Thursday, September 13, 2012

ប្រជាពលរដ្ឋ​សង្កាត់​ទួល​ទំពូង​១​ព្រួយបារម្ភ​នៅ​ពេលស្ថានីយ​ប្រេង​មួយ​បាន​សង់​ក្បែរ​លំនៅ​ឋាន​ពួក​គាត់​

​ភ្នំពេញ​ ៖​ ប្រជាពលរដ្ឋ​រស់នៅ​ចំណុច​ផ្លូវ​១៦៣​ កែង​ផ្លូវ​៤០៨​ ក្នុង​សង្កាត់​ទួល​ ទំពូង​១​ ខណ្ឌចំការមន​ បាន​សម្ដែង​ក្ដី​ ព្រួយបារម្ភ​អំពី​សុវត្ថិភាព​រស់នៅ​ ខណៈ​ស្ថានីយប្រេងឥន្ធនៈ​មួយ​ ដែល​មាន​ស្លាក​សញ្ញា​សូ​គី​ម៉ិច​សាងសង់​ក្បែរ​លំនៅ​ឋាន​របស់​ពួក​គាត់​ ។​
​ប្រជាពលរដ្ឋ​រស់នៅ​ចំណុច​ផ្លូវ​១៦៣​ កែង​ផ្លូវ​៤៧៨​ បាន​រៀបរាប់​ឱ្យ​កាសែត​ នគរវត្ដ​ដឹង​ថា​ សព្វ​ថ្ងៃនេះ​មាន​ស្ថានីយ​ ប្រេងឥន្ធនៈ​មួយ​កំពុង​សាងសង់​ដើម្បី​ បើក​អាជីវកម្ម​លក់ដូរ​ប្រេង​ ដែល​ធ្វើ​ឱ្យ​ ពួក​គាត់​មាន​ក្ដី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ អគ្គី​ភ័យ​ដែល​កើត​មាន​ជាយថាហេតុ​ ។​ ពួក​គាត់​បន្ដ​ថា​ បើសិនជា​បើសិនជា​ស្ថានីយ​ ប្រេង​មួយ​នេះ​សាងសង់​រួចរាល់​ ហើយ​ បើក​អាជីវកម្ម​លក់ដូរ​ គឺ​អាច​និង​បង្ក​ការ​ ឆាបឆេះ​ជាយថាហេតុ​ណាមួយ​ ដូច​ជា​ ករណី​ស្ថានីយប្រេងឥន្ធនៈ​ នៅ​ម្ដុំ​បុរី​កីឡា​ ក្នុង​ខណ្ឌ​៧​មក​រា​កាលពី​ឆ្នាំ​កន្លង​ទៅ​ដែល​ បាន​ឆាបឆេះ​រាលដាល​ទៅ​ដល់​លំនៅ​ ឋាន​ប្រជាពលរដ្ឋ​អស់​ជា​ច្រើន​គ្រួសារ​ និង​បំផ្លាញ​ទ្រព្យសម្បត្ដិ​អស់​រាប់​ម៉ឺន​ដុល្លារ​ទៀត​ផង​ ។​
​ប្រភព​ពី​ប្រជាពលរដ្ឋ​ខាងលើ​ក៏​បាន​ បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា​ មិនដឹង​ថា​អាជ្ញាធរ​ ដែនដី​បាន​សិក្សា​ច្បាស់លាស់​ឬ​យ៉ាង​ ណា​នោះ​ទេ​ ទើប​អនុញ្ញាត​ឱ្យ​សង់​ស្ថានីយ​ ប្រេង​ដែល​មាន​ស្លាក​យីហោ​ សូ​គី​ម៉ិច​ ខាងលើ​នេះ​ ពីព្រោះ​បើ​មើលទៅ​លើ​ ស្ថានភាព​ គឺ​មាន​ភាព​ផុយ​ស្រួយ​ ដែល​ បង្ក​ការ​ឆាបឆេះ​ខ្លាំង​ណាស់​ ពីព្រោះ​តែ​ស្ថានីយ​ប្រេង​មួយ​នេះ​សាងសង់​ឡើង​នៅ​ ជាប់​នឹង​ផ្លូវ​ ពុំ​មាន​ទីធ្លា​ទូលាយ​សម្រាប់​ រថយន្ដ​ ឬ​ម៉ូតូ​ចេញ​-​ចូល​ដូច​បណ្ដា​ស្ថានីយ​ ផ្សេងៗ​ទៀត​ឡើយ​ ។​
​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ម្ដុំ​ផ្លូវ​ ១៦៣​កែង​ផ្លូវ​៤៧៨​ ក្នុង​សង្កាត់​ទួល​ទំពូង​១​ ខណ្ឌចំការមន​ បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ មូលដ្ឋាន​ គួរតែ​អន្ដរាគមន៍​បញ្ឈប់​ការ​ សាងសង់​ស្ថានីយប្រេងឥន្ធនៈ​មួយ​នេះ​ ពីព្រោះ​បើសិនជា​ទុក​ឱ្យ​ស្ថានីយ​នេះ​ ប្រកប​អាជីវកម្ម​ ពួក​គាត់​រស់នៅ​ជិតខាង​ ពិតជា​មាន​ក្ដី​បារម្ភ​គ្មាន​ថ្ងៃ​ស្រាកស្រាន្ដ​នោះ​ទេ ។​
​ពួក​គាត់​បាន​បន្ដ​ទៀត​ថា​ មិន​មាន​ចេតនា​បំបិទ​អាជីវកម្ម​ប្រេង​របស់​ក្រុម​ហ៊ុន​សូ​គី​ម៉ិច​នោះ​ទេ​ ប៉ុន្ដែ​បើ​ធ្វើ​អាជីវកម្ម​ គួរ​ណាស់​តែ​គិត​ពី​ផល​ប៉ះពាល់​ដល់​អាយុ​ជីវិត​​ ​ទ្រព្យសម្បត្ដិ​របស់​ពលរដ្ឋ​ខ្លះ​ផង​ ៕