Tuesday, August 21, 2012

អ្នកឃ្លាំមើល គាំទ្រចំណាត់ការ​របស់​រដ្ឋាភិបាល លើ​ការបង់ពន្ធ​យានជំនិះ ធ្វើតាម​ធនាគារ​

ភ្នំពេញ: ក្រុម​អ្នកឃ្លាំមើល​ដំណើរ​ការប្រមូល​ពន្ធ​ផ្លូវ លើ​មធ្យោបាយ​ធ្វើដំណើរ​គ្រប់​ប្រភេទ បាន​បង្ហាញ​ការគាំទ្រចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល ដែល​តម្រូវឲ្យ​ការបង់ពន្ធ​យាន​ជំនិះគ្រប់ប្រភេទ ត្រូវធ្វើ​តាមរយៈ​ធនាគារ អេស៊ីលីដា​។ ការធ្វើ​ដូច្នេះ នឹង​នាំឲ្យមាន​តម្លាភាព និង​ប្រសិទ្ធភាពក្នុងការបង្កើន​ប្រាក់ចំណូល​របស់​ជាតិ ពិសេស​នឹង​អាច​បំបាត់​​អំពើពុករលួយពី​ការលក់​សន្លឹក​ពន្ធ​ផ្លូវ​។​

​លោក សន ជ័យ អ្នកសម្របសម្រួល​នៃ​បណ្ដាញ​រួបរួម ដើម្បី​គណនេយ្យភាព​សង្គម នៅ​អាស៊ី​បូ​ព៌ា និង​ប៉ា​ស៊ី​ហ្វិក ប្រចាំ​ប្រទេស​កម្ពុជា ដែល​ជា​ក្រុម​អ្នកឃ្លាំមើល​ដំណើរ​ការប្រមូល​ពន្ធ​ផ្លូវ បាន​លើកឡើង​ថា "​នេះ​ជា​ការប្រែប្រួល​ដ៏​ឆាប់រហ័ស នៃ​ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​គ្រប់​ប្រភេទ ដែល​សង្គម​ស៊ីវិលបាន​ចូលរួម​ឃ្លាំមើល និង​ផ្តល់​អនុសាសន៍​ជា​បន្តបន្ទាប់ ចាប់តាំងពី​ឆ្នាំ​២០០៩​។ អ៊ីចឹង ចាប់ពី​ឆ្នាំ​២០១២​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​បង្វែរ​ការទទួល​ខុស​ត្រូវទៅឲ្យ​ធនាគារ​ឯកជន​មួយ គឺ​ធនាគារ អេស៊ីលីដា​។ នេះ​ជា​របត់​មួយ​នៃ​កំណែទម្រង់​ដ៏​ឆាប់រហ័សនៅក្នុង​ប្រព័ន្ធ​នៃ​ការប្រមូល​ពន្ធដារ​"​។​

​លោក សន ជ័យ បាន​បន្ថែមថា "​ការកែទម្រង់​នៅក្នុង​ការប្រមូល​ពន្ធ​ផ្លូវ​នេះ ជា​ការកែ​ទម្រង់ដែល​ជា​ដង្ហើមរស់​ដ៏​សំខាន់សម្រាប់​សេដ្ឋកិច្ច​ជាតិ ហើយ​និង​ជា​ការរីកចម្រើន​មួយ ដែល​ជា​ជោគជ័យ​មួយក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រដ្ឋាភិបាល ជា​ពិសេស​ពាក់ព័ន្ធ​នឹង​អភិបាលកិច្ច​ល្អ និង​ប្រឆាំង​អំពើពុករលួយ​។ ដូច្នេះ យើង​លែង​បារម្ភ​​ថានឹង​មាន​ភាពយឺតយ៉ាវ ការលំបាក​នៅ​ក្នុង​ការ​ទិញ​សន្លឹក​ពន្ធ​។ យើង​ក៏​លែង​បារម្ភ​លើ​ភាពមិន​ទៀងទាត់​នៃ​ការ​ដែល​ប្រជាពលរដ្ឋទៅ​រក​ទិញ គាត់​មិន​ជួប​មន្ត្រី​ដែល​លក់​សន្លឹក​ពន្ធ ហើយ​យើង​ក៏​សង្ឃឹម​ថា នឹង​លែង​ឮ​នូវ​ភាពមិនប្រក្រតី​នៃ​ការទារ​លុយ​លើសពី​តម្លៃ​នៃ​សន្លឹក​ពន្ធ​នីមួយៗ មាន​ទាំង​ម៉ូតូ និងទាំង​រថយន្ត​"​។​

​លោក សន ជ័យ បាន​លើកឡើង​ថា ក្នុង​ការប្រមូល​ពន្ធ​ផ្លូវ​កន្លងមក ក្រុម​អ្នក​ឃ្លាំ​មើល​របស់​លោក នៅតែ​សង្កេតឃើញ​មាន​ការខ្វះខាតនៃ​ការបែងចែក​សន្លឹក​ពន្ធ​មិន​គ្រប់​គ្រាន់ ការលក់​សន្លឹក​ពន្ធ​នោះនៅតែ​យក​លើស​តម្លៃដែល​បាន​កំណត់ និង​ពិបាក​រក​កន្លែង​បង់ពន្ធ ជាដើម​។​

​ក្នុង​ដំណឹង​ផ្សព្វផ្សាយ​ក្នុង​កាសែត ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃ​អង្គារ ទី​២១ ខែ​សីហា ឆ្នាំ​២០១២ បង្ហាញថា នាយកដ្ឋាន​ពន្ធដារ បាន​ជ្រើស​យក​ធនាគារ អេស៊ីលីដា ជា​ដៃគូក្នុង​ការបង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​គ្រប់​ប្រភេទ ឬ​ហៅ​ថា ពន្ធ​ផ្លូវ​។ ការជ្រើសរើស ដែល​ជា​លើកដំបូង​នេះ ដោយសារ​តែ​ធនាគារ​អេស៊ីលីដា មាន​បណ្ដាញ​សាខា​ច្រើន ដោយ​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ទូរគមនាគមន៍​ទំនើប ហើយ​ត្រូវបាន​បង្កើត​យ៉ាង​ល្អនៅក្នុង​ប្រទេស​។​

​សូម​រម្លឹកថា សម្រាប់​ការប្រមូល​ពន្ធ​លើ​អចលនទ្រព្យ ក៏​ត្រូវ​បាន​រដ្ឋាភិបាលសម្រេច​ជ្រើស​យក​ធនាគារ កាណាឌីយ៉ា ដើម្បី​ទូទាត់​ផងដែរ​៕​