Tuesday, August 21, 2012

រដ្ឋ​មន្ត្រី​​ក្រសួង​ទេស​ចរណ៍​​ស្នើ​ឱ្យ​មាន​ការ​ហោះហើរ​ត្រង់ពី​ឥណ្ឌា​មកកម្ពុជា

រាជ​ធានី​ភ្នំពេញ ៖ ក្នុងជំនួបជាមួយឯក​អគ្គ​រដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា​ កាលពីថ្ងៃ​ទី២០ សីហា ឆ្នាំ២០១២ លោកថោង ខុន ​រដ្ឋមន្រ្តី​ក្រសួង​ទេស​ចរណ៍ បានស្នើឲ្យមានការហោះហើរត្រង់ពី​ប្រទេសឥណ្ឌា​ចូលមកកម្ពុជា​ ដែលការហោះហើរត្រង់នេះ​វានឹងធ្វើឲ្យចំនួន​ភ្ញៀវ​ទេស​ចរឥណ្ឌា ចូលមកកម្សាន្ត​នៅក្នុងប្រទេស​កម្ពុជាកាន់​តែច្រើន​ឡើង​ថែមទៀត ។
មាន​ប្រសាសន៍​នៅក្នុង​ឱកាសនោះ​ លោក​​រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍បានចាត់​ទុកការ​ហោះហើរត្រង់​ពី​ប្រទេសឥណ្ឌា​ចូលមកកាន់​កម្ពុជា​ គឺជា​ការទាក់ទាញ​ភ្ញៀវទេសចរ​ឥណ្ឌា​ដ៏សំខាន់មួយសំរាប់​កម្ពុជា ព្រោះក្នុងមួយឆ្នាំៗ​ប្រជាជន​ឥណ្ឌារាប់លាន​នាក់ បាន ចេញ ទៅកម្សាន្តនៅក្រៅប្រទេស ។ លោករដ្ឋមន្រ្តី​បាន​ថ្លែង​ថា «ក្នុងចំណោមអ្នកទេសចរឥណ្ឌា​២លាននាក់ ដែលបានធ្វើដំណើរ​មកកម្សាន្តនៅក្នុង​តំបន់​អាស៊ាន កម្ពុជាទទួល​បានភ្ញៀវទេស​ចរ​​ឥណ្ឌាចំនួនតែ១​ម៉ឺន ៥ពាន់​នាក់ប៉ុណ្ណោះ ។
ដូច្នេះការហោះហើរត្រង់ពីឥណ្ឌាមកកាន់កម្ពុជា​វានឹងធ្វើឲ្យ​កំណើនភ្ញៀវទេសចរ​ឥណ្ឌា​មាន​ការ​កើន​ឡើងជាក់ជាពុំខាន»។ ទន្ទឹម នឹងនោះ លោកថោង ខុន ក៏បានស្នើឲ្យមានការចុះMOU​រវាង​ឥណ្ឌា និងកម្ពុជា ដែលការចុះMOU​នោះ អាចធ្វើនៅ​ប្រទេស​កម្ពុជា​ ឬ​ប្រទេស​ឥណ្ឌា​ក៏បាន ។