Tuesday, August 21, 2012

ខុទ្ទកាល័យ អះអាងថា សម្តេច​ជាស៊ីម ជាប់រវល់ មិន​អាច​ជួប​គណៈប្រតិភូ​គណបក្ស​សមរង្ស៊ី បានទេ​

ភ្នំពេញ: លោក ម៉ម សារិន នាយក​ខុទ្ទកាល័យ​សម្តេច ជាស៊ីម ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​សរសេរ​លិខិត​មួយច្បាប់ ទៅកាន់​លោក គង់ គាំ ប្រធានស្តីទី គណបក្ស​សមរង្ស៊ី ដោយ​លើកឡើង​ថា សម្តេច​ជាស៊ីម ជាប់រវល់​ការងារ មិន​អាច​ជួប​ជាមួយ​គណៈប្រតិភូ​គណបក្ស​សមរង្ស៊ី បានទេ នៅពេលនេះ​។​

​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១២ របស់លោក ម៉ម សារិន នាយក​ខុទ្ទកាល័យ​សម្តេច​ជាស៊ីម ប្រធានព្រឹទ្ធសភា បាន​ផ្ញើ​ជូន​លោក គង់ គាំ ប្រធានស្តីទី​គណបក្ស​ស​ម​រង្ស៊ី ដោយ​មាន​កម្មវត្ថុ អំពី​ការសុំ​ចូល​ជួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជាស៊ីម ប្រធានព្រឹទ្ធសភា​។​

​ក្នុង​លិខិត​របស់​នាយក​ខុទ្ទកាល័យ​ដដែល​នោះ បាន​លើកឡើង​ថា "​ខ្ញុំ​សូម​ជម្រាប​ជូន​ឯកឧត្តម​ប្រធានស្តីទី មេត្តា​ជ្រាប​ថា អាស្រ័យ​ដោយ​មាន​ការជាប់រវល់​ការងារ សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជាស៊ីម ប្រធានព្រឹទ្ធសភា មិន​អាច​ទទួល​ជួប​ជាមួយ​គណៈប្រតិភូ​គណបក្ស​សមរង្ស៊ី បានទេ សូម​មេត្តា​អធ្យាស្រ័យ​"​។​

​ការបដិសេធ​តាមរយៈ​លិខិត​យ៉ាង​ដូច្នេះ ត្រូវបាន​នាយក​ខុទ្ទកាល័យ ធ្វើឡើង ដោយយោង​តាម​មតិ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ជាស៊ីម ប្រធានព្រឹទ្ធសភា នា​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១២​។​

​គណបក្ស​សមរង្ស៊ី បាន​សរសេរ​លិខិត ចុះ​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១២ ដើម្បី​ស្នើសុំ​ជួប​សួរសុខទុក្ខ​សម្តេច​ជាស៊ីម ប្រធានព្រឹទ្ធសភា​៕​