា ”នៅក្នុងកំឡុងពេលនៃការឆ្លើយបំភ្លឺនេះ យើងខ្ញុំស្នើសុំឲ្យមានការជជែកពិភាក្សា ផ្លាស់ប្តូរយោបល់គ្នា រវាងតំណាងរាស្រ្ត និងតំណាងរាជរដ្ឋាភិបាល។ ការជជែកពិភាក្សាគ្នានេះ នឹងផ្តល់ព័ត៌មានកាន់តែច្បាស់ លើការបោះបង្គោលព្រំដែនខាងលើ ដល់ប្រជាពលរដ្ឋយើងដែលជាម្ចាស់ប្រទេស និងបង្ហាញពីការទទួលខុសត្រូវ របស់ស្ថាប័ននីតិបញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ចំពោះមុខប្រជាជាតិ”។       
សូមបញ្ជាក់ថា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ខាងមុខនេះ ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នឹងឆ្លើយរាល់សំណួរទាំងឡាយ ពីសំណាក់តំណាងរាស្រ្តគណបក្ស ប្រឆាំងសម រង្ស៊ី ស្តីអំពីបញ្ហាបោះបង្គោលព្រំដែន ខាងកើតនៃប្រទេស។ ការមកឆ្លើយបំភ្លឺនេះហើយ ដែលក្រុមតំណាងរាស្រ្ត គណបក្សប្រឆាំង សម រង្ស៊ី ចង់បានជាយូរមកហើយនោះ។
ហើយតាមរយៈនៃការឆ្លើយឆ្លងនេះ នឹងចាក់ផ្សាយដោយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ និងវិទ្យុនានា នៃព្រះរាជណាចក្រកម្ពុជាផងដែរ៕