Tuesday, August 21, 2012

ឃុំខ្លួន​អតីត​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់ ក្នុងករណី​​វាយ​​ក្បាល​​និង​ផ្ទុះ​អាវុធ បណ្តាល​ឱ្យគេ​របួស

ភ្នំពេញ: ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១២ បានសម្រេច​ឃុំខ្លួន អតីត មន្ត្រី​កង​រាជ អាវុធ ហត្ថ ម្នាក់ និង​បក្ខពួក​ម្នាក់ទៀត​ដែល​គេចខ្លួនបាត់​បានធ្វើ​សកម្មភាព​យក​កាំភ្លើង​វាយ​ក្បាល និង បណ្តាលឱ្យ​ផ្ទុះអាវុធ ធ្វើឱ្យ ជនរងគ្រោះ​រងរបួស ក្រោម​ក្លៀក ព្រោះតែ​រឿង​គំនុំ ដណ្តើម​ស្រី ដាក់ពន្ធនាគារ​ក្រោម​ការចោទប្រកាន់​ពីបទ កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត និង​ប៉ុនប៉ង មនុស្ស ឃាត​។​

​សមត្ថកិច្ច ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ រាជធានី​ភ្នំពេញ សហការ​ជាមួយ​សមត្ថកិច្ច ប៉ូលិស​ទួលគោក បាន​ឃាត់ ឈ្មោះ សាន សុផល អាយុ​៣២​ឆ្នាំ អតីតមន្ត្រី​កងរាជអាវុធហត្ថ រត់ចោល​អង្គភាព ស្នាក់​នៅផ្ទះ​លេខ​២១៣ ផ្លូវ​លេខ​១៩ ភូមិ​១១ សង្កាត់​ជ័យ​ជំ​នៈ ខណ្ឌដូនពេញ កាលពី​រសៀល ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១២ នៅតាម​បណ្ដោយ​ផ្លូវលំ ស្ថិត​ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បន្ទាប់ពី រត់គេចខ្លួន អស់​រយៈពេល ជាង​កន្លះ ខែ​រួចមក​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ឈ្មោះ​សាន សុផល បាន​លួច​ស្រឡាញ់​និង​ចង់ ដណ្តើម​សង្សារ​របស់​មិត្ត​ភ័ក្ត្រ​ឈ្មោះ វុ​ទ្ធា ហើយ​កាលពី​អំឡុង ឆ្នាំ​២០១១ ឈ្មោះ សាន សុផល បាន​ណាត់ ឱ្យ​សង្សារ វុ​ទ្ធា ទៅ​ជួប​នៅក្បែរ របង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ដើម្បី​សង​ប្រាក់ ជំពាក់ ១១០​ដុល្លារ ហើយ​ពេលនោះ នាង​បាន​នាំ​សង្សារ និង មិត្តភក្តិ​២​នាក់​ទៀត​ទៅជា​មួយ​។ ស្រាប់តែ​ពេលនោះ​ជនរងគ្រោះ​បាន​វាយ​ទាត់​ធាក់​ឈ្មោះ សាន សុផល ជាច្រើន​ដៃ​និង​បាន​យក​ទូរស័ព្ទដៃ​១​គ្រឿង​ខ្សែ​.​ក​១​ខ្សែ​លុយ​ក្នុង​ហោប៉ៅ ព្រោះតែ​ខឹង ឈ្មោះ​សាន សុផល ចង់​ដណ្តើម​សង្សារ​របស់គេ​។​

​មកដល់​យប់​ថ្ងៃទី​២៨​ខែកក្កដា ឆ្នាំ​២០១២ ឈ្មោះ សាន សុផល បានទទួល​ដំណឹង​ថា ជនរងគ្រោះ​និង​សង្សារ កំពុងស្នាក់នៅ​សណ្ឋាគារ​សម្បត្តិ​ផល បន្ទប់​លេខ​៥១៦ នៃ​ជា​ន់ទី​៥​ដែលមាន​ទីតាំងនៅ​ដីឡូត៍​លេខ​១៦ ផ្លូវ​លេខ​១៥០ ក្រុមទី​៦​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក​លុះ​នៅ​ម៉ោង​ប្រមាណ​ជិត ១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៩​ខែ  កក្កដា ឈ្មោះ សាន​សុផល បានឱ្យ​មិត្តភក្តិ​ម្នាក់​ឈ្មោះ វីន​ជូន​ទៅកាន់​សណ្ឋាគារ​ដើម្បី​សងសឹក​។​

​សមត្ថកិច្ច​បានឱ្យដឹង​ទៀតថា ក្នុងពេល​ចូល​ទៅដល់​បន្ទប់​សណ្ឋាគា​រ​ឈ្មោះ​សាន សុផល បាន​សួរនាំ​ជនរងគ្រោះ​ថា “ ហេតុ​អី បានជា​ឯង ព្រួត​គ្នា វាយ​អញ​” ខណៈនោះ​ឈ្មោះ សាន សុផល ក៏​ដក​កាំភ្លើងខ្លី ម៉ាក​កា​៥៤ ពី​ចង្កេះ ស្ទុះ​ទៅ​វាយ​ក្បាល ជនរងគ្រោះ ទើប​មាន​ការតបត​គ្នា ធ្វើឱ្យ​ផ្ទុះអាវុធ​១​គ្រាប់ បណ្តាលឱ្យ ជនរងគ្រោះ រងរបួស​ត្រូវចំ​ក្រោម​ក្លៀក​ខាងឆ្វេង រួច​ឈ្មោះ​សាន សុផល និង បក្ខពួក បានគេច​ខ្លួន​តែម្តង​៕​