Tuesday, August 21, 2012

គម្រោង​ស្ទឹង​ស្រែង​ចំណាយលុយ​៥០​លាន​ដុល្លារ​

ភ្នំពេញ: ​លោក​លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​អញ្ជើញ ពិនិត្យមើល​គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹង​ស្រែង ស្ថិតនៅក្នុងខេត្តសៀមរាប ដែល​កំពុងអនុវត្ត​ន៍ដោយ​ក្រុមហ៊ុន​ចិន ឈ្មោះ​ស៊ី​ណូ​ហៃ​ត្រូ​ មានទឹកប្រាក់​ប្រមាណ​ជា ៥០​លាន​ដុល្លារ ដោយ​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រីបាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ធ្វើយ៉ាងណា​ឲ្យ​គម្រោង​នេះ​បាន​ហើយ​រួចរាល់​តាម​ការគ្រោងទុកនៅក្នុង​ដើម ឆ្នាំ​២០១៥​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​នាយក​ខុទ្ទកាល័យ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ បាន​ឲ្យ​ដឹង​កាលពីថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១២​នេះ​ថា គម្រោង​អភិវឌ្ឍន៍​ធនធានទឹក​ស្ទឹង​ស្រែង ​ស្ថិតនៅក្នុង​ខេត្តសៀមរាប ​មាន​សាងសង់​អាងទឹក​ធំៗ​ចំនួន​ពីរ ជាមួយនឹង​ប្រឡាយ​មេ ​ប្រឡាយ​រង មានប្រវែង​ជាង ៨០ គីឡូម៉ែត្រ​។​

​ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​ទៀតថា អាងទឹក​ដែល​កំពុង​សាងសង់​ជំហាន​ទីមួយ រក្សា​ទឹក​ទុក​បានប្រមាណ​ជា ៧០០​លានម៉ែត្រគូប សម្រាប់​ធានាការស្រោចស្រព​លើដី​ស្រែ ប្រមាណ​ជាម្ភៃ​ប្រាំ​ពាន់​ហិកតា នៅក្នុង​ស្រុក​សំរោង​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ស្រុក​ភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ និង​នៅ​ខេត្តសៀមរាប ​មានស្រុក​ស្រីស្នំ​និង​ស្រុក​ក្រឡាញ់​។ គម្រោង​នេះ​ចំណាយ​អ​ស់ថវិកា​ប្រមាណ​ជា​៥០​លាន​ដុល្លារ​។​

​តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ប្រឡាយ​មេ​ពីរ​ខ្សែ​ដែល​កំពុងតែធ្វើការ​សាងសង់​មាន​ប្រវែង​៨១​គីឡូម៉ែត្រ ដោយនៅ​ចំណុចមានទឹក​ហូរ​ខ្លាំង ប្រឡាយ​នេះ ស្ថាបនា​អំពី​បេតុង​។ ប្រឡាយ​ទាំងពីរ​ខ្សែ​នេះ​ធ្វើបាន​ជាង​៣០​គីឡូម៉ែត្រ ជាមួយនឹង​សំណង់ស្ទាក់​ទឹក និងសំណង់​ទំនប់​បង្ហៀរ​។ 

​នៅ​ចន្លោះ​ពី​អាងទឹក​ទីមួយ​ទៅ​អាងទឹក​ទី​ពីរ មាន​សាង​សង់វា​រី​អគ្គិសនី​មួយ​ដែល​អាច​ផលិត​ភ្លើង​បាន​ប្រមាណ​ជា​១០ មេ​ហ្គា​វ៉ា​ត់​។ គម្រោង​នេះសម្រេច​លទ្ធផល បាន​ប្រមាណ​ជា ២៥​ភាគរយ​ហើយ​។ តាម​ផែនការ​ត្រូវ​បញ្ចប់​នៅ​ដើមឆ្នាំ​២០១៥​។​

​គម្រោង​អភិវឌ្ឍន៍​ធនធានទឹក​ស្ទឹង​ស្រែង​នេះ​ ត្រូវបាន​ប្រភព​ដដែល​បញ្ជាក់ថា នៅពេល​ធ្វើ​រួច ​មិន​ត្រឹមតែ​ធានាបាន​ទឹក​សម្រាប់ស្រោចស្រពដំណាំ​ស្រូវជាង​ពីរម៉ឺន ហិកតា​នោះទេ គឺ​ថែមទាំង​កាត់បន្ថយ​បាន​នូវ​គ្រោះទឹកជំនន់​ថែម​ទៀតផង​៕