Tuesday, August 21, 2012

រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី នឹង​ជួប​ជាមួយ​លោកស្រី អគ្គលេខាធិការរង​សហប្រជាជាតិ ពិភាក្សា​ពី​ការផ្ដល់​អំណាច​ផែ្ន​ក​សេដ្ឋកិច្ច​ដល់​ស្ដ្រី​កម្ពុជា​

ភ្នំពេញ: ​រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី លោកស្រី វេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី និង​លោកស្រី​បណ្ឌិត Noeleen Heyser អគ្គលេខាធិការរង​សហប្រជាជាតិ សម្រាប់​អាស៊ី និង​ប៉ាស៊ីហ្វិក (ESCAP) នឹង​ជួបពិភាក្សា​ការងារ​អំពី​ការផ្ដល់​អំណាច​ផ្នែក​សេដ្ឋកិច្ច ជាមួយ​នឹង​សមាជិក​ក្រុមប្រឹក្សាភិបាល នៃ​សមាគម​សហគ្រិន​ស្ដ្រី​កម្ពុជា​។​

​ការជួប​ពិភាក្សា​គ្នា​នេះ នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១២ វេលា​ម៉ោង ១១ និង ១៥​នាទី​ព្រឹក នៅក្នុង​សហគ្រាស​ក្នុងស្រុក​មួយ ដែល​មាន​ស្ដ្រី​ជា​អ្នកគ្រប់គ្រង (​ហាង​សូត្រ សិន​តូ​ហ្សា Sentosa Silk) នៅ​ផ្លូវ​សុធារស កែង​ផ្លូវ ១៧៨ រាជធានី​ភ្នំពេញ​។​

​សេចក្ដីប្រកាស​ព័ត៌មាន​ពី​ក្រសួង​កិច្ចការនារី នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១២ បានឲ្យដឹងថា​៖

-​លោកស្រី អ៊ឹង កន្ថាផាវី គឺជា​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការនារី ចាប់តាំងពី​ខែ​កក្កដា ឆ្នាំ​២០០៤ មក​។ លោកស្រី ទទួលខុសត្រូវ​លើ​ការគ្រប់គ្រង និង​ដឹកនាំ​ក្រសួង​កិច្ចការនារី​។ នៅក្នុង​ឆ្នាំ​២០០៤ លោកស្រី​ត្រូវបាន​តែងតាំង​ជា​ឧត្តមស្នងការ​ស្ដីទី នៃ​ឧត្តម​ក្រុមប្រឹក្សា​កំណែទម្រង់រ​ដ្ឋ​។​

- លោកស្រី បណ្ឌិត Noeleen Heyser (​សិង្ហ​បុរី​) គឺជា​លេខា​ប្រតិបត្តិ​ទី​៩ នៃ​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម សម្រាប់​អាស៊ី និង​ប៉ា​ស៊ី​ហ្វិ​ច (ESCAP)​។ ដោយ​ទទួលបាន​ការតែងតាំង ពី​អគ្គលេខាធិការ​សហប្រតិបត្តិ នៅក្នុ​ខែ​សីហា ឆ្នាំ​២០០៧ លោកស្រី​បាន​ដឹកនាំ​ការងារ​របស់​ស្ថាប័ន​នេះ ក្នុងឋានៈ​ជា​អគ្គលេខាធិការរង​សហប្រជាជាតិ​។ លោកស្រី​បណ្ឌិត Heyser គឺជា​ស្ដ្រី​ទីមួយ ដែល​កាន់​មុន​តំណែង​នេះ ចាប់តាំងពី​ស្ថាប័ន​នេះ ត្រូវបាន​បង្កើត​នៅក្នុង​ឆ្នាំ​១៩៧៤​មក​។​

- លោកស្រី សេង តក្ក​នារី គឺជា​ប្រធាន​សមាគម​សហគ្រិន​ស្ដ្រី​កម្ពុជា (CWEA)​។ CWEA ត្រូវបាន​បង្កើតឡើង នៅក្នុង​ឆ្នាំ​២០១១ ក្រោម​ការណែនាំ​របស់​ក្រសួង​កិច្ចការ​នារី​កម្ពុជា និង​ជា​គំនិត​ផ្ដួចផ្ដើម​មួយ​របស់​ស្ដ្រី ដែល​ជា​សហគ្រិន​មួយក្រុម​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​គាំទ្រ​ដល់​ស្ដ្រីផ្សេងៗ នៅក្នុង​ការចាប់ផ្ដើម និង​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​៕​