Thursday, September 13, 2012

រដ្ឋមន្ត្រី​ថាមពល​អាស៊ាន​ចង់​ឲ្យ​មាន​ពាណិជ្ជកម្ម​ធ្យូងថ្ម​នៅក្នុង​តំបន់

រាជធានី​ភ្នំពេញ៖ នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន​លើក​ទី៣០នៅក្នុង​រាជធានី​ភ្នំពេញ​បណ្តា​រដ្ឋមន្ត្រី​អាស៊ាន ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ធ្យូងថ្ម​មួយ​នៅក្នុង​តំបន់។ នេះ​បើតាម​ប្រសាសន៍​របស់​ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល​នៅក្នុង​សន្និសីទកាសែត​កាលពី​ល្ងាច​ថ្ងៃទី១២ខែកញ្ញា កន្លងទៅ។

ឯកឧត្តម ស៊ុយ សែម បាន​មានប្រសាសន៍​បញ្ជាក់ថា “រដ្ឋមន្ត្រី​អាស៊ាន​ទាំងអស់ បាន​ជំរុញ​ឲ្យ​ឧ​ត្ត​ម​មន្ត្រី​ថាមពល​អាស៊ាន​ព​ន្លឿ​ន​ការងារ​រៀបចំ​កិច្ច​ព្រម ព្រៀង​ស្តីពី​ការប្រើប្រាស់​និង​ការធ្វើ​ពាណិជ្ជកម្ម​ធ្យូងថ្ម​អាស៊ាន”។

ឯកឧត្តម​បាន​បន្តទៀតថា ការ​ព​ន្លឿ​ន​នេះ​គឺ​ដើម្បី​ធានា​ការផ្គត់ផ្គង់​និង​ការធ្វើ​ពាណិជ្ជកម្ម​ធ្យូងថ្ម​នៅក្នុង​តំបន់​ព្រមទាំង​ការប្រើប្រាស់​នូវ​បច្ចេកទេស​ធ្យូងថ្ម​ស្អាត​រួមទាំង​ការសិក្សា ស្រាវជ្រាវ​បច្ចេកវិទ្យា​ការចាប់យក​និង​ស្តុក​ទុក​សារធាតុ​កាបូន។

ឯកឧត្តម​បាន​បន្តទៀតថា ធ្យូងថ្ម កំពុងតែ​ដើរតួនាទី​ជា​ឥន្ធនៈ​យ៉ាងសំខាន់​សំរាប់​កំណើន​ពិពិធ​កម្ម​ថាមពល​នៅក្នុង​តំបន់។

បណ្តា​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន​ក៏បាន​ជំរុញ​និង​លើកទឹកចិត្ត ឲ្យ​តំបន់​បង្កើត​នូវ​យន្តការផ្សេងៗដើម្បី​បង្កើន​នូវ​សមាមាត្រ​ថាមពល​កកើតឡើង​វិញ​ឲ្យ​បាន១៥ភាគរយ​នៃ​អនុភាព​សរុប​នៅក្នុង​តំបន់​នា​ឆ្នាំ២០១៥ខាងមុខនេះ។

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន​លើក​ទី៣០នោះ​គឺមាន​ការចូលរួម​ពី​មាន បណ្តា​រដ្ឋមន្ត្រី និង​ឧ​ត្ត​ម​មន្ត្រី ប្រទេស​ចំនួន១៨ ដែល​រួមមាន ប្រទេស​កម្ពុជា ឡាវ ភូមា ថៃ វៀតណាម ម៉ាឡេស៊ី ប្រុយ​ណេ ហ្វី​លី​ពិន សាំង​ហ្គា​ពួរ ឥណ្ឌូនេស៊ី ចិន កូរ៉េ​ខាង ត្បូង ជប៉ុន អូស្ត្រាលី ឥណ្ឌា ញូ​វ​សេ​ឡង់ រុស្សី និង​អាមេរិក៕