Tuesday, August 21, 2012

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដក​លិខិត​ស្នើសុំ​បង្កើត​គណបក្ស​វិញ​

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់នៃ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​រសៀល​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១២ បាន​ដក​លិខិត​ស្នើសុំ​បង្កើត​គណបក្ស​របស់ខ្លួន​ ពី​ក្រសួងមហាផ្ទៃវិញ ដោយហេតុ​ផល​ថា បំពេញបែបបទ​មិនបាន​ត្រឹមត្រូវ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ កាលពី​ល្ងាច​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១២​។​

​លោក ខៀវ សុភ័គ បាន​និយាយថា ពាក្យស្នើសុំ​ដែល​លោក ប៉ុល ហំ​ម បាន​យកមក​ដាក់​នោះ គឺ​នៅមាន​កង្វះខាត​ខាង​ផ្លូវច្បាប់ ហើយ​រូបលោក​ (​ខៀវ សុភ័គ​) ក៏បាន​ជូនដំណឹង​ដល់​លោក ប៉ុល ហំ​ម រួចហើយ ហើយ​លោក ប៉ុល ហំ​ម ក៏បាន​ទទួលស្គាល់ថា នៅ​ខ្វះខាត​ខាង​ផ្លូវច្បាប់ និង​បាន​សុំ​ដក​លិខិត​ស្នើសុំ​បង្កើត​គណបក្ស​រួចហើយ​ដែរ​។ 

​លោក ខៀវ សុភ័គ បាន​បញ្ជាក់ថា "គាត់​ (​ប៉ុល ​ហំ​ម​) ឯកភាព​ទទួលស្គាល់​ក​ង្វះ​ខាត​ផ្នែក​ផ្លូវច្បាប់​មែន ហើយក៏​មក​ទទួល​ពាក្យស្នើសុំ​យកទៅ​វិញ​ហើយ ដើម្បី​ធ្វើការ​កែសម្រួល"​។​

​រីឯ​លោក ប៉ុល ហំ​ម អនុប្រធាន​គណៈកម្មាធិកា​រ​បណ្ដោះអាសន្ន នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយ​ឲ្យ​ដឹង​ដែរ​ថា ខាង​ក្រសួងមហាផ្ទៃ បានផ្ដល់​ដំណឹង​ថា លិខិត​ស្នើសុំ​បង្កើត​គណបក្ស​ថ្មី​របស់​លោក នៅមាន​កន្លែង​ខ្លះ​មាន​កំហុស​។ អ៊ីចឹង​លោក​ទៅ​ទទួលយក​វិញ ដើម្បី​យកមក​កែ​កន្លែង​ដែលមាន​កំហុស​។ 

​លោក ប៉ុល ហំ​ម បាន​ទទួលស្គាល់ថា "​យើង​ពិត​ជាមាន​កំហុស​ផ្នែក​បច្ចេកទេស​មែន ហើយ​មិន​មែនមាន​បញ្ហានយោបាយ​អ្វី​ទេ​"។​ លោក​បាន​បន្ថែមថា "នៅពេលណា​ដែល​យើង​កែសម្រួល​រួចហើយ យើង​នឹង​យកពាក្យ​ស្នើសុំ​នោះ ទៅ​ដាក់ជូន​ក្រសួងមហាផ្ទៃ​វិញ"​។​

​គួររម្លឹកថា សម្ព័ន្ធភាព​គណបក្សប្រឆាំង​សមរង្ស៊ី និង​សិទ្ធិមនុស្ស បាន​យក​សំណុំបែបបទ ទៅ​ចុះបញ្ជី​គណបក្សប្រឆាំង​រួមគ្នា​ថ្មី​មួយ ដែលមាន​ឈ្មោះថា "​គណបក្ស​សង្គ្រោះ​ជាតិ​" កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២០ ខែសីហា ឆ្នាំ​២០១២ នៅ​ក្រសួងមហាផ្ទៃ ស្របតាម​ច្បាប់ស្តីពីគណបក្សនយោបាយ​។ រីឯ​ខាង​ក្រសួងមហាផ្ទៃ ក៏បាន​ទទួលយក​រួច​ហើយ​ដែរ​។ 

​ក្រសួងមហាផ្ទៃ មាន​សិទ្ធិ ១៥ថ្ងៃ ក្រោយពី​ទទួល​សំណុំបែបបទ​សុំ​ចុះឈ្មោះ​គណបក្ស​ថ្មី ដើម្បី​ឆ្លើយតប​ថា ទទួល​ចុះ ឬក៏​មិន​ទទួល​ចុះបញ្ជី​ជា​ផ្លូវការ សម្រាប់​គណបក្ស​ថ្មី​នោះ​៕​