Tuesday, August 21, 2012

អភិបាលខេត្តតាកែវ ចុះពិនិត្យការជួសជុលផ្លូវក្រុង លេខ៣១

តាកែវ: ផ្លូវ​ក្នុង​ក្រុង​ដូន​កែវ ខេត្តតាកែវ លេខ​៣១ ដែល​លាតសន្ធឹង​ពី​ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ដល់​ភូមិ​ថ្នល់​បែក សង្កាត់​រកា​ក្រៅ មាន​ប្រវែង​មួយ​ពាន់​ម៉ែត្រ ត្រូវបានធ្វើ​ការជួសជុល​ដោយ​ចាក់​ក្រួស​ក្រហម​។ លោក ស្រី បេន អភិបាល​នៃ​គណៈ​អភិបាលខេត្ត រួមជាមួយ​ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត និង​អង្គភាព​ប៉ូលិស ប៉េអឹម បាន​អញ្ជើញ​ចុះ​ពិនិត្យ​បើក​ការដ្ឋាន កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១២ ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​អម​ផ្លូវ​ចូលរួម ចំនួន ១៥៧ នាក់​។ 

​លោក គាំ សុខុម នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត បាន​ឲ្យ​ដឹងថា ផ្លូវ​ក្រុង​លេខ​៣១ នេះ មាន​ប្រវែង​មួយ​ពាន់​ម៉ែត្រ ត្រូវធ្វើ​ការជួសជុល​ដោយ​ក្រាល​ក្រួស​ក្រហម​លើ​ខ្នង​ថ្នល់ មាន​ទទឹង​ប្រវែង ៨​ម៉ែត្រ ដែល​ចំណាយ​ថវិកាខេត្ត​ឆ្នាំ​២០១២ អស់​ចំនួន ៥៣១ លាន​រៀល ហើយ​ការជួសជុល​ផ្លូវ​នេះ នឹង​សម្រេច​ឲ្យ​ហើយ​ជា​ស្ថាពរ នៅ​បំណាច់​ខែតុលា ឆ្នាំ​២០១២ ខាងមុខនេះ​។ 

​លោក គាំ សុខុម បាន​ឲ្យ​ដឹង​ទៀតថា ផ្លូវ​លេខ​៣១ នេះ នឹង​ឡើង​គម្រោង​ក្រាល​ថ្ម​ចាក់​កៅស៊ូ នៅ​ឆ្នាំ​២០១៤ ដោយ​ទុក​ឲ្យ​ផ្លូវ​នេះ មាន​ភាពហាប់​រឹងមាំ​សិន​។​

​ក្នុងឱកាស​ចុះទៅពិនិត្យ​នោះ លោក ស្រី បេន អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​មានប្រសាសន៍​ទៅកាន់​ប្រជាពលរដ្ឋ​ថា ដើម្បី​ធ្វើ​ឲ្យ​ទី​ក្រុងមាន​សោភ័ណ​ភាពល្អ​ស្អាត ទាល់​តែមាន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សហការ​ជាមួយ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ ទើប​ការអនុវត្តន៍​ប្រកបដោយ​ប្រសិទ្ធភាព​។ នៅក្នុង​ឆ្នាំ​២០១២​នេះ ខេត្ត​មាន​គម្រោង​ជួសជុល​ផ្លូវ​ជាច្រើន​ខ្សែ មាន​ផ្លូវ​ខ្លះ​ក្រាល​ក្រួស​ក្រហម ផ្លូវ​ខ្លះ​ក្រាល​ថ្ម​ចាក់​កៅស៊ូ ព្រមទាំង​ដាក់​ប្រព័ន្ធ​លូបង្ហូរទឹក​ខ្វាត់ខ្វែង​៕