Tuesday, August 21, 2012

លោក​រ៉ុង​ឈុន ដាក់​លិខិត​ទៅ​រដ្ឋមន្ត្រី​ការងារ ស្នើ​ពិនិត្យ​ការសុំ​ចុះ​បញ្ជីកា​សហភាព​សហជីព​កម្ពុជា

ភ្នំពេញ: ​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១២​នេះ បាន​ផ្ញើលិខិត​ជូន​លោក វង សូត រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ស្នើ​ពិនិត្យ​អំពី​ការសុំ​ចុះ​បញ្ជិកា​សហភាព​សហជីព​កម្ពុជា​។​

​លិខិត​លោក រ៉ុង ឈុន ដាក់ជូន​លោក​រដ្ឋមន្ត្រី បាន​លើក​ឡើ​ថា សហភាព​សហជីព​កម្ពុ​ជា បានទទួល​លិខិត​មួយច្បាប់ លេខ​៩២៤ កប ចុះ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១២ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចុះហត្ថលេខា​ដោយ​លោក សាត សាមុទ្រ អនុរដ្ឋលេខាធិការ បាន​បដិសេធ​មិន​ចុះ​បញ្ជិកា ឲ្យ​សហភាព​សហជីព​កម្ពុជា​។​
​    ​
​លោក រ៉ុង ឈុន បាន​បន្តថា ចំពោះ​ឯកសារ​នៃ​ការស្នើសុំ​ចុះ​បញ្ជិកា របស់​សហភាព​សហជីព​កម្ពុជា មិន​ដូច​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លើកឡើង​នោះទេ ដូចជា ៖
​    ​
- សមាសភាព​អ្នកចូលរួម​ក្នុង​អង្គសមាជ ដើម្បី​ធ្វើការ​បោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​សហ​សភាព​សហជីព​កម្ពុ​ជា ជា​សមាជិក​តំណាង​ឲ្យ​កម្មករនិយោជិត ដែល​ក្រសួង​ការងារ​អះអាងថា មិន​ស្ថិតនៅក្រោម​ដែន​អនុវត្ត នៃ​ច្បាប់​ស្តីពី​ការងារ គឺជា​ភ្ញៀវកិត្តិយស​។​
​    ​
- ចំពោះ​លក្ខន្តិកៈ​របស់​សហភាព​សហជីព​កម្ពុជា មាន​សមាជិកភាព​ដែល​បាន​ចូលរួម នៅក្នុង​សហភាព​សហជីព​កម្ពុជា​នេះ គឺ​ស្ថិតនៅក្នុង​ដែន​អនុវត្ត​នៃ​ច្បាប់​ស្តីពី​ការងារ មិន​ដូច​ក្រសួង​ការងារ​អះអាង​ទេ​។​
​    ​
​លោក រ៉ុង ឈុន បានបញ្ជាក់​ក្នុង​លិខិត​ថា ក្នុងករណីនេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ត្រូវ​អញ្ជើញ​ភាគី​សហភាព​សហជីព​ក​ម្ពុ​ជា ទៅ​ពិភាក្សា និង​កែតម្រូវ​លើ​ចំណុច​ខ្វះខាត ចំពោះ​ឯកសារ​ស្នើសុំ​ចុះ​បញ្ជិកា​។ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មិនត្រូវ​បដិសេធ​មិន​ផ្តល់​បញ្ជិកា ឲ្យ​សហភាព​សហជីព​កម្ពុជា​ភ្លាមៗ​នោះទេ​៕