Tuesday, August 21, 2012

សង្កាត់​រដ្ឋ​បាល​​ព្រៃ​ឈើ​បាភ្នំ​ចែក​​កូន​ឈើ​ជាង​៧​ម៉ឺុន​ដើម​ដល់​ព្រះ​សង្ឃ​ និង​ប្រជា​ពល​រដ្ឋ​នៅ​ទូទាំង​ខេត្ត

ខេត្តព្រៃវែង ៖ ពិធី​​ចែក​កូន​ឈើ​ជូន​ដល់​ព្រះសង្ឃ ប្រជា​ពល​រដ្ឋ និង​ស្ថាប័ន​មួយ​ចំនួន​​នៅ​ទូទាំង​​ខេត្ត​ត្រូវ​បាន​​ប្រារព្ធ​​ឡើង​​កាល​ពីវេលា​ម៉ោង​​៨​ព្រឹក​​ថ្ងៃ​​ទី​២០ សីហា ២០១២ ​នៅ​ក្នុងសួន​​បណ្តុះ​កូន​ឈើ​សម្តេច ហ៊ុន សែន ​អ្នក​លឿង​ដែល​ស្ថិត​ក្នុង​ភូមិ​ព្រែក​ខ្សាយ ឃុំ​ព្រែក​ខ្សាយ «ក» ស្រុកពាមរក៍ ​ក្រោម​អធិបតី​ភាព​លោក​ជា សំអាង ​អនុ​ប្រធាន​រដ្ឋ​បាល​ព្រៃឈើ​​នៃ​ក្រសួង​កសិ​កម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ ​​លោក​អៀង ​សាវ៉េត នាយ​​អធិការ​ដ្ឋាន​រដ្ឋ​បាល​ព្រៃឈើ​​មេគង្គ ​លោក​ប្រាក់ ណូម៉ា នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​កំពង់​ចាម ​ព្រម​ទាំង​​មាន​ការ​និមន្ត និង​ចូលរួម​ពី​ព្រះសង្ឃ ប្រជា​ពលរដ្ឋ អាជ្ញា​ធរ​​ដែន​ដី​យ៉ាង​​ច្រើន​កុះករ ។
​កូនឈើ​ដែល​​​ត្រូវ​​ធ្វើ​ពិធីចែក​នា​ព្រឹក​នេះ ​មាន​ចំនួន​២៩​ប្រភេទ​ដែល​រួម​មាន​ទាំង​ឈើ​ហូប​ផ្លែ និង​​ប្រភេទ​ឈើ​​ប្រណីត​ផង​ដែរ សរុប​ជាង​៧​ម៉ឺន​ដើម ​ចំណែក​ព្រះ​សង្ឃ​ដែល​​បាន​និមន្ត​មក​ទទួល​កូន​ឈើ​​​មាន​ចំនួន​១០០​អង្គ​ស្មើ​នឹង​៧០​វត្ត និង​ប្រជា​ពល​រដ្ឋ​ប្រមាណ​ជាង​៤០០​នាក់ ​មកពីគ្រប់​ស្រុក​ទាំង​អស់​នៅ​​ទូទាំង​ខេត្ត និង​មួយ​ចំនួន​ទៀត​មក​ពី​ខេត្ត​កណ្តាល ។ ​ប្រជា​ពល​រដ្ឋ​ដែល​មកចូលរួម​ទទួល​កូន​ឈើ​​នៅក្នុងពិធី​​នេះ បាន​បង្ហាញពី​ភាព​​សប្បាយ​​រីក​រាយ និង​ប្រាប់​ពីគោល​បំណង​របស់​ខ្លួន​ថា ពួក​គាត់​នឹង​យក​កូន​ឈើ​ទាំង​នេះ​ទៅដាំ​នៅ​ផ្ទះ​របស់​ពួកគាត់ ព្រោះ​ពួក​គាត់​ចង់​​បាន​ផ្លែ​​របស់​វា​សម្រាប់​​ហូប​​នៅ​ក្នុង​ក្រុម​គ្រួសារ​ ​និង​បាន​លក់​សម្រាប់​​ដោះ​ស្រាយ​ជីវភាព​ផង ។
ដោយឡែក​ព្រះសង្ឃ​មួយ​អង្គ​ដែល​និមន្ត​​មក​ពីវត្ត​ផ្នីត ក្នុងស្រុក​មេសាង បាន​មាន​សង្ឃដី​កា​ថា ដើម​ឈើ​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​​ច្រើ​នខ្លាំង​​ណាស់​​សម្រាប់​មនុស្ស​ជាតិ គឺវា​ជួយ​ទប់​ទល់​​នឹង​កម្តៅ​​ផែន​ដី​ ទាក់​ទាញ​​ទឹក​ភ្លៀង​ ជា​របាំង​ខ្យល់​​ព្យុះ​ កាត់​បន្ថយបំរែបំរួលអាកាស​ធាតុ​ធ្វើ​​ជាគ្រឿង​បរិក្ខារ និង​សំណង់​​ផ្សេងៗ​ និង​​ជា​ពិសេស​ផ្តល់​​នូវ​ផ្លែ​​ផ្កា​សម្រាប់​មនុស្ស​​សត្វ​បរិភោគ​​ថែម​ទៀត​​ផង ។ ​ព្រះតេជ​គុណ​​​បន្ត​ទៀត​ថា ​កូន​​ឈើ​​ដែល​ទទួល​បាន​នា​ថ្ងៃ​នេះ នឹង​យក​ទៅ​ដាំ​នៅ​ក្នុង​បរិវេ​ណ​វត្ត​ផ្នីត ដើម្បី​​បាន​ជា​ម្លប់​សម្រាប់​​​ឱ្យ​​ពុទ្ធ​បរិស័ទ្ធ​​ជិតឆ្ងាយ​បាន​ជ្រក​នៅ​ពេល​​មក​ធ្វើ​បុណ្យ​ទាន​ក្នុង​វត្ត ។