Thursday, September 13, 2012

ក្រសួង​អប់រំ​យុវជន​និង​កីឡា​ត្រៀម​ផែនការ​យុទ្ធសាស្ដ្រ​អនុវត្ដ​ការងារ​អប់រំ​សម្រាប់​បវេសនកាល​ឆ្នាំ​សិក្សា​២០១២-២០១៣

​ភ្នំពេញ​ ៖​ លោក​ អ៊ឹម​ សិ​ទ្ធី​ រដ្ឋ​ម​ន្រី្ដ​ក្រសួង​អប់រំ​  យុវជន​ និង​កីឡា​បាន​បញ្ជាក់​ថា​ សម្រាប់​បវេសនកាល​ឆ្នាំ​សិក្សា​២០១២​-២០១៣​នេះ​ ​គ្រប់​ភូមិ​សិក្សា​នៅ​ទូ​ទាំង​ប្រទេស ​បាន​ត្រៀមលក្ខណៈ​រួច​ជា​ស្រេច​ ​នូវផែនការ​យុទ្ធសាស្ដ្រ​សំខាន់ៗ​រួម​រាល់​ហើយ​ដែរ​ ដើម្បី​បង្កើន​និង​អភិវឌ្ឍ​វិ​ស​យ័​អប់រំ​នៅ​កម្ពុជា​ឱ្យ​មាន​ប្រសិទ្ធភាព​ គុណភាព​ និង​សមធម៌​​ ​តែ​ផែនការ​របស់​យើង​ក៏​តម្រូវ​ឱ្យ​ការ​រៀនសូត្រ​របស់​កុមារ​កម្ពុជា​មាន​ភាព​ស៊ីសង្វាក់​គ្នា​ល្អជា​មួយ​យុទ្ធសាស្ដ្រ​ចតុកោណ​ ដំណាក់កាល​ទី​២​ របស់​រាជរដ្ឋាភិបាល​តាម​រយៈ​ការ​អនុវត្ដ​ផែនការអភិវឌ្ឍន៍​ជាតិ​បច្ចុប្បន្នកាល​ឆ្នាំ​២០០៩-២០១៣​ ផង​ដែរ​។​
លោក​ អ៊ឹម​ សិ​ទ្ធី​ មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​ឱកាស​បើក​កិច្ចប្រជុំ​បូក​សរុប​វាយតម្លៃ​ការងារ​អប់រំ​ ដំណាច់ឆ្នាំ​សិក្សា​២០១១-២០១២​ និង​ត្រៀមលក្ខណៈ​រៀបចំ​បវេសនកាល​ឆ្នាំ​សិក្សា​២០១២-២០១៣​ នា​ព្រឹក​ថ្ងៃ​ទី​ ១៣​ ខែកញ្ញា​ នេះ​ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ ដោយ​មានការ​ចូលរួម​ពី​លោកគ្រូ​ អ្នកគ្រូ​មក​ពី​គ្រប់​ភូមិ​សិក្សា​ប្រមាណ​៧៥០​នាក់​  ។​
គួរ​រំលឹក​ថា​ សម្រាប់​ការងារ​ឆ្នាំ​សិក្សា​២០១១-២០១២​កន្លង​មក​ការងារ​អប់រំ​ក្រៅ​ប្រព័ន្ធ​កម្មវិធី​ អក្ខរកម្ម​បាន​បណ្ដុះបណ្ដាល​ដល់​យុ​វ័យ​ដែល​បោះបង់​សាលា​ និង​ប្រជាពលរដ្ឋ​ស្ម​គ្រ័​ចិត្ដបាន​ចំនួន​ ៣៤៩៦៤​នាក់​ ស្រី​៦២៥៤​នាក់​ ស្មើនឹង​៦២​ភាគរយ​ ។​ ដោយឡែក​ការងារ​បណ្ដុះបណ្ដាល​ និង​វិ​ក្រិត​ការ​ សិស្ស​ប្រឡង​បញ្ចប់​ការ​បណ្ដុះបណ្ដាល​ជា​គ្រូបង្រៀន ​នៅ​គ្រប់​ភូមិ​សិក្សា​ចំនួន​៤៨២៤​នាក់​ ស្រី​៥៣៦៤​នាក់​ ស្មី​នឹង​៥៣​ភាគរយ​ ។​
​ក្នុង​ឱកាស​នេះ​ដែរ​លោក​ អ៊ឹម​ សិ​ទ្ធី​ បាន​កត់​សម្គាល់ថា​ គុណភាព​ និង​ប្រសិទ្ធភាព​នៅ​គ្រប់​ភូមិ​សិក្សា​ក៏​ត្រូវ​តែ​ពង្រឹង​ថែម​ទៀត​ ។​ ដោយ​សម្គាល់​នៅ​ឆ្នាំ​សិក្សា​២០១១​ -២០១២​នេះ​ឃើញ​ថា​ អត្រា​សិស្ស​បោះបង់​សាលា​ នៅ​មធ្យមសិក្សា​បឋម​ភូមិ​ មាន​ខ្ពស់​ណាស់​គឺ​២១,៧​ភាគ​ រយ​ដែល​បញ្ហា​នេះ​គួរ​ឱ្យ​ព្រួយបារម្ភ​ ។​  ដូច្នេះ​ហើយ​ទើប​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​បាន​ផ្ដល់​នូវ​គោល​ជំហរ​មួយ​ច្បាស់លាស់​គ្រប់​ភូមិ​សិក្សា​នៅ​ទូ​ទាំង​ប្រទេស​ត្រូវ​តែ​កសាង​ជា​ផែនការ​ យុទ្ធសាស្ដ្រ​ ដូច​ជា​ការ​បណ្ដុះបណ្ដាល​ដល់​សិស្ស​  និស្សិត​ត្រូវ​តែ​មាន​ជំនាញ​ច្បាស់លាស់​ និង​ត្រូវ​ឆ្លើយ​តប​ទៅ​នឹង​បច្ចុប្បន្នភាព​តម្រូវការ​ទីផ្សារពលកម្ម​ផង​ដែរ​ ៕