Tuesday, August 21, 2012

លោក​ហ៊ុន ​ណេង អភិ​បាល​​ខេត្ត​ចុះ​ពិនិត្យ​​សំណង់​អគារ​តុលាការ​

ខេត្ត​កំពង់ចាម ៖ ​សំណង់​អគារ​បេតុង​១​ខ្នង​ទំហំ​​១៥​ម៉ែត្រ​​គុណ​២៨​ម៉ែត្រ​​​មាន​កម្ពស់​​២​ជាន់​កំពុង​ត្រូវ​បាន​​សាង​សង់​ដោយ​ក្រុម​ហ៊ុន​ឯក​ជន​​ក្នុង​ស្រុក​មួយ​​បាន​ប្រហែល​៧០​ភាគ​រយ​ នៅ​ក្នុង​សាលា​ដំបូង​ខេត្ត​ ហើយ​ពេល​នេះ​​ត្រូវបាន​​លោក​ហ៊ុន ណេង ​អភិ​បាល​ខេត្ត​អម​ដំណើរ​​ដោយ​លោក​អភិ​បាល​​រង​ខេត្ត ព្រមទាំង​​មន្ត្រី​​សាលា​ខេត្ត​ជា​ច្រើន​រូប​ ចុះ​ពិនិត្យ​នៅ​ព្រឹក​ថ្ងៃទី​២១ សីហា ២០១២ ហើយ​បាន​ណែនាំ​ដល់​មេការ​សំណង់​​ប្រឹង​ប្រែង​ធ្វើ​យ៉ាង​ណា​ឱ្យ​​រួចរាល់​ក្នុងពេល​ឆាប់ៗ​​ខាង​មុខនេះ ។
​លោក​តេង រតនា ​ប្រធាន​សាលា​ដំបូង​ខេត្ត​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹងថា ដោយ​សារតែ​អគារ​រដ្ឋ​បាល​​នៅ​ក្នុង​សាលា​ដំបូង​ខេត្ត​មាន​ការ​ខ្វះ​ខាត​សម្រាប់​បំពេញ​​ភារ​កិច្ច​​ជូន​​ប្រជា​ពល​រដ្ឋ​​ក៏ដូចជា​​សង្គម​ជាតិ​​ទាំង​មូល និង​​អគារ​ខ្លះ​​មាន​សភាព​​ចាស់​ទ្រុឌ​ទ្រោម​​ទៀតនោះ ជា​ពិសេស​​ដោយ​មាន​​ការ​យក​​ចិត្ត​ទុក​ដាក់​ពី​សំណាក់​​លោក​ហ៊ុន ​ណេង បាន​រាយ​ការណ៍​​ជូន​ទៅថ្នាក់​​លើ  ក៏​ត្រូ​វបាន​ក្រសួង​​យុត្តិ​ធម៌​​​​សម្រេច​ផ្តល់​​នូវ​​អគារ​រដ្ឋ​បាល​​១​ខ្នង​ថ្មី​ស្រឡាង ដែល​​​មាន​ចំនួន​២០០​បន្ទប់ ​ចាប់​ផ្តើម​​សាង​សង់​​តាំងពី​ខែ​មេសា ឆ្នាំ​២០១២ ​ដោយ​មាន​​ការ​ដេញ​ថ្លៃត្រឹម​ត្រូវ​​​បាន​ទៅលើ​ក្រុម​ហ៊ុន​​ឯក​ជន​​ក្នុង​ស្រុក​មួយ រហូត​​មក​ដល់​ខែ​សីហា​នេះ​ សំណង់​​សម្រេច​បាន​​ប្រហែល​​៧០​ភាគរយ​​​ហើយ។ ​ជា​មួយ​នោះ​តាម​គម្រោង​​​ត្រូវ​​​ចំណាយ​ទឹក​​ប្រាក់​អស់​ចំនួន​២.៦៧០.០០០.០០០រៀល ​។