Tuesday, August 7, 2012

ពលករ-ពលការិនីខ្មែរ ២៦នាក់ ដែលប៉ូលិស ម៉ាឡេស៊ីឃុំខ្លួន ត្រូវបានជួយសង្រ្គោះ

ភ្នំពេញ៖ ពលករ ពលការិនីខ្មែរ ២៦នាក់ ក្នុងនោះ ស្រ្តីបម្រើការតាមផ្ទះ អ្នកនេសាទ និង កម្មករសំណង់ ដែលត្រូវ បានឃុំខ្លួននៅប្រទេសម៉ាឡេស៊ីអស់ជាច្រើនខែ នៅក្នុងមន្ទីរឃុំឃាំង ត្រូវបានជួយសង្រ្គោះមកដល់ស្រុកកំណើត វិញហើយនៅថ្ងៃទី៧ សីហា ឆ្នាំ២០១២។
ការធ្វើមាតុភូមិនិវត្តនេះធ្វើឡើងក្នុងកិច្ចសហការជាមួយក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី និងក្រសួងមហាផ្ទៃ។
ពលករ ពលការិនី ២៦នាក់ បានរៀបចំសន្និសីទកាសែត នៅអង្គការខារ៉ាមកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែសីហា ដែល ពួកគេម្នាក់សុទ្ឋតែបានជាប់ឃុំនៅប្រទេសម៉ាឡេស៊ី អស់ជាច្រើនខែនៅមន្ទីរឃុំឃាំងក្រោយពីពួកគេបាននាំគ្នារត់គេចចេញពីផ្ទះថៅកែ ដោយសារតែមិនអាចទ្រាំទៅនឹងការធ្វើបាប និងធ្វើការមិនមានប្រាក់ខែជាដើម។
លោក យ៉ា ណាវុធ ប្រធានអង្គការខារ៉ាមបានមានប្រសាសន៍ថា ពួកគេត្រូវបានជួយសង្រ្គោះ ពីស្ថានឯកអគ្គរាជ ទូតកម្ពុជា ប្រចាំនៅប្រទេសម៉ាឡេស៊ី និងក្រសួងមហាផ្ទៃ ដោយមានការគាំទ្រពីហិរញ្ញវត្ថុពីទីភ្នាក់ងារ ជំនួយសហ រដ្ឋអាមេរិកអភិវឌ្ឈន៍អន្តរជាតិ USAID តាមរយៈអង្គការវីនរ៉ក់អន្តរជាតិ។
ស្ថិតនៅក្នុងអាយុ៤៨ឆ្នាំ មកពីស្រុកកំពង់ធំ អ្នកស្រី អែម ណែង និយាយរៀបរាប់ថា ខ្លួនអ្នកស្រីចាស់ទៅហើយ ដោយចាញ់បោកមេខ្យល់ និងដោយសារជីវភាពគ្រួសារមានការខ្វះខាត ទើបអ្នកស្រីសម្រេចចិត្តទៅធ្វើការនៅ ប្រទេសម៉ាឡេស៊ី។ អ្នកស្រីរៀបរាប់ថា អ្នកស្រីត្រូវធ្វើការរហូតដោយគ្មានប្រាក់ខែ។
« ខ្ញុំទ្រាំលែងបាន ក៏សម្រេចចិត្តរត់ចេញត្រូវប៉ូលិសឃុំខ្លួន១៨ខែ ទើបត្រូវបានគេជួយសង្រ្គោះ គេដៀលជេរខ្ញុំ ណាស់ ទោះបីខ្ញុំជាមនុស្សចាស់ក៏ដោយ»។
ជាមួយគ្នានេះដែរ ពលករនេសាទម្នាក់ទៀត បានរៀបរាប់ផងដែរថា រូបគេធ្វើការជាអ្នកនេសាទ នៅប្រទេសម៉ា ឡេស៊ីអស់រយៈពេល២ឆ្នាំ តាមរយៈរកការងារធ្វើនៅប្រទេសថៃ។
«នៅលើទូកគេបង្ខំខ្ញុំធ្វើការ ហើយឲ្យប្រើគ្រឿងញៀន តែខ្ញុំអត់ព្រម ទើបរត់គេច ពិបាកណាស់ បានមកដល់ផ្ទះ ដូចជាជាមានជីវិតមួយទៀតអីចឹង»។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទីមួយនោះទេ ដែលមានពលករពលការិនីខ្មែររងគ្រោះនៅប្រទេសម៉ាឡេស៊ី ជាហេតុធ្វើឲ្យប្រមុខរាជរដ្ឋាភិបាលផ្អាក បណ្តោះអាសន្ននូវការបញ្ជូនពលករទៅធ្វើការនៅប្រទេសម៉ាឡេស៊ី៕
DAP-News
DAP-News
DAP-News