ភ្នំពេញ: សហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា របស់លោក ថៅ វាសនា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១២ បានចេញសេចក្ដីថ្លែងការណ៍ សម្ដែងការខកចិត្ត ចំពោះសេចក្ដីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិល ចំនួន ២០ ចំពោះករណីលោក ចាន់ សុវ៉េត មន្ត្រីសិទ្ធិមនុស្ស នៃសមាគមអាដហុក ដោយបានរួមគ្នាហៅចំណាត់ការរបស់តុលាការក្រុងភ្នំពេញ ថាជាការគំរាមកំហែង និងជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុត ប្រឆាំងនឹងកិច្ចការរបស់អង្គការសិទ្ធិមនុស្ស ក្នុងរយៈពេលមួយទសវត្សរ៍។
សេចក្ដីថ្លែងការណ៍បានបង្ហាញថា សហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា យល់ឃើញថា ការចេញសេចក្ដីថ្លែងការណ៍រួម បានទាក់ទាញមតិជាតិ និងអន្តរជាតិ ឲ្យមើលឃើញកាន់តែច្បាសថា ៖
១. ទោះបីជាលោក ចាន់ សុវ៉េត បានទទួលរងការចោទប្រកាន់ ពីចៅក្រមស៊ើបសួរសាលាដំបូងរាជធានី ថាបានជំនួយដល់ចារី ឬផ្ដល់ជំនួយដល់អ្នកប្រព្រឹត្តបទល្មើស តាមមាត្រា៥៤៤ នៃក្រមព្រហ្មទណ្ឌក៏ដោយ ក៏អង្គការទាំងនោះ ព្យាយាមលាបពណ៌ឲ្យទៅជារឿងនយោបាយទៅវិញ។
២. សេចក្ដីថ្លែងការណ៍រួមរបស់អង្គការទាំងនេះ បានគំរាមកំហែង និងដាក់ការគាបសង្កត់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធតុលាការ សំដៅឲ្យមានការដោះលែងមនុស្សក្រៅអំណាចតុលាការ ដែលជាអំណាចឯករាជ្យ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
សេចក្ដីថ្លែងការណ៍បានលើកឡើងថា ចំពោះករណីខាលើនេះ សហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា សូមធ្វើការប្រកាសនូវជំហររបស់ខ្លួនដូចខាងក្រោម ៖
១. ករណីលោក ចាន់ សុវ៉េត មន្ត្រីសិទ្ធិមនុស្ស នៃសមាគមអាដហុក គឺជាករណីដែលបានចោទប្រកាន់តាមអំណាចតុលាការ ដូចនេះគួរទុកឲ្យតុលាការអនុវត្តនីតិវិធីរបស់ខ្លួន។
២. អង្គការសង្គមស៊ីវិលទាំងនេះ គួរស្វះស្វែងរកមេធាវីជាអ្នកខ្លាំងពូកែ មកតទល់ជាមួយអំណាចតុលាការ ដើម្បីដោះបន្ទុក ប្រសើរជាងចេញសេចក្ដីថ្លែងការណ៍រួម សំដៅគំរាមកំហែង និងដាក់ការគាបសង្កត់ទៅលើប្រព័ន្ធតុលាការ ដែលជាការដើរឆ្ងាយពីគន្លងនីតិរដ្ឋ៕