Tuesday, August 7, 2012

ការដាក់ទារក ឆ្ងាយពីទ្រូងម្តាយ ក្រោយពេល សម្រាលភ្លាមៗ ជាមូលហេតុ១ ក្នុងចំណោម មូលហេតុជាច្រើន បណ្តាលឲ្យទារកស្លាប់

ភ្នំពេញៈ ក្រុមមន្រ្តីសុខាភិបាល បានថ្លែងអះអាងថា កង្វះកម្តៅពីទ្រូងម្តាយ ការដាក់ទារក ដែលទើបនឹងកើតនៅឆ្ងាយពីបន្ទប់សម្រាល ជាមូលហេតុចម្បងមួយ ក្នុងចំណោមមូលហេតុនានា ដែលបណ្តាលឲ្យអត្រាទារកស្លាប់ច្រើន នៅក្នុងប្រទេសកម្ពុជា។
លោកស្រី ទង់ រដ្ឋាវី ប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីចូលរួមកិច្ចប្រជុំគណៈកម្មការ វាយតម្លៃរួមគ្នាលើកទី២ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិ គាំពារមាតានិងទារក នាថ្ងៃអង្គារទី៧ ខែសីហា ឆ្នាំ២០១២ថា ការមិនយកចិត្តទុក ដាក់ថែទាំចំពោះទារកទើបនឹងកើត ដោយសារតែការអរពេក ពេលឃើញកូនកើតមកភ្លាម ហើយក៏រុំទារកនោះទុកមួយកន្លែង ដោយការភ្លេច និងការធ្វេសប្រហែស អាចធ្វើឲ្យទារកស្លាប់ ដោយសារខ្វះកម្តៅ។
លោកស្រីបានមានប្រសាសន៍ថា «ទារកខ្វះកម្តៅ។ ទារកកើតភ្លាមត្រូវការកម្តៅ កម្តៅដែលល្អជាងគេ គឺកម្តៅទ្រូងរបស់ម្តាយប៉ុណ្ណា ទារកត្រូវការប៉ុណ្ណឹង អីចឹងកាលណាយកគាត់បែកចេញពីម្តាយ ពេលហ្នឹងគាត់មានបញ្ហាខ្វះកម្តៅ ហើយកាលណាធ្វើ ឲ្យកម្តៅចុះហ្នឹងហើយជា មូលហេតុមួយក្នុងចំណោម មូលហេតុជាជ្រើនធ្វើឲ្យទារកស្លាប់»។
ពាក់ព័ន្ធសមត្ថភាពឆ្មប ត្រូវបានលោកស្រីអះអាងថា ប្រទេសកម្ពុជាកំពុងធ្វើការ បណ្តុះបណ្តាលឆ្មបឲ្យមានសមត្ថភាព បន្តជារៀងរហូតដោយគ្មានបង្អង់ដៃ ដើម្បីបំពេញតម្រូវការ ក្នុងន័យថា ធ្វើយ៉ាងណាការសម្រាលទាំងអស់ ក្នុងមូលដ្ឋានសុខាភិបាល សុទ្ធតែជាការសម្រាលដោយសុវត្ថិភាព ។
ជាក់ស្តែងគម្រោងលើកកម្ពស់ សេវាថែទាំមាតានិងទារក តាមការអភិវឌ្ឍន៍សមត្ថភាពឆ្មប ក្នុងខេត្តចំនួន៤ រួមមាន៖ កំពង់ចាម កំពង់ធំ ព្រៃវែង និងស្វាយរៀងស្ថិតក្រោមគម្រោង របស់ អង្គការ JICA ចាប់ពីឆ្នាំ២០១០-២០១៥កំពុងអនុវត្ត។
ករណីអត្រាទារកសា្លប់ច្រើននេះ ត្រូវបានលោក អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល លើកឡើងថា ការស្លាប់របស់ទារកភាគច្រើន នៅពេលដែលទើបនឹង កើតតែម្តង ដូច្នេះត្រូវដាក់ទារកនៅក្នុង ឬនៅក្បែរបន្ទប់សម្រាល ទើបជួយសង្រ្គោះជិវីតទារកបានល្អ ហើយគ្រូពេទ្យមិនត្រូវ យកទារកដាក់ឆ្ងាយ ពីម្តាយនោះទេ។
យ៉ាងណាក៏ដោយលោកស្រី វេជ្ជបណ្ឌិត ទង់ រដ្ឋាវី បានបញ្ជាក់ថា ចំនួនមរណៈមាតា មានការថយចុះតាមរយៈការវាយតម្លៃ៥ឆ្នាំម្តង ខណៈចំនួនមរណៈភាព នៃកុមារនៅមានការព្រួយបារម្ភ។
បើតាមលោកស្រី ទង់ រដ្ឋាវី ប្រធានមជ្ឈមណ្ឌលជាតិ គាំពារមាតានិងទារក បច្ចុប្ប្នន្ននៅទូទាំងប្រទេសកម្ពុជា មានឆ្មបចំនួនប្រហែល៤ពាន់នាក់ និងមានគម្រោងជ្រើសរើសឆ្មបបន្ថែមទៀត ដើម្បីបំពេញនៅតាមមណ្ឌលសុខភាព ទូទាំងប្រទេសក្នុងមួយកន្លែងឲ្យបាន២នាក់។ ការកាត់បន្ថយមរណភាពមាតា និងទារក ស្ថិតនៅកម្មវិធីគោលដៅអភិវឌ្ឍន៍ សហវត្សរ៍ទាំង៨ របស់អង្គការសហប្រជាជាតិ ដែលប្រទេសកម្ពុជា ក៏បានខិតខំប្រឹងប្រែង ដើម្បីសម្រេច ខាងតែបាននៅត្រឹមឆ្នាំ២០១៥៕
DAP-News
លោក អេង ហួត (រូបកណ្តាល) នៅសាលប្រជុំមជ្ឈមណ្ឌលជាតិ គាំពារមាតានិងទារក
DAP-News