Tuesday, August 21, 2012

កម្ពុ​ជាមាន​គំរោង​ផ្សព្វផ្សាយ​សក្តានុពល​សេដ្ឋកិច្ច និង​ទេសចរណ៍ តាមរយៈ​ទូរទស្សន៍​សប្តាហ៍ ក្វាង​ស៊ី​ចិន និង​ទ​ទក​

ភ្នំពេញ: សប្តាហ៍​ទូរទស្សន៍​ក្វាង​ស៊ី របស់​ប្រទេស​ចិន និង​ទូរទស្សន៍​ជាតិ​កម្ពុជា ទទ​កបាន​ចាប់​ធ្វើជា​ដៃគូ​ជាមួយគ្នា ក្នុងការ​សហការ​ផ្លាស់​ប្តូរ​នូវ​ព័ត៌មាន​ឲ្យ​គ្នា​ទៅវិញទៅមក​។ ពិធី​បើកសម្ពោធ​នោះ បានធ្វើ​ឡើង ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១២ នៅ​ស្ថាន​នី​យ​ទូរទស្សន៍​ជាតិ​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោក ផាន គ័ង​សៀ ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា ព្រមទាំង​លោក ស៊ីន ប៉ៃ​ហៃ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ចិន ប្រចាំខេត្ត​ក្វាង​ស៊ី​។​

​លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​មានប្រសាសន៍​នៅក្នុង​ពិធី​នោះ​ថា​កម្មវិធី​សប្តាហ៍​ទូ​រស​ទ្សន៍​ក្វាង​ស៊ី​នេះ ដើម្បី​បង្កើន​ចំណងទាក់ទង​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន នៃ​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​លើ​គ្រប់​វិស័យ ហើយ​ការបើក​កម្មវិធី សប្តាហ៍​ទូរទស្សន៍ ក្វាង​ស៊ី ដែល​សហការ​ជាមួយ​ទូរទស្សន៍​ជាតិ​កម្ពុជា និង​ធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ អាច​យល់​អំពី​គ្នា ទៅវិញទៅមក និង​ឃើញ​សក្តានុពល តំបន់​សេដ្ឋកិច្ច នៃ​តំបន់​ទាំងពីរ​។​

​លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​មានប្រសាសន៍​បន្តទៀតថា “​ជាពិសេស​ទៅទៀត យើង​ឃើញ​នៅពេល ដែល​រដ្ឋាភិបាល​ចិន បានប្រគល់​តួនាទី ឲ្យ​តំបន់​ស្វ័យ​ត ក្វាង​ស៊ី គឺជា​ច្រកទ្វារ​ចេញចូល រវាង​ប្រទេស​ចិន និង​តំបន់​អាស៊ាន​នេះ គឺ​រឹតតែ​ធ្វើ​ឲ្យ​មានលទ្ធភាព ក្នុងការ​ពង្រីក​ចំណងទាក់ទង ទាំង​ផ្នែក​សេដ្ឋកិច្ច វប្បធម៌ វិស័យ​ផ្សេងទៀត ដូចជា វិស័យ​ព័ត៌មាន ជាដើម កាន់តែ​ខិតចូល​គ្នា​។ នេះ​សំខាន់បំផុត​គឺ​ផ្លាស់ប្តូរ​ឯកសារ រវាង​ទូរទស្សន៍​ជាតិ​កម្ពុជា និង​កម្មវិធី​សប្តាហ៍ ទូរទស្សន៍​ក្វាង​ស៊ី នៃ​តំបន់​ស្វ័យ​ត ក្វាង​ស៊ី និង​ការផ្លាស់ប្តូរ​អ្នកសារព័ត៌មាន​កម្ពុជា ជាមួយ​ទូរទស្សន៍ ក្វាង​ស៊ី​”​។​

​លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍​បញ្ជាក់​បន្ត​ថា ឥឡូវនេះ យើង​មាន​ភាពយន្ត​ឯកសារ​ចំនួន ៦ ដែល​នឹង​ចាក់ផ្សាយ សម្រាប់​កម្មវិធី​សប្តាហ៍ ទូ​រស​ទ្សន៍ ក្វាង​ស៊ី ប៉ុន្តែ​កម្ពុ​ជាមាន​គំរោង​រៀបចំ​ភាពយន្ត​ឯកសារ​កម្ពុជា យកទៅ​បញ្ចាំង​នៅ​កម្មវិធី​សប្តាហ៍​ទូ​រស​ទ្សន៍ ក្វាង​ស៊ី ប្រទេស​ចិន​វិញ​។ កិច្ចសហការ​នេះ ត្រូវ​បន្ត​រហូត​។​

​លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បន្តទៀតថា កម្ពុ​ជាមាន​គំរោង​រៀបចំ​ភាពយន្ត​ឯកសារ ដែល​ត្រូវ​យកទៅ​ចាក់ផ្សាយ​តាម​កម្មវិធី​សប្តាហ៍ ទូ​រស​ទ្សន៍​ក្វាង​ស៊ី ប្រទេស​ចិន​។ ក្នុងនោះ​ក៏មាន​ការផ្សាយ​ពី​វិស័យ​ទេសចរណ៍ អំពី​សក្តានុពល​សេដ្ឋកិច្ច និង​មាន​ទិន្នន័យ​ព័ត៌មាន​មួយចំនួនទៀត តាមរយៈ​ទីភ្នាក់ងារ សារព័ត៌មាន​កម្ពុជា AKP និង​វិទ្យុជាតិ​។​

​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​មានប្រសាសន៍​បន្តថា កន្លងមក ប្រទេស​ចិន បានអនុញ្ញាត​ឲ្យ​ប្រទេស​កម្ពុជា នាំ​ទំនិញ​ជាង ១០០០ មុខ ចូលទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន តែ​កម្ពុជា​យើង​មានលទ្ធភាព​នាំចូល​ទំនិញ ទៅកាន់​ទីផ្សារ​ប្រទេស​ចិន បាន​តិច​ណាស់ ដោយ​យើង​មិនទាន់មាន​លទ្ធភាព​ផលិត​បាន ហើយ​និង​របៀប​ត្រួតពិនិត្យ​គុណភាព​ទំនិញ ហើយពី​ឆ្នាំ​២០១២ នេះ​តទៅ កម្ពុជា​យើង និង​មានលទ្ធភាព​បញ្ជូន​ទំនិញ​នាំចូល ទៅ​ប្រទេស​ចិន​បាន​ច្រើន​៕​