Tuesday, August 7, 2012

កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេស​ចរ​អន្តរ​ជាតិ​២​លាន​នាក់​ក្នុង​រយៈ​ពេល​៦ខែ​ដើម​ឆ្នាំ​២០១

រាជធានីភ្នំពេញ ៖ ក្រសួង​ទេស​ចរណ៍​នៃ​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា បាន​ចេញ​នូវ​របាយ​ការណ៍​​ស្ថិតិ​ទេស​ចរណ៍​ដោយ​បង្ហាញ​​ថា ក្នុង​រយៈ​​ពេល​៦​ខែ​ដើម​ឆ្នាំ​២០១២ នេះ កម្ពុជា​ទទួល​បាន​​ភ្ញៀវ​ទេស​​ចរអន្តរជាតិ​ប្រមាណ​១.៧៥៦.៦៥២​នាក់ កើន​ឡើង​​២៦,៨% ​បើ​ធៀប​រយៈ​​ពេល​​ដូច​គ្នា​​នៃ​ឆ្នាំ​២០១១ ។ ដោយ​ឡែក​ក្នុង​អំឡុង​​ខែ​មិថុនា ២០១២ ​នេះ​ភ្ញៀវ​ទេស​ចរ​អន្តរ​​ជាតិ​​មក​ទស្សនា​កម្ពុជា​មាន​ចំនួន​២៥០.៩១៨​​នាក់​កើន​ឡើង​​២៩,៨% ​​បើ​ធៀប​​នឹង​ខែ​មិថុនា ឆ្នាំ​២០១១ ។
​តាម​របាយ​ការណ៍​ក្នុង​ចំណោម​​ភ្ញៀវ​ទេស​ចរ​អន្តរ​ជាតិ​មក​ទស្សនា​រយៈ​ពេល​៦​ខែ​ដើម​​ឆ្នាំ​២០១២ ​នេះ​គឺ​បាន​បែង​ចែក​ភ្ញៀវ​ទេស​ចរ​ចូល​តាម​ផ្លូវ​អាកាស​មាន​ចំនួន​​៨៥០.៨៧៩​នាក់​ស្មើ​នឹង​៤៨,៤% ក្នុង​នោះ​​តាម​ច្រក​ភ្នំពេញ ៣៤៣.២៨៦​នាក់​ស្មើ​នឹង​១៩,៥% ​និង​តាម​ច្រក​​សៀម​រាប ​៥០៧.៥៩៣​នាក់​ស្មើ​នឹង​២៨,៩% ។
​មន្ត្រី​ក្រសួង​​ទេស​ចរណ៍​​បាន​បញ្ជាក់​ថា ភ្ញៀវ​ទេស​ចរ​អន្តរ​ជាតិ​​ភាគ​​ច្រើន​​ដែល​ចូល​មក​ទស្សនា​​កម្ពុជា​ក្នុង​រយៈ​ពេល​៦​ខែ​នេះ​រួម​មាន​ភ្ញៀវ​​មក​ពី​ប្រទេស​វៀត​ណាម​ កូរ៉េ ចិន ​ឡាវ ថៃ ​អាមេរិក ជប៉ុន បារាំង អូស្ត្រាលី ​និង​អង់​គ្លេស។ ​ប៉ុន្តែ​តាម​​តួ​លេខ​គឺ​ភ្ញៀវ​​មក​ពី​ប្រទេស​វៀត​ណាម ​ស្ថិត​នៅ​ក្នុង​លំដាប់​ថ្នាក់​​លេខ​១ បន្ទាប់មក​គឺ​ភ្ញៀវ​​មក​ពី​ប្រទេស​កូរ៉េ​ ។ យ៉ាង​​ណា​ក៏​ដោយ​​មន្ត្រី​​រូប​នោះ​បាន​អះអាង​ថា ភ្ញៀវ​ទេស​ចរដែល​​មក​ពី​​តាម​​បណ្តា​ប្រទេស​ទាំង​១០​ខាងលើ​នេះ​ គឺ​សុទ្ធតែ​​មាន​ចំនួន​កើន​ឡើង​​ជា​បន្ត​បន្ទាប់​​បើ​ប្រៀប​ធៀប​រយៈ​ពេល​​ដូច​គ្នា​​នៃ​ឆ្នាំ​២០១១ ។
​ទន្ទឹម​នឹង​​នោះ​ភ្ញៀវ​ទេស​ចរកម្ពុជា​ដែល​បាន​​ចេញ​ទៅ​ក្រៅ​ប្រទេស​​​សម្រាប់​​ដើម​ឆ្នាំ​២០១២ ​​នេះ​មាន​ចំនួន​៣៨៨.៩៤៧​នាក់​កើន​​ឡើង​៣២,៧% ធៀប​នឹង​​រយៈ​ពេល​​ដូចគ្នា​​នៃ​ឆ្នាំ​​២០១១ ​ផង​ដែរ ។
ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕