Tuesday, August 7, 2012

ប្រជា​ពលរដ្ឋ​​ចំនួន​៣​​ភូមិ​នៅ​ក្នុង​សង្កាត់​ចោមចៅ​ សុំ​ឱ្យ​អាជ្ញា​ធរ​ដោះ​ស្រាយ​ផល​ប៉ះ​ពាល់​

រាជធានីភ្នំពេញ ៖ ​ប្រជា​ពល​រដ្ឋ​ចំនួន​៣​ភូមិ​ដែល​រស់​នៅ​ជាប់​​របង​អាកាស​​យាន​ដ្ឋាន​ភ្នំពេញ​អន្តរ​ជាតិ​ ​ស្ថិត​ក្នុងសង្កាត់​ចោមចៅ​បាន​ធ្វើ​ការ​តវ៉ា​សុំឱ្យ​អាជ្ញា​ធរ​រាជធានីភ្នំពេញ ​និងសង្កាត់​​ចោម​ចៅ​​​ជួយ​ដោះ​​ស្រាយ​នូវ​ផល​ប៉ះ​ពាល់​ ខណៈពេល​ដែល​អាជ្ញា​ធរ​​ចាប់​​ផ្តើម​​វាស់​វែង​ដី​​ពង្រីក​របង​អាកាស​យាន​ដ្ឋាន​ប៉ះ​ដី​លំនៅ​ឋាន​​របស់​ពួក​គាត់ ។
នៅព្រឹក​ថ្ងៃ​ទី​៧ សីហា ២០១២ ​មាន​ប្រជា​ពល​រដ្ឋ​​​ជាង​៤០​នាក់​តំណាង​ឱ្យ​ប្រជា​ពល​រដ្ឋ​៣​ភូមិ​ខាងលើ​បាន​នាំ​គ្នា​​ធ្វើ​ដំណើរ​​ទៅ​កាន់​សាលា​​សង្កាត់​ចោម​ចៅ ​ធ្វើ​ការ​តវ៉ា​ដោយ​សន្តិ​វិធី​​​​ដោយ​ពួក​គាត់​ស្នើ​​សុំ​ឱ្យ​អាជ្ញា​ធរ​ជួយដោះស្រាយ​នូវ​ផល​ប៉ះពាល់​​នានា​ខាង​លើ​នោះ ។ ​ប្រជា​ពលរដ្ឋ​ម្នាក់​ឈ្មោះ​​ភួង សុភាព ភេទ​ស្រី អាយុ​៣៨​ឆ្នាំ​បាន​និយាយ​ថា ប្រជា​ពល​រដ្ឋ​ដែល​រង​ផល​ប៉ះ​​ពាល់​​ពី​ការ​ពង្រីក​​របង​អាកាស​យាន​ដ្ឋាន​​នោះ​មាន​ចំនួន​៣​ភូមិ​​ហើយ​កន្លង​មក​សាលា​រាជ​ធានី​ភ្នំពេញ បាន​​ចេញ​សេចក្តី​ជូន​ដំណឹង​ឱ្យ​​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ដែល​មាន​ទីលំនៅ​​ជាប់របង​​អាកាស​យាន​ដ្ឋាន​ភ្នំ​ពេញ​អន្តរ​ជាតិ​ រុះ​រើ​ចេញ​ពី​របង​អាកាស​យាន​ដ្ឋាន​ចម្ងាយ​១០​ម៉ែត្រ​​ ដើម្បី​យក​​កន្លែង​ពង្រីកអាកាស​យាន​ដ្ឋាន​។
នៅ​ពេលនោះ​ពួក​គាត់​ទាំង​អស់​គ្នា​បាន​ធ្វើ​ការ​តវ៉ា​​យ៉ាងស្វិត​ស្វាញ ទើប​ក្រោយ​មក​មាន​ការ​បន្ធូរ​បន្ថយ​​នៅ​ត្រឹម​​ចម្ងាយ​៥​ម៉ែត្រ​វិញ។​ ប៉ុន្តែ​​ទោះ​បី​ជា​បែប​នេះ​ក្តី​ក៏​​នៅតែ​មាន​ការ​ប៉ះ​ពាល់​ដល់​​លំនៅ​ឋាន​របស់​ពួក​គាត់​​ស្ទើរ​តែ​ទាំង​ស្រុង​ដែរ ទើប​មក​សុំ​ឱ្យ​អាជ្ញា​ធរ​ជួយ​។