Tuesday, August 7, 2012

កម្ពុជា​ទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ ​បាន​ជាង ​១​ លាន ​៧ ​សែន​នាក់ ​ ក្នុង​រយ:ពេល ​០៦​ ខែ​ នៃ​ឆ្នាំ២០១២​ នេះ​

កម្ពុជា​ទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ ​បាន​ជាង ​១​ លាន ​៧ ​សែន​នាក់ ​
ក្នុង​រយ:ពេល ​០៦​ ខែ​ នៃ​ឆ្នាំ២០១២​ នេះ​
មន្រ្តី​ក្រសួង​ទេសចរណ៍​កម្ពុជា ​បាន​អះ​អាង​ថា​ ចំនួន​ភ្ញៀវ​ទេសចរ​​ អន្តរជាតិ​ដែល​ចូល​មក​ទស្សនា​ក្នុង​ប្រទេស​កម្ពុជា ​ក្នុង​រយ:ពេល ​៦ ​ខែ ​នៃឆ្នាំ ​២០១២ ​នេះ ​បាន​ឈាន​រហូត​ដល់​ជាង ​១​ លាន​ ៧ ​សែន​នាក់ ​គឺ​កើន​ឡើង​ជាង​ ២៦ ​ភាគរយ ​បើ​ប្រៀប​ធៀប​នឹង​រយ​:ពេល​ដូច​គ្នា​នៃ​ឆ្នាំ​ ២០១១ ​កន្លង​ទៅ​ ។  លោក ​គង់ ​សុភារ័ក្ស ​ប្រធាននាយក​ដ្ឋាន​ស្ថិតិ ​និង ​ព័ត៌មាននៃក្រសួង ​ទេសចរណ៍​ បាន ​ ឲ្យដឹង​ថា ​ក្នុងរយ:ពេល ​៦ ​ខែ​ដើម​ឆ្នាំ ​២០១២ ​នេះ​ ភ្ញៀវ​ទេសចរអន្តរជាតិ​ដែល​ចូល​មក​ទស្សនា​ក្នុង​ប្រទេស​កម្ពុជា ​មាន​ចំនួន ​១ ​លាន ​៧ ​សែន ​៦ ​ម៉ឺន​នាក់​ ដែល​មាន​កំណើន​កើន​ឡើង​ចំនួន​ ២៦,៨ ​ភាគរយ ​បើ ​ប្រៀបធៀបនឹងរយ:ពេលដូច​គ្នា​នៃ​ឆ្នាំ ​២០១១ ​។
  
លោក​ គង់ ​សុភារ័ក្ស ​មាន​ប្រសាសន៍​ថា ​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ ​អន្តរជាតិ​ទាំង​នោះ​ ភ្ញៀវ​ទេសចរ​ជា​ជនជាតិ​វៀត​ណាម​មាន​ចំនួន​ច្រើន​ជាង​គេ​បំផុត ​បន្ទាប់​មក​ទៀត​ គឺ​ភ្ញៀវទេសចរ​ជាជន​ជាតិ​កូរ៉េ​ជាប់​លំដាប់​លេខ ​២ ​ហើយ​ភ្ញៀវ ​ទេសចរ​ជាជន​ជាតិ​បាន​ជាប់​លំដាប់​លេខ ​៣ ​។
លោក ​គង់​ សុភារ័ក្ស ​បាន​បន្ត​ថា ​ចំណែក​តំបន់​ទេសចរណ៍​ដែល​ទទួល​បាន​ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ច្រើន​ជា​ងគេ​បំផុត ​គឺ​ខេត្ត​សៀមរាប ​បន្ទាប់​មក ​គឺ​រាជ​ធានី ​ភ្នំពេញ ​និង​ ខេត្ត​ព្រះសីហនុ​ ។
 
ទាក់​ទិន​នឹង​មូល​ហេតុ​ដែល​នាំ​ឲ្យ​កម្ពុជា​ទទួ​ល​បាន​នូវ​កំណើន​នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ក្នុង​រយ:ពេល ​៦ ​ខែ​ដើម​ឆ្នាំ ​២០១២​ ​នេះ​វិញ ​លោក ​គង់ ​សុភារ័ក្ស ​បាន​លើក​ឡើង​នូវ​កត្កា​មួយ​ចំនួន ​ដូច​ជា​កត្តា​នយោបាយ ​និង​ កត្តា​បែប​បទ​នៃ​ការ ​ធ្វើ​ដំណើរ​ចេញ​ចូល​កម្ពុជា​ជា​ដើម​ ។
 
វិស័យ​ទេសចរណ៍​ ជា​វិស័​យ​មួយ​ដ៏​មាន​សក្តានុពល​សម្រាប់​ជួយ​ទ្រទ្រង់​វិស័យ​ សេដ្ឋកិច្ច​ជាតិ​កម្ពុជា ​ជាក់​ស្តែង​កាល​ពី​ឆ្នាំ ​២០១១ ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ អន្តរ​ជាតិ​ចំនួន​ជាង​ ០២ ​លាន​ ០៨​ សែន ​នាក់ ​និង​ ទទួល​បាន​ចំណូល​ពីវិស័យ​នេះ ​ជិត ​២​ ពាន់​លាន​ដុល្លារ​អាមេរិក​ ។
 
កាល​ពី​ខែមុន​ សម្តេច​តេ​ជោ ​ហ៊ុន​ សែន ​នាយករដ្ឋ​មន្រ្តី​ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ បាន​បង្ហាញ​នូវ​ការ​រំពឹង​ថា ​នៅ​ឆ្នាំ ​២០២០ ​ខាង​មុខ ​ការ ​មក​ដល់​នៃ​ភ្ញៀវទេសចរ​អន្តរជាតិ​ អាច​កើន​ឡើង​ដល់ ​៧​ លាន​នាក់​ និង​ នាំ​មក​នូវ ​ចំណូល​សរុបប្រមាណ ​៥ ​ពាន់​លាន​ដុល្លារ​ ហើយ​បង្កើន​នូវ​ឱកាស​ការ​ងារ​បាន​ ប្រមាណ ​៨០ ​ម៉ឺន​នាក់​ ៕