Tuesday, August 21, 2012

វគ្គបណ្ដុះបណ្ដាលស្ដីពីការធ្វើបច្ចុប្បន្នកម្មកំណត់អត្តសញ្ញាណកម្មគ្រួសារ ក្រីក្រទូទាំងខេត្តកំពង់ចាម

ក្រោមការរៀបចំពីក្រសសួងផែនការ សហការជាមួយមន្ទីរផែនការខេត្តកំពង់ចាម នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១២ នៅសាលប្រជុំ មន្ទីរផែនការខេត្តកំពង់ចាម បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីការធ្វើបច្ចុប្បន្នកម្ម កំណត់ អត្តសញ្ញាណកម្ម គ្រួសារក្រីក្រ ទូទាំងខេត្តកំពង់ចាម ។ លោក ជៀម រ៉ាន់ ប្រធានមន្ទីរផែនការ ខេត្តកំពង់ចាម បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះ មានរយៈ ពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១២ ក្នុងគោលបំណងដើម្បីអនុវត្តការធ្វើ បច្ចុប្បន្នកម្មកំណត់អត្តសញ្ញាណកម្ម គ្រួសារក្រីក្រទូទាំងខេត្តកំពង់ចាម ឆ្នាំ២០១២-២០១២ ដើម្បីរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរថ្នាក់ក្រោមជាតិ និងគ្រប់ភូមិក្ដាប់ បានពីចំនួន គ្រួសារក្រីក្រពិតប្រាកដ និងដើម្បីរៀបចំគោល នយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការកាត់ បន្ថយគ្រួសារ ក្រីក្រ ឲ្យបានមួយរយភាគរយ ក្នុងមួយឆ្នាំ ។
   លោកស្រី ជូ ពុទ្ធានី បានគូសបញ្ជាក់ថា គម្រោងអត្តសញ្ញាណកម្មគ្រួសារក្រីក្រ បានចាប់ផ្ដើម អនុវត្ត នៅក្នុងឆ្នាំ២០០៦ដល់ឆ្នាំ២០០៨ ដោយប្រើប្រាស់ថវិកាពីដៃគូទាំងស្រុង របស់អាល្លឺមង់(GIZ)រហូតដល់ឆ្នាំ២០០៩ គឺបានគាំទ្រដោយ រដ្ឋាភិបាលអូស្ត្រាលីតាមរយៈ(AUSAID) ។ លុះមកដល់ឆ្នាំ២០១០-២០១១ ដោយមានការ ចូលរួមថវិកាពីរាជរដ្ឋាភិបាលកម្ពុជា សហការជាមួយសហគមន៍អឺរ៉ុប AUSAID និងUNICEF គម្រោងនេះ ក៏បាន ប្រែក្លាយទៅជា កម្មវិធីជាតិវិញនៅក្នុង យុទ្ធសាស្ត្រគាំពារសង្គមសម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះរបស់គណៈ រដ្ឋមន្ត្រី ដែលបានចែងថា «ទិន្នន័យគ្រួសារក្រីក្រ នៅក្នុងការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ គឺជាប្រភព ទិន្នន័យចម្បងក្នុងការប្រើប្រាស់ ទៅលើប្រព័ន្ធសុវត្ថិភាពសង្គម ជួយដល់ជនក្រីក្រ និងជនងាយរងគ្រោះ» ។
 លោកជំទាវ ខុង ស៊ុនអេង បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលអំពីគម្រោង អត្តសញ្ញាណកម្មគ្រួសារ ក្រីក្រនៅពេលនេះ គឺជាការកំណត់ជាក់លាក់ ពិតប្រាកដនូវគ្រួសារក្រីក្រ ដែលរាជរដ្ឋាភិបាល ត្រូវក្ដាប់បានដើម្បីរៀប ចំគោលនយោបាយកាត់បន្ថយភាពក្រីក្រ និងរៀបគម្រោងកម្មវិធីជាតិ។ ជាមួយគ្នានោះដែរ ថ្នាក់ក្រោមជាតិ មានដូចជា ៖ គណៈអភិបាលខេត្ត គណៈអភិបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ក៏អាចក្ដាប់បានពីចំនួន គ្រួសារពិតប្រាកដ ដែលបានកំណត់ត្រាចុះបញ្ជី និងផ្ដល់ប័ណ្ណសមធម៌ឲ្យបាន ត្រឹមត្រូវពិត ប្រាកដជូនទៅដល់ គ្រួសារក្រីក្រទាំងនោះ ។
លោកជំទាវបានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវសូចនករ ឬសន្ទស្សន៍ក្នុងមួយឆ្នាំ កាត់បន្ថយឲ្យបានមួយរយភាគរយនៃគ្រួសារក្រីក្រ ។ ឆ្នាំ២០១២ គ្រួសារក្រីក្រនៅទូទាំងប្រទេសមាន ២៤% ។ ដូច្នេះ លទ្ធផលដែលយើងអនុវត្តបាន គឺសម្រាប់វាស់វែង និងឈានទៅរករៀបចំគម្រោង ដើម្បីកាត់បន្ថយឲ្យ បានតាមកាលកំណត់មួយរយភាគរយនៅតាមបណ្ដាក្រុង ស្រុក នីមួយៗ ។
លោកជំទាវ បានមានប្រសាសន៍ផ្ដាំផ្ញើ ទៅដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ ត្រង់ត្រាប់ គ្រូបង្គោលដែលឧទ្ទេសនាមឯកសារទាំងស្រុង ជាពិសេសត្រូវបន្តយកទៅបណ្ដុះបណ្ដាលដល់ក្រុម ប្រឹក្សាឃុំ សង្កាត់ និងត្រូវតាមដានពិនិត្យឲ្យបានល្អិតល្អន់តាមជំហាននីមួយៗ ធ្វើយ៉ាងណាដើរទៅតាមនីតិវិធី ក្នុងអំឡុងពេលអនុវត្តជាក់ស្ដែង ៕