Tuesday, August 21, 2012

កម្ពុជា​រង់ចាំ​សំបុត្រ​យន្តហោះ ដើម្បី​បញ្ជូន​ឧក្រិដ្ឋជន​ចិន ១៥ នាក់ ទៅ​ឲ្យ​រដ្ឋាភិបាល​ចិន​

ភ្នំពេញ: ​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បានបញ្ជាក់​ថា ការ​ចាត់​បញ្ជូន​ក្រុម​ឧក្រិដ្ឋជន ជន​ជាតិ​ចិន ពី​ប្រទេស​កម្ពុជា ប្រគល់​ទៅ​ឲ្យ​រដ្ឋាភិបាល​ចិន​វិញ​នោះ គឺ​ពុំ​មាន​ការ​ប៉ះពាល់​ចំណង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​ទេ​។ ក្នុងនោះ កម្ពុជា​រង់ចាំ​តែ​សំបុត្រ​យន្តហោះ ដើម្បី​បញ្ជូន​ក្រុម​ឧក្រិដ្ឋជន ទៅកាន់​ប្រទេស​ចិន​វិញ​។​

​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​មានប្រសាសន៍​យ៉ាង​នេះ​ថា ការបញ្ជូន​ពួក​ឧក្រិដ្ឋ​ចិន ដែល​អាជ្ញាធរ​នគរបាល​ប្រទេស​កម្ពុជា ប្រគល់​ទៅ​ឲ្យ​រដ្ឋាភិបាល​ចិន ដើម្បី​ផ្តន្ទាទោស​ពួកគេ​តាំង​ពេល​មុន​នោះ តាម​ច្បាប់​នៃ​ប្រទេ​ចិន គឺ​ពុំ​បាន​ធ្វើឲ្យ​មាន​ការប៉ះពាល់​ដល់​ទំនាក់​ទំនងកា​រទូត​រវាង​ប្រទេស​ទាំង​ពីរ​ឡើយ​។​

​លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​មានប្រសាសន៍​បញ្ជាក់​យ៉ាង​នេះ​ថា "​ធម្មតា​យើង​មាន​ការសហការ​គ្នា យើង​បានដឹង​ស្រាប់​ហើយ​ថា ជាមួយ​ចិន យើង​សហការគ្នា ទាំង​ផ្នែក​សេដ្ឋកិច្ច ហើយ​ក្នុងនោះ ក៏​មាន​ផ្នែក​មួយ​ទៀត គឺ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​។ ដូច្នេះ​នៅក្នុង​វិស័យ ដែល​យើង​ត្រូវ​សហការ​គ្នា​”​។​

​ចំណែក​លោក​ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យ​នៃ​ក្រសួងមហាផ្ទៃ នៅ​រសៀល​​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១២ បាន​មានប្រសាសន៍ថា ក្រសួង​មា​ហា​ផ្ទៃ បាន​រៀបចំ​ឯកសារ​ចាត់​បញ្ជូន​ជនជាតិ​ចិន ១៥​នាក់ ដែល​អាជ្ញាធរ​នគរបាល​កម្ពុ​ជា ចាប់ខ្លួន​នៅ​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១២ កន្លងមកនេះ បញ្ជូន​ទៅ​ឲ្យ​រដ្ឋាភិបាល​ចិន​វិញ នៅពេល​ខាងមុខ​ឆាប់ៗ​នេះ​។​

​លោក​ឧត្តមសេនីយ៍ ខៀវ សុភ័គ បាន​មានប្រសាសន៍​បន្ត​ថា មកដល់ពេលនេះ រង់​តែ​សំបុត្រ​យន្តហោះ​មក​ទេ សម្រាប់​បញ្ជូន​ពួក​ជនជាតិ​ចិន​ទាំង ១៥ នាក់ ទៅកាន់​ប្រទេស​ចិន នៅក្នុង​សប្តាហ៍​ខាង​នេះ បន្ទាប់​ពី​សំបុត្រ​យន្តហោះ មក​ដល់​នោះ ពីព្រោះ​ឯកសារ​តាម​ផ្លូវច្បាប់ បាន​បំពេញ​ចប់​រួចរាល់​ហើយ​។​

​ចំណែក​លោក​ឧត្តមសេនីយឯក គៀត ចន្ទ​ថា​រិទ្ធ បាន​មានប្រសាសន៍ថា "​យើង​កំពុង​សហការ​ជាមួយ​ចិន​បន្ថែមទៀត ក្នុងការ​ធ្វើ​ការស៊ើបអង្កេត ហើយ​មកដល់ពេលនេះ សមត្ថកិច្ច​នគរបាល​យើង បានធ្វើកា​របង្រាប​ចាប់ខ្លួន​ជនជាតិ​ចិន នៅក្នុង​ប្រទេស​កម្ពុជា បាន​ចំនួន ៣ លើក មកហើយ ដែល​មាន​ចំនួន​រាប់រយ​នាក់​"​។​

​លោក​ឧត្តមសេនីយ៍ឯក គៀត ច័ន្ទ​ថា​រិទ្ធ បាន​លើក​ឡើង​យ៉ាង​នេះ បន្ទាប់​ពី​ជនជាតិ​ចិន ១៥ នាក់ ចុងក្រោយ ត្រូវ​សមត្ថកិច្ច​កម្ពុជា ចាប់ខ្លួនបាន កាលពី​ថ្ងៃ​៨ សីហា ឆ្នាំ​២០១២ នៅក្នុង​ផ្ទះសំណាក់ អប្សរា ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​។​

​នេះ​ជា​លើក​ទី​៣​ហើយ ដែល​សមត្ថកិច្ច​កម្ពុជា ចាប់ខ្លួន​ជនជាតិ​ចិន ដែល​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន តាមរយៈ​ការ​គម្រាម​ទារ​ប្រាប់​តាម​ប្រព័ន្ធ​អ៊ិនថឺណេត​។ ជនជាតិ​ទាំងនោះ សរុប​ទាំងអស់ ២៣១ នាក់ រួមបញ្ចូល​ករណី​ចុងក្រោយ នៅ​ខេត្ត​កំពង់ស្ពឺ​។​

​ករណី​ទី​១ សមត្ថកិច្ច​របស់​នគ​របាល​ជាតិ​កម្ពុជា ចាប់បាន ១៦៧ នាក់ ស្រី ៤៩ នាក់ កាលពី​ថ្ងៃ​៩ ខែមិថុនា ឆ្នាំ​២០១១ នៅ​ខេត្ត​ព្រះសីហនុ ចាប់បាន ៣៨​នាក់ ស្វាយរៀង​ចាប់បាន ៦១​នាក់ និង​រាជធានី​ភ្នំពេញ ចាប់បាន ៦៨​នាក់​។​

​លើក​ទី​២ សមត្ថកិច្ច​ចាប់បាន ៤៩​នាក់ កាលពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១២  បាន​បញ្ជូន​ក្រុម​ឧក្រិដ្ឋជន​ឆ្លងដែន​ទាំងនោះ ទៅកាន់​ប្រទេស​ចិន​វិញ​។​

​ករណី​ទី​៣ នៅ​ថ្ងៃ​៨​សីហា ឆ្នាំ​២០១២ សមត្ថកិច្ច​ចាប់បាន ១៥ នាក់ ស្ថិត​នៅ​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​។​

​សមត្ថកិច្ច​បាន​សង្កត់​ធ្ងន់​ថា ជនជាតិ​ចិន​ប្រមាណ​ជាង ៥០០ នាក់ ត្រូវបាន​ចាប់ខ្លួន និង​បញ្ជូន​ទៅ​ប្រទេស​ចិន​វិញ បន្ទាប់ពី​ពួកគេ​ពាក់ព័ន្ធ​នឹង​ករណី​ចាប់​ជម្រិត​ឆ្លង​ប្រទេស ដែល​មាន​ទឹកប្រាក់​ជាង ១០០ លាន​ដុល្លារ​អាមេរិក កាលពី​ឆ្នាំ​២០១០ ឆ្នាំ​២០១១ និង​ឆ្នាំ​២០១២៕​