Thursday, September 13, 2012

សង់ស្ពាន​ដែក​ជំនួស​ផ្លូវ​ដែល​តែងតែ​ជំនន់​ទឹក​ភ្លៀង​បុក​ផ្ដាច់​រាល់​ឆ្នាំ​

M13-c-fullបន្ទាយមានជ័យ ​៖ ​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​ រួម​ជាមួយ​មន្ទីរ​សាធារណការ​ បន្ទាប់​ពី​ចុះ​ពិនិត្យ​ផល​ប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង​ធ្លាក់​ ពី​ថៃ​ដែល​ធ្វើ​ឲ្យ​លិច​លំនៅដ្ឋាន​ស្រែចម្ការ​និង​បាន​បុក​ផ្ដាច់​ផ្លូវ​បំបែក​ពី​ផ្លូវជាតិ​លេខ ​៥ ត្រង់​អូរ​ខៃ​ដន​សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែត​បាន​ត្រួតពិនិត្យ​ដំណើរការ​ដំឡើង​ស្ពានដែក​ថ្មី​ប្រវែង​២២​ម៉ែត្រ​ជំនួស​ផ្លូវ​ត្រង់​ទឹក​បុក​ដាច់។ ការ​ចុះពិនិត្យ​នេះ​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​ ១២ ​ខែ​កញ្ញា ​ឆ្នាំ២០១២។
 មុន​ការ​ចុះពិនិត្យ​ការធ្វើ​ស្ពាន​ថ្មី របស់​លោក អ៊ុង អឿន អភិបាលខេត្ត​បន្ទាយមានជ័យ លោក ទ្រី ណារិន អភិបាលរង​ខេត្តបន្ទាយមានជ័យ , លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត​និង​មន្ត្រី​បាន​ទៅ​ពិនិត្យ​និង​វាយតម្លៃ​បន្ត​បន្ទាប់ពី​ផល​ប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង​ធ្លាក់​ពី​ថៃ​ថ្ងៃទី ៩ ដល់​ថ្ងៃទី ១១ ខែ​កញ្ញា ​ឆ្នាំ​២០១២ ធ្វើឲ្យប៉ះពាល់​ផ្នែក​ខ្លះ​នៃ​ភូមិ​ប៉ោយប៉ែត , ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយប៉ែត ,ភូមិ​គីឡូម៉ែត្រ​លេខ​៤ , ភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារ​កណ្ដាល , ភូមិ​សុខសាន្ត , ភូមិ​អូរ​ខៃ​ដន សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែត​ និង​ភូមិ​សន្តិភាព ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ ដោយ​មានផ្ទះ​ប្រជាពលរដ្ឋ ១៣០ ខ្នង ក្នុង​នោះ ៣០ ខ្នង ប៉ះពាល់​ធ្ងន់ធ្ងរ ហើយ​និង ពិនិត្យ​ទីតាំង​ត្រូវ​សង់​ស្ពានដែក​បេ​ឡេ​ជំនួស​ផ្លូវ​ដែល​ទឹក​បុក​ដាច់។​
​ ​លោក អ៊ុង អឿន អភិបាលខេត្ត​បន្ទាយមានជ័យ រួមជាមួយ​លោក គឹម សុវណ្ណ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត , អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​ដែល​បាន​ស្រក​និង​ដឹកនាំ​ការស្ថាបនា​ស្ពានដែក​បេ​ឡេ​បណ្ដោះអាសន្ន​ត្រង់​ផ្លូវ​នៃ​ទំនប់​អាង​អូរ​ខៃ​ដន​នៅ​ភូមិ​យាង​ថ្មី ភ្ជាប់​ទៅ​ភូមិ​សុខសាន្ត , ភូមិ​អូរ​ខៃ​ដន , ភូមិ​សន្តិ​សភាព ដែល​ជំនន់​ទឹកភ្លៀង​បុក​ដាច់។​
​ ​លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ថា ដោយមាន​ការ​យកចិត្ត​ទុកដាក់​ពី​សុខទុក្ខ​និង​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​និង​តាម​ការណែនាំ របស់លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល​ចុះជួយ​ខេត្តបន្ទាយមានជ័យ ក្នុងនោះ​មន្ត្រី​ជំនាញ​សាធារណការ​បាន​ដំណើរការ​ស្ទូច ,បុកគ្រឹះ និង សង់ស្ពាន​នេះ អោយ​រួចរាល់​ឆាប់ៗ​នៅ​រវាង​១ ឬក៏ ២​ថ្ងៃ តាម​ការណែនាំ​របស់លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដើម្បី​ពលរដ្ឋ ព្រះសង្ឃ ឆ្លងកាត់​បាន​ស្រួល​ឡើងវិញ។​
​ ​លោក គឹម សុវណ្ណ និយាយ​ថា​ ដំបូង​គេ​ប្រុង​សង់​ស្ពានដែក​បេ​ឡេ​ត្រឹម​១៦​ម៉ែត្រ តែ​បន្ទាប់មក មុខទឹក​បុក​ថ្នល់​ដាច់​ធំ​ឡើង​ទើប​តម្រូវឲ្យ​មន្ទីរ​បន្ថែម ​ស្ពាន​ដល់ ២២ ម៉ែត្រ។ ក្រុម​ជាង​មមាញឹក​សាងសង់។​
​ ​គួរ​បញ្ជាក់​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ទឹកជំនន់​ពី​ប្រទេស​ថៃ និង​ជំនន់​ទឹកភ្លៀង​តែង​ធ្វើឲ្យ​លិចលង់​លំនៅឋាន ផ្លូវថ្នល់ ស្រែចម្ការ របស់​ប្រជាពលរដ្ឋ ជាពិសេស​នៅ​ចំណុច​ភូមិ​ដែល​សាងសង់​ស្ពាន​ថ្មី​ខាងលើ​មាន​លំនៅឋាន​ប្រជាពលរដ្ឋ​ប្រមាណ​ជា ១០ ខ្នង ដែល​សង់​នៅក្នុង​ប្រឡាយ​តែង​រង​ផលប៉ះពាល់​លិចលង់៕