Tuesday, August 21, 2012

ប្រជាជន​ភូមិ​ស្រះ​ទឹក នឹង​ទទួលបាន​អគារសិក្សា ១​ខ្នង ស្រះ​ទឹក​១ និង​ផ្លូវ ១០​គីឡូម៉ែត្រ

ខេត្តឧត្តរមានជ័យ: ដោយ​ទទួល​នូវ​បទបញ្ជា​បន្ទាន់​ពី​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន រួចមក កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១២ លោក គន់ គីម សមាជិក​អចិន្ដ្រៃយ៍ គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន ក្រុមការងារ ថ្នាក់កណ្ដាល ចុះជួយ​ខេត្ដ​ឧត្ដរមានជ័យ រួម​ដំណើរ​ជាមួយ​លោក ខេង សុមេធ អនុប្រធាន ក្រុមការងារ​ថ្នាក់​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ ខេត្ដ​ឧត្ដរមានជ័យ បាន​ចូលរួម​បើក​ការដ្ឋាន​បន្ទាន់​មួយ កសាង​នូវ​អគារសិក្សា ១​ខ្នង ស្មើ ៦​បន្ទប់ ស្រះ​ទឹក​១ កន្លែង និង​ផ្លូវ​ក្រាល​ក្រួស​ក្រហម ១​ខ្សែ ប្រវែង​១០ គីឡូម៉ែត្រ​។​

​សមិទ្ធផល​ថ្មី​ខាងលើ គឺជា​អំណោយ​ផ្ដល់​ជូន​ពី​សម្ដេច​តេជោ ហ៊ុន សែន និង​លោកជំទាវ​កិត្ដិ​ព្រឹទ្ធ​បណ្ឌិ​តប៊ុន រ៉ានី​ហ៊ុន​-​សែន ជូន​ដល់​ភូមិ​ស្រះ​ទឹក សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ដ​ឧត្ដរមានជ័យ​។​

​លោក គន់ គីម ដែល​ជា​ប្រធាន​ក្រុម​ទីប្រឹក្សា​ផ្ទាល់​សម្ដេច​តេជោ ហ៊ុន សែន ផង​នោះ បាន​ថ្លែងថា សាលារៀន​១​ខ្នង ស្រះ​ទឹក​១​កន្លែង និង​ផ្លូវ​ក្រាល​ក្រួស​ក្រហម គឺ​ក្រុម​យុវជន​ស័គ្ម្រចិត្ដ​សម្ដេ​ច​តេ​ជោ ហ៊ុន សែន ក្រុមទី​១០៦ ដែល​កំពុង​វាស់វែង​ដីធ្លី​ជូន​ប្រជាជន នៅ​ចំណុច​ភូមិ​ស្រះ​ទឹក សង្កាត់​អូរ​ស្មាច់ បាន​ស្នើសុំ​ទៅ​សម្ដេច និង​លោកជំទាវ​នាពេល​ថ្មីៗ​កន្លងទៅនេះ ហើយ​សម្ដេច​តេជោ និង​លោកជំទាវ បាន​ផ្ដល់​ជូន​ភ្លាមៗ និង​បាន​ប្រគល់​ឱ្យ​កងវិស្វកម្ម​តេជោ ហ៊ុន សែន សៀមរាប ដែល​ជា​កងវិស្វកម្ម​ដឹកនាំ​ផ្ទាល់​ពី​សម្ដេច ឱ្យ​ចុះ​មក​ព​និត្យ​ទីតាំង ហើយ​ក៏​ចាប់ផ្ដើម​បើក​ការដ្ឋាន ចុះ​មក​ស្ថាបនា​ភ្លាមៗ​ជូន​ប្រជាជន នៅ​តំបន់​នោះ​។​

​លោក គន់ គីម បាន​ថ្លែងថា ក្រុមយុវជន​ស័គ្ម្រចិត្ដ​សម្ដេច​តេ​ជោ ហ៊ុន​សែន បាន​ធ្វើ​ការងារ​សង្គម​ផង និង​ការងារ​ដល់​គណបក្ស​ប្រជាជន​ផង ព្រោះ​ពួកគេ បាន​ស្រាវជ្រាវ​អំពី​ចំណុច​ខ្វះខាត នៅតាម​មូលដ្ឋាន ហើយ​បាន​លើកសំណើរ​ជូនទៅ​សម្ដេច និង​លោកជំទាវ ដោយ​ប្រជាជន​នៅ​តំបន់ ថែមទាំង​មិន​ដឹង​ខ្លួន​ទៀតផង​។​

​លោក គន់ គីម បាន​បន្ដថា នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​ក្រុម​យុវជន​ចុះ​វាស់វែង​ដីធ្លី​ជូន​ប្រជាជន បាន​សុំ​សាលារៀន ស្រះ​ទឹក និង​ផ្លូវ​គមនាគមន៍ ដើម្បី​កសាង​ជូន​ប្រជាជន​នៅតាម​តំបន់ ដែល​ប្រជាជន​ខ្វះខាត​។ កន្លងមក​សម្ដេច និង​លោក ជំទាវ​ធ្លាប់បាន​ជួយ​អគារសិក្សា ចំនួន​៤​ខ្នង មាន​ផ្លូវ​រាប់សិប​គីឡូម៉ែត្រ និង​ស្រះ​ទឹក​រួចមកហើយ​ដែរ សំរាប់​ខេត្ដ​ឧត្ដរមានជ័យ​។ អគារ​ទាំងនោះ ក៏​បាន​កសាង​បាន​ជាច្រើន​ភាគរយ​ហើយ​ដែរ​។​

​ក្នុង​រសៀល​ថ្ងៃ​ដដែល​នោះ​ដែរ លោក គន់ គីម និង​មន្ដ្រី​ក្រុម​ការងារ​ជាច្រើន​រូប​ទៀត បាន​ចុះ​ពិនិត្យមើល​ការជីក​ស្រះ​១​កន្លែង ស្ថិតនៅ​មិន​ឆ្ងាយ​ពី​ទីតាំង​សាលារៀន ដែល​មាន​ទំហំ ៥០​ម៉ែត្រ គុណ​និង ៥០​ម៉ែត្រ ជំរៅ ៣,៥ ម៉ែត្រ​។​

​ចំពោះ​ផ្លូវ​ក្រាល​ក្រួស​ក្រហម ១០​គីឡូម៉ែត្រ លោក​គន់ គីម បាន​ឱ្យ​លោក ខេង សុមេធ បន្ដ​សិក្សា​ទៅតាម​ស្ថានភាព​ជាក់ស្ដែង ព្រោះ​តំបន់​នោះ វា​មាន​ស្ថានភាព​ផ្លូវ​ឡើង​ចុះ ក្រវិច​ក្រវៀន និង​ត្រូវ​កសាង​ស្ពាន​ជាច្រើន​កន្លែង ថែមទៀត​ផង​៕