Thursday, September 13, 2012

មន្ត្រី​ប៉េអឹម​ចូល​ផឹក​ស៊ី​ស្រវឹង​បោក​កែវ​បោក​ចាន​ភ្ជង់​គំរាម​ស្រីៗ​ក្នុង​ហាង​ប៉េអឹម​ខណ្ឌ​ចាប់​យក​ទៅ​មួយ​ភ្លែត​ដោះលែង​វិញ​

ភ្នំពេញ​ ៖ ​មន្ត្រី​ប៉េអឹម​ម្នាក់​រួម​ទាំង​បក្ខពួក​៣​នាក់​ទៀត​បន្ទាប់ពី​ផឹកស៊ី​ស្រវឹង​ធ្លាក់​ភ្នែក​បាន​បោក​កែវ​បោក​ចាន​បោក​កន្ថោ​ជ័រ​ដាក់​ទឹក​ហើយ​ដក​កាំភ្លើងខ្លី​ភ្ជង់​គំរាម​ស្រីៗ​បម្រើ​ក្នុង​ហាង​ផ្អើល​ជាន់​ជើង​គ្នា​តែ​ត្រូវ​ម្ចាស់​ហាង​ទូរស័ព្ទ​ប្ដឹង​ប៉េអឹម​មូលដ្ឋាន​ឲ្យ​ចាប់​ខ្លួន​នៅ​ពេល​នាំមក​កាន់​ទីបញ្ជាការ​កងរាជ​អាវុធហត្ថ​ខណ្ឌ​ដង្កោ​បាន​មួយ​ភ្លែត​ក៏បាន​ដោះលែង​វិញ​ ធ្វើ​ឲ្យ​ម្ចាស់​ហាង​ខកចិត្ត​យ៉ាង​ខ្លាំង។
​ ​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២៣​និង​២០​នាទី​យប់​ថ្ងៃទី​១១ ​ខែកញ្ញា ឆ្នាំ​២០១២ នៅក្នុង​ហាង​បៀរហ្គាឌិន ​ស្ថិត​ក្នុង​ភូមិ​ម័ល​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​។​ ក្រុម​ជន​បង្ក​មាន​បក្ខពួក​៤​នាក់​ក្នុង​នោះ​គេ​ស្គាល់ឈ្មោះ ម្នាក់ គឺ​ថោង គិរី ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​ជា​មន្ត្រី​ប៉េអិម​នៃ​ការិយាល័យ​សម្ភារៈ​បច្ចេកទេស​ស្នាក់នៅ​ភូមិ​ត្នោតជ្រុំ​ សង្កាត់​ពុន​ ខណ្ឌមានជ័យ។
តាម​ម្ចាស់​ហាង​បាន​បំភ្លឺ​ប្រាប់​ថា ​មុន​ពេល​កើតហេតុ​ប៉េអឹម​ម្នាក់នេះ​បាន​នាំ​បក្ខពួក​៣​នាក់​ទៀត​ចូលទៅ​ផឹកស៊ី​ក្នុង​ហាង​ពៅ​រតនា​យ៉ាង​សប្បាយរីករាយ​ដោយ​ផឹក​ផង​ច្រៀង​ផង បន្ទាប់ពី​ផឹក​ស្រវឹង​រៀងៗ​ពួកគេ​បាន​បោក​កែវ បោក​ធុង​ទឹកកក​បែក​អស់​។​
​ ​ប្រភព​បន្តថា បន្ទាប់ពី​បោក​បែក​អស់ហើយ មន្ត្រី​ប៉េអឹម​រូបនេះ​បាន​ហៅ​ស្រីៗ បម្រើ​ស្រា​បៀរ​ក្នុង​ហាង​ឲ្យ​មក​ចូលរួម​អង្គុយ​កំដរ​ពួកគេ តែ​ពេលនោះ​ដោយសារ​ក្រុម​ស្រីៗ មានការ​ភិតភ័យ​ពេក​មិន​ហ៊ាន​អង្គុយ​កំដរ​ភ្ញៀវ​ប្រភេទ​នោះទេ​។ កាយវិការ​បែបនេះ​ធ្វើ​ឲ្យ​ក្រុម​បង្ក​នេះ​ខឹង​ក៏​ដក​កាំភ្លើង​ខ្លីម៉ាក​K-54​ពី​ចង្កេះ​មក​ភ្ជង់​គំរាម​ស្រីៗ ទាំងនោះ​។ ម្ចាស់​ហាង​ដោយ​ឃើញបែបនេះ​ក៏​ទូរស័ព្ទ​ប្ដឹង​ប៉េអឹម​ខណ្ឌដង្កោ​ ឲ្យ​ចាត់ការ​តែ​នៅពេល​ប៉េអឹម​ខណ្ឌ​ហៅ​ជន​បង្ក​ទាំង​៤​នាក់​នោះមក​សួរនាំ ពួកគេ​បាន​និយាយថា​ពួកគេ​មិនបាន​ដក​កាំភ្លើង​ភ្ជង់​អ្នកណា​ទេ គ្រាន់តែ​បោក​ចាន​កំសាន្ត​ពេល​ស្រវឹង​ប៉ុណ្ណោះ​។ ក្រោយពី​សួរនាំ​ចប់ ក៏​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​គ្មាន​វិធានការ​អ្វី​ទេ​ធ្វើ​ឲ្យ​ម្ចាស់​ហាង​ខកចិត្ត​៕
វិទូ