Tuesday, August 21, 2012

មន្ត្រី​រាជរដ្ឋាភិបាល ចាត់ទុក​គណបក្ស​សង្គ្រោះ​ជាតិ បរាជ័យ មុន​ពេល​ចាប់កំណើត​

ភ្នំពេញ: ​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា ពុំ​បាន​សម្តែង​នូវ​ការភ្ញាក់ផ្អើល ចំពោះ​ការព្រមាន​ពី​សំណាក់​ក្រុម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ទាន់​បង្កើត​ចេញ​ជា​រូបរាង​បាន​ផង​នោះ បែរ​ជា​ព្រមាន​ធ្វើពហិការ​មិន​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ នៅ​ឆ្នាំ​២០១៣​។ មន្ត្រី​រាជរដ្ឋាភិបាលនិយាយថា ​បើ​គណបក្សប្រឆាំង​ថ្មី មិន​ចូលរួម​ការបោះឆ្នោត នឹង​មិន​ប៉ះពាល់​​លទ្ធិ​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា​ឡើយ​។

​លោក ទិត សុធា អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋ​មន្ត្រី នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១២ បាន​មានប្រសាសន៍​បញ្ជាក់​ថា ការ​ប្រកាស​ដកថយ មិន​ចូលរួម​នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​អ្នកតំណាងរាស្ត្រ នា​ឆ្នាំ​២០១៣ ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្សប្រឆាំង​រួបរួម​ថ្មី​នោះ វា​មិន​មែន​​ជា​រឿង​ចម្លែក​ទេ ហើយ​ការ​មិន​ចូលរួម​បោះឆ្នោត​របស់​គណបក្ស​នោះ​ ​មិន​បាន​​ធ្វើឲ្យប៉ះពាល់​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា​ឡើយ​។ កត្តា​នេះ ក៏​ពុំ​ចោទ​ជា​ឧបសគ្គ​ដែរ ពីព្រោះមាន​គណបក្សនយោបាយ​ជាច្រើន​ទៀត ចូលរួម​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។ 

​​លោក ទិត​ សុធា បាន​បន្ថែមថា "​ចំពោះ​បុគ្គល​ សម រង្ស៊ី​ ខ្លួនឯង បាន​ដឹង​ច្បាស់​ណាស់ គឺ​សិទ្ធិ​នយោបាយ​របស់​គាត់​ត្រូវ​បាន​ចប់ ហើយ​ការ​ជាប់ទោស​ក្នុងបទល្មើស​ព្រហ្មទណ្ឌ គឺ​ច្បាប់​មិន​អនុញ្ញាត​ឲ្យមាន​សិទ្ធិចុះឈ្មោះ​ចូលរួម​បោះឆ្នោត​ និង​មិន​អាច​ឈរឈ្មោះឲ្យគេ​បោះឆ្នោត​ឲ្យ​បាន​ដែរ​"​។​

​​លោក ទិត ​សុធា បាន​បញ្ជាក់​ទៀត​ថា "​ផ្ទុយ​ទៅ​វិញ ​គណបក្ស​ថ្មី​របស់​ក្រុមប្រឆាំង គឺ​បាន​បរាជ័យ​មុន​ពេល​ចាប់កំណើត​។ បើសិន​គ្មាន​គណបក្សនយោបាយ​មួយចូលរួម ​មិន​មែន​មានន័យ​ថា គ្មាន​ការបោះឆ្នោត​នោះទេ គឺ​ការបោះឆ្នោត​នៅតែ​ដំណើរការ​ទៅ​ជា​ធម្មតា​"​។

​លោក ទិត សុធា បាន​បន្ថែមថា "​រឿង​កំហុស​បុគ្គល​ សម រង្ស៊ី ​ម្នាក់ មិនអាច​យកមក​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដ៏​រឹងមាំ​បាន​នោះទេ ពី​ព្រោះនេះ​ជា​សិទ្ធិ​ផ្ទាល់ខ្លួន​របស់​លោក ​សម​ រង្ស៊ី ដែល​មិន​មាន​នីតិ​សម្បទាគ្រប់គ្រាន់​តាម​ផ្លូវច្បាប់ ក្នុង​ការចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត មិនមែន​បានន័យថា ខ្លួន​ជា​ទណ្ឌិតមិន​បាន​បោះឆ្នោត​ បែរ​ជា​ស្រែកថា ដំណើរការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ត្រូវ​បំផ្លាញ​ឡើយ​"​។​

​ក្នុង​សន្និសីទកាសែត កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១២ គណបក្សប្រឆាំង ស្នើ​ឲ្យមាន​ការរុះរើ​សមាសភាព​ដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ​.​ជ​.​ប​.) នៅ​មុន​ការបោះឆ្នោត ខែកក្កដា ឆ្នាំ​២០១៣ ដែល​ចាប់ពីពេលនេះ​ទៅ មាន​រយៈពេល ៩​ខែ​ ទៀត​នោះ។ ​ចំពោះរឿងនេះ លោក ទិត សុធា បានបញ្ចេញ​ប្រតិកម្ម ច្រានចោល​ថា ការទាមទារ​របស់​គ​ណ​បក្សប្រឆាំង​ ឲ្យមាន​ការុះរើ​សមាសភាព​ដឹក​នាំ គ​.​ជ​.​ប​. នោះ​ ជា​បទ​ចម្រៀង​ដដែលៗ ដែល​ខ្លួន​ឯង​ភ្លេច​ថា សមាជិក​របស់​គណបក្ស​ប្រឆាំង មាន​វត្តមាន​នៅក្នុង​ក្បាលម៉ាស៊ីន​ដឹកនាំ គ​.​ជ​.​ប​. ដែរ មិនមែន​មាន​តែ​សមាជិក​គណបក្ស​កាន់​អំណាច​ទេ​។ 

​លោក ទិត សុធា បានចាត់ទុក​ការទាមទារ​ដដែលៗ របស់​គណបក្សប្រឆាំង ក្នុង​រឿង​ផ្លាស់ប្តូរ​សមាសភាព គ​.​ជ​.​ប​. ថា​គឺ​ជា​បទ​ចម្រៀង​ដដែល របស់​ក្រុម​ដែល​ចាញ់​។​

​ជា​ការកត់សម្គាល់ នៅក្នុង​សន្និសីទ​កាសែត​រួម​គ្នា​ រវាង​គណបក្ស​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១២ លោក ប៉ុល ហំ​ម តំណាង​ស្ថាបនិក​គណបក្ស​សង្គ្រោះ​ជាតិ បានលើកឡើង​ពី​ការព្រមាន​ធ្វើ​ពហិកា​រ របស់​គណបក្ស​ប្រឆាំង​រួបរួម​ថ្មី​នេះ ដោយ​មិន​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​អ្នក​តំណាងរាស្ត្រ អាណត្តិ​ទី​៥ នា​ឆ្នាំ​២០១៣ ទេ ក្នុងករណី​ដែល​លោក​ សម ​រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មិន​មាន​លទ្ធភាព​វិល​ចូល​មាតុប្រទេស សម្រាប់​ការប្រកួតប្រជែងក្នុង​ការបោះឆ្នោត​បាន​នោះ ហើយ​ពេលនោះ លទ្ធផល​នៃ​ការបោះឆ្នោត នឹង​គ្មាន​ការ​ទួល​ស្គាល់​ពី​សហគមន៍​អន្តរជាតិ​។ 

​ជាមួយ​នោះ​ដែរ គណបក្សប្រឆាំង​រួបរួម​ថ្មី ដែល​ទើបតែ​ទៅ​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ នា​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១២ ក៏​ទាមទារ​ឲ្យមាន​ការផ្លាស់ប្តូរ​សមាសភា​ពដឹក​នាំ​ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ផងដែរ ដោយ​ជ្រើសរើស​បុគ្គល​ដែល​គណបក្ស​នយោបាយ អាច​ជឿ​ទុកចិត្តបាន ឬក៏​សមាជិក​គណបក្ស​នយោបាយ ដែល​មាន​អាសនៈ​នៅ​រដ្ឋសភា​។ ការធ្វើ​បែប​នេះ ដើម្បី​អ្វី​ដែល​គណបក្ស​ប្រឆាំង​លើកឡើងថា ដើម្បី​ឲ្យ​ការបោះឆ្នោតធ្វើឡើង​ដោយ​សេរី យុត្តិធម៌ និង​អាច​ទទួលយកបាន​ទាំងអស់គ្នា​៕​ .