Thursday, September 13, 2012

សមត្ថកិច្ច​ថៃ​បាញ់​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​របួសធ្ងន់​នៅ​ក្បែរ​ច្រក​អានសេះ​ក្នុង​ខេត្តព្រះវិហារ​

​ខេត្តព្រះវិហារ​ ៖​ ប្រជាពលរដ្ឋ​ម្នាក់​បាន​រង​របួសធ្ងន់​ ដោយសារ​គ្រាប់កាំភ្លើង​សមត្ថកិច្ច​ថៃ​ បន្ទាប់​ពី​លួច​ឆ្លង​ដែន​ទៅរ​កកាប់​ឈើ​គ្រញូង​ខុសច្បាប់​នៅ​ចំណុច​ខាងជើង​ ឈាង​ខាងកើត​ច្រកព្រំដែន​អានសេះ​ ខេត្តព្រះវិហារ​។​
​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​នគរបាល​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ កញ្ញា​ ឆ្នាំ​២០១២​ ក្រោយ​ពេល​ដែល​ លោកស្នងការ​នគរបាល​ខេត្តព្រះវិហារ​ ដឹកនាំ​គណៈប្រតិភូ​នាំ​យក​ថវិការ​ និង​សំភារៈ​មួយ​ចំនួន​ ទៅ​សួរសុខទុក្ខ​ជន​រង​គ្រោះ​ដល់​មន្ទី​ពេទ្យ​បង្អែក​១៦​មក​រា​ បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​មានឈ្មោះ​ ស្រេង​ សំណាង​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ភូមិ​ទន្លេ​ជ្រៃ​ ឃុំ​ក​ញ្ច​ម​ ស្រុក​ពារាំង​ ខេត្តព្រៃវែង​។​
​ប្រភព​ខាងលើ​ដកស្រង់​សំដី​ពី​ប្រជាពលរដ្ឋ​ដែល​រត់គេច​ខ្លួន​ពី​ហេតុ​ការ​ បាញ់ប្រហារ​ខាងលើ​ បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​៨​និង​០០​នាទី​ ថ្ងៃ​ទី​១២​កញ្ញា​ ២០១២​ សមត្ថកិច្ច​បាន​ធ្វើការ​បាញ់ប្រហារ​មក​លើ​ ប្រជាពលរដ្ឋ​កម្ពុជា​ ដែល​ឡើង​ភ្នំ​កាប់​ឈើ​គ្រញូង​ នៅ​ចំណុច​ខាងជើង​ឈាង​ខាងកើត​ ច្រកព្រំដែន​អានសេះ​ បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ខាងលើ​របួសធ្ងន់​ត្រង់​ពោះ​។​
​គួរ​រំលឹក​ថា​ ពលរដ្ឋ​ខ្មែរ​៣៨​នាក់​បាន​ស្លាប់​និង​១០​នាក់​ រង​របួស​ដោយសារ​សមត្ថកិច្ច​ថៃ​បាញ់​ ក្នុង​រយៈពេល​៦​ខែ​ ដើមឆ្នាំ​ ២០១២​ ។​ នេះ​បើ​តាម​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​ឆមាស​ទី​១​ និង​ទិស​ដៅ​ឆមាស​ទី​២​ ឆ្នាំ​២០១២​ របស់​ ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​ កាលពី​ព្រឹក​ថៃ្ង​ទី​១៣​ ខែសីហា​ ឆ្នាំ​២០១២​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ក្រោម​អធិបតី​ ភាព​របស់់​លោក​សៀ​ក​ សុ​ជាតិ​ នាយ​រង​សេនាធិការ​ចំរុះ​និង​ជានា​យក​ទីចាត់ការ​ការងារ​តាម​ព្រំដែន​។​
​សូម​បញ្ជាក់​ផង​ដែរ​ថា​ កន្លង​មក​អ​ជ្ញា​ធរ​កម្ពុជា​បាន​អំពាវនាវ​ជា​បន្តបន្ទាប់​ ក៍​ដូច​ជា​ធ្វើ​សកម្មភាព​ទប់ស្កាត់​ ហាម​មិន​ឲ្យ​ជនជាតិ​កម្ពុជា​ឆ្លង​ដែន​ឆ្លង​ដែន​ខុសច្បាប់​ទៅរ​កកាប់​ឈើ​ក្នុង​ទឹកដី​ថៃ​ និង​បាន​ប្រជុំ​ជាមួយ​អ​ជ្ញា​ធរ​ភាគី​ថៃ​ មិន​ឲ្យ​មានការ​បាញ់​មក​លើ​ពលរដ្ឋ​កម្ពុជា​បន្ត​ទៀត​ ប៉ុន្តែ​សកម្មភាព​ខាងលើ​នៅ​តែ​កើត​មាន​ជា​បន្តបន្ទាប់​។​
​បច្ចុប្បន្ន​ ជន​រង​គ្រោះ​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ខាងលើ​ ហើយ​អ​ជ្ញា​ធរ​ខេត្តព្រះវិហារ​នៅ​តែ​បន្ត​អនុវត្ត​សកម្មភាព​ទប់ស្កាត់​មិន​ ឲ្យ​ប្រជាពលរដ្ឋ​ឆ្លង​ដែន​ខុសច្បាប់​ជា​បន្តបន្ទាប់​៕