Tuesday, August 21, 2012

ផ្ទុះ​កូដកម្ម​រយៈពេល​ជិត​១០​ថ្ងៃ​ហើយ​ ដោះស្រាយ​មិន​ចេញ​លើកគ្នា​មក​ឈរ​តាម​ផ្លូវជាតិ​លេខ​៤

កណ្ដាល ​៖ កម្មករ​-​ការិនី​រោងចក្រ​កាត់ដេរ​ខូច​ម៉ូ​តិច​ស្កា​យ​ខូ​អិ​ល​ធី​ឌី ​ដែល​មាន​ទីតាំងនៅ​ភូមិ​ស្វាយជ្រុំ ​ឃុំ ​បែក​ចាន​ ស្រុក​អង្គស្នួល​ ប្រមាណ​ជាង​២០០​នាក់ ​ក្នុងចំណោម​កម្មករ​សរុប​ជាង​១​ពាន់​​នាក់​បាន​ធ្វើ​កូដកម្ម​អស់​រយៈពេល​៩​ថ្ងៃ​មក​ហើយ ​ដើម្បី​ទាមទារ​ដក​ប្រធាន​គ្រប់គ្រង​ និង សុំ​ឡើង​ប្រាក់ខែ​គោល​ឲ្យ​បាន​៧០​ដុល្លារ​ និង​ទាមទារ​នូវ​លក្ខខណ្ឌ​ការងារ​មួយចំនួន ​តែ​ការ​ទាមទារ​នេះ មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​នៅឡើយ​ទេ ​ជាហេតុ​នាំ​ឲ្យ​កម្មករ​បាន​នាំគ្នា​មក​ឈរ​តាម​ផ្លូវជាតិ​លេខ​៤​ពោល​គឺ​ដើរ​ចេញពី​រោងចក្រ​ប្រហែល​២០០​ម៉ែត្រ​ប៉ុណ្ណោះ។
​ ​កម្មករ​និយាយ​ថា នៅ​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១២​នេះ ពួកគេ​បាន​នាំគ្នា​មក​នៅ​តាម​ផ្លូវជាតិ​លេខ​៤ តែ​ត្រូវ​បាន​សមត្ថកិច្ច​រារាំង​ហាមឃាត់​មិន​ឲ្យ​ធ្វើ​អ្វី​ជា​រឿង​ខុសច្បាប់​ឡើយ​ ដោយហេតុ​នេះ​ហើយ​ទើប​ពួកគេ​បាន​ត្រឹមតែ​នៅ​តាម​ចិញ្ចើមផ្លូវ​លើក​បដា​ជា​ពាក្យស្លោក​ដើម្បី​បង្ហាញ​ឲ្យ​មហាជន​ដឹង​ឮជា​សាធារណៈ​។ កម្មករ​បន្តថា កន្លងមក​ពួកគេ​ធ្វើ​កូដកម្ម​នៅតែ​បរិវេណ​រោងចក្រ​ប៉ុណ្ណោះ តែដោយសារ​គ្មាន​ដំណោះស្រាយ​ទើប​ពួកគេ​ធ្វើ​បែប​នេះ​៕
វិទូ​