Tuesday, August 7, 2012

ជម្លោះផ្ទៃក្នុង​គណបក្ស​ន​រោ​ត្ត​ម រណឫទ្ធិ ឈានដល់​បណ្តឹង​ព្រហ្មទណ្ឌ ៖ លោក​សៅ រ៉ានី ចូល​បំភ្លឺ​

ភ្នំពេញ: លោក​សៅ រ៉ានី អគ្គលេខាធិការ​គណបក្ស​នរោត្តម រណឫទ្ធិ ដែល​បាន​ចេញមុខ​ជួប​ច​ចារ​ដើម្បី​បង្រួបបង្រួម​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នោះ បាន​ចូលមក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១២ ដើម្បី​បំភ្លឺ​លើ​ពាក្យបណ្តឹង​ប្តឹង​លោក ន​រ៉ា​ណា​ឫទ្ធិ អាន​ន្ន​ដា​យ៉ា​ត នាយ​ខុ​ទ្ធ​កាល័យ​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ពីបទ ក្លែង​លិខិត​សាធារណៈ ប្រើប្រាស់​លិខិត​សាធារណៈ​ក្លែង និង រំលោភ​លើ​សេចក្តីទុកចិត្ត​។ 

​នីតិវិធី​បន្ទាប់​តុលាការ​នឹង​ចេញ​ដីកា​កោះហៅ​ភាគី​ចុង​ចម្លើយ និង មនុស្ស​មួយចំនួនទៀត​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដូចជា សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ និង​លោក​ប៉ែន សង្ហា អ្នកនាំពាក្យ​គណបក្ស​នរោត្តម រណឫទ្ធិ ឱ្យ​ចូលមក​ឆ្លើយ​ជុំវិញ​ការចោទប្រកាន់ ក្នុង​ពាក្យបណ្តឹង​ខាងលើនេះ​។​

​ក្រោយពី​បាន​ចូល​បំភ្លឺ​នៅ​ចំពោះមុខ​លោក​សុខ រឿន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​រួចហើយ លោក​សៅ រ៉ានី បានបញ្ជាក់​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា កាលពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១២ កន្លងទៅ លោក​បានដាក់​បណ្តឹង​ទៅ​សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ ដែលមាន​កម្ម​វុ​ត្ថុ​ប្តឹង​លោក ន​រ៉ា​ណា​ឫទ្ធិ អាន​ន្ន​ដា​យ៉ា​ត ពីបទ ក្លែង​លិខិត​សាធារណៈ ប្រើប្រាស់​លិខិត​សាធារណៈ​ក្លែង និង រំលោភ​លើ​ទំនុកចិត្ត​។​

​មូល​ហេតុដែល​នាំឱ្យមាន​ការ​ប្តឹងផ្តល់​នេះ​បាន​ត្រូវ​លោក​សៅ រ៉ានី អះអាងថា កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១២ លោក​ក្នុងនាម​អគ្គលេខាធិការ​គណបក្ស​នរោត្តម រណឫទ្ធិ បាន​ចុះហត្ថលេខា​លើ​កំណត់​ប្រជុំ​ស្តីពី​ការរួបរួម​គ្នា​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​និង គណបក្ស នរោត្តមរណឫទ្ធិ ជាមួយ​លោក​ញ៉ឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។​
​រយៈពេល​បី​ថ្ងៃ​ក្រោយមក ពោលគឺ​នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១២ សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ដែល​កំពុង​គង់នៅ​ក្រៅប្រទេស​បាន​ឡាយព្រះហស្ថលេខា​លើ​សេចក្តីសម្រេច​ស្តីពី​ការបញ្ចប់​តួនាទី​អគ្គលេខាធិការ អគ្គលេខាធិការរង និង សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​គណបក្ស​នរោត្តម រណឫទ្ធិ ចំនួន​៦​រូប​រួមមាន លោក​សៅ រ៉ានី លោក​ផែង ហេង លោក​ឃឹម សិលា លោក​ថាវ គឹម​ឡុង លោក​ឡុង លីម និង លោក យស់ សូលី​។ បន្ទាប់មកទៀត​នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១២ សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ បាន​ឡាយព្រះហស្ថលេខា​តែងតាំង​លោក​ឈឹម សៀកឡេង ជា​អគ្គលេខាធិការ​គណបក្ស​នរោត្តម រណឫទ្ធិ​។​

​ចំពោះ​ការសម្រេច​ទាំងពីរ​ខាងលើនេះ​ត្រូវបាន​លោក​សៅ រ៉ានី ចាត់ទុកថា មាន​ភាពមិនប្រក្រតី​ក្លែងបន្លំ​ដោយ​លោ​កន​រ៉ា​ណា​ឫទ្ធិ អាន​ន្ន​ដា​យ៉ា​ត ព្រោះ​សម្តេចក្រុមព្រះ​គង់នៅ ប្រទេស​បារាំង​តែ​បែរជា​ឡាយព្រះហស្ថលេខា​បញ្ចប់​តួនាទី​មន្ត្រី​ចំនួន​៦​រូប ដែលមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​ទៅវិញ​។​

​លោក​សៅ រ៉ានី បានបញ្ជាក់​ទៀតថា ក្រោយពី​សមត្ថកិច្ច​នគ​របាល​ធ្វើការ​ស្រាវជ្រាវ​រួចហើយ​ក៏បាន​កសាង​សំណុំរឿង​បញ្ជូន​ពាក្យបណ្តឹង​នេះ មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​។​

​តាម​លិខិត​ចុះ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១២ សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ក្នុងនាម​ព្រះប្រធាន​គណបក្ស​នរោត្តម រណឫទ្ធិ បានចេញ​លិខិត​មួយ​ជម្រាបជូន​តុលាការ​គ្រប់​ជាន់ថ្នាក់​ថា សេចក្តីសម្រេច​ស្តីពី​ការបញ្ចប់​តួនាទី​អគ្គលេខាធិការ អគ្គលេខាធិការរង និង សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​គណបក្ស​នរោត្តម រណឫទ្ធិ និង លិខិត​បន្តបន្ទាប់​ទៀត​គឺ​ពិតជា​ព្រះ​ហ​ស្ថ​លេខា​របស់​ព្រះអង្គ​ដែលមាន​សុពលភាព​ត្រឹមត្រូវ មិនមែន​ក្លែងបន្លំ​ឡើយ​។ 

​ទោះជា​លោក​សៅ រ៉ានី បាន​ចោទប្រកាន់​លោ​កន​រ៉ា​ណា​ឫទ្ធិ អាន​ន្ន​ដា​យ៉ា​ត និង សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ បានធ្វើ​លិខិត​បញ្ជា​ក់រួ​ច​ហើយ​ក្តី ក៏​ការសម្រេច​យ៉ាងណា​នោះ​ស្ថិត​លើ​សមត្ថកិច្ច​តុលាការ​ដែល​កំពុង​ចាត់ការ​ជា​បន្តបន្ទាប់​តាម​នីតិវិធី​៕