Tuesday, August 7, 2012

សម្តេច​​តេជោ​ហ៊ុន សែន ​​នឹង​ឡើង​​ទៅ​ឆ្លើយ​​ឆ្លង​​លើ​ការងារ​​បោះបង្គោល​ព្រំ​ដែន​នៅ​រដ្ឋ​សភាថ្ងៃ​ទី៩ សីហា

រាជ​​ធានី​ភ្នំពេញ​ ៖ ​ យោង​តាម​សេចក្តី​ជូន​​ដំណឹង​​​របស់​អគ្គ​លេ​ខា​ធិ​ការ​ដ្ឋាន​រដ្ឋ​សភា​ចុះ​ថ្ងៃទី៣ សីហា ២០១២ បានឲ្យដឹងថា សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលទៅឆ្លើយ​បំភ្លឺដោយផ្ទាល់មាត់ជូនរដ្ឋសភាលើការងារ​បោះ​បង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាមនៅ​ថ្ងៃព្រហស្បតិ៍ទី៩ សីហា ខាងមុខនេះ ។
សេចក្តីជូនដំណឹងដដែលក៏បានបញ្ជាក់ឲ្យដឹងដែរថា សម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាល​ទី៤ដែលធ្វើឡើងក្រោមអធិបតីភាព​សម្តេច​​ប្រធានរដ្ឋសភា ហេង សំរិន នៅថ្ងៃទី៩ សីហា​នេះដែរ រដ្ឋសភាក៏នឹងពិភាក្សា​និងអនុម័ត​លើ​របៀបវារៈដូចតទៅ ៖ 
១-ការបោះឆ្នោតជ្រើសតាំងលោកពេជ្រ គឹមស្រ៊ាង ជាសមាជិកគណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី។
២-ការពិភាក្សា និងអនុម័តសេចក្តីព្រាង​ច្បាប់ ស្តីពីការអនុម័តយល់ព្រម​លើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជា​ណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃរដ្ឋកាតា ស្តីពីការគ្រប់​គ្រង​ការប្រើប្រាស់ហត្ថពលកម្មនៅរដ្ឋកាតា ។
៣-ការពិភាក្សា និងអនុម័ត សេចក្តីព្រាង​ច្បាប់ស្តីពីការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងអនុសញ្ញារ៉ូថឺដាម ស្តីពី​នីតិវិធីនៃការយល់ព្រមផ្តល់ព័ត៌មានជាមុន ចំពោះ​សារធាតុគីមី និងថ្នាំកសិកម្មគ្រោះថ្នាក់ ក្នុងពាណិជ្ជកម្មអន្តរជាតិ ។
ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕