Thursday, September 13, 2012

អាមេរិក ប្រកាស​ផ្តល់​លុយ ៥ លាន​ដុល្លារ ដល់​ភាគី​អន្តរជាតិ នៅ​សាលាក្តី​ខ្មែរក្រហម

ភ្នំពេញ: រដ្ឋាភិបាល​សហរដ្ឋអាមេរិក បាន​ប្រកាស​ផ្តល់​លុយ ៥ លាន​ដុល្លារ ដល់​ភាគី​អន្តរជាតិ នៅ​សាលាក្តី​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​។ សេចក្តីប្រកាស​ដូច្នេះ បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ភាគី​អន្តរជាតិ របស់​តុលាការ​ចម្រុះ​កាត់ទោស​មេ​ខ្មែរក្រហម កំពុង​ប្រឈម​នឹង​កង្វះ​ថវិកា ពិសេស​នៅ​ខាង​ភាគី​អន្តរជាតិ នឹង​ត្រូវ​អស់​ថវិកា ចាប់ពី​ខែ​តុលា​។​

​ក្នុង​សន្និសីទកាសែត នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១២ នៅ​សណ្ឋាគារ ឡឺ​រ៉ូយ៉ាល់ លោក​ឯកអគ្គរដ្ឋទូត​គោចរ​អាមេរិក ទទួលបន្ទុក​កិច្ចការ​ឧក្រិដ្ឋកម្ម​សង្គ្រាម លោក Stephen Rapp បានប្រកាសថា រដ្ឋាភិបាល​អាមេរិក សន្យា​ផ្តល់​លុយ ៥ លាន​ដុល្លារ​អាមេរិក ដល់​ភាគី​អន្តរជាតិ ក្នុង​តុលាការ​ខ្មែរក្រហម​។ សំណើរ​ចំណាយ​ថវិកា​ដល់​សាលាក្តី​ខ្មែរក្រហម​នោះ ត្រូវបាន​ដាក់​ទៅ​កាន់​រដ្ឋសភា​អាមេរិក ដើម្បី​អនុម័ត​ហើយ​។ ការសម្រេច​ផ្តល់​ជំនួយ​បន្ថែម​ដល់​ភាគី​អន្តរជាតិ​នេះ គឺ​ដើម្បី​ផលប្រយោជន៍​រួម​របស់​តុលាការ​ខ្មែរក្រហម​។​

​លោក Stephen Rapp បាន​បន្ថែមថា ការសម្រេចចិត្ត​របស់​អាមេរិក​ក្នុង​ការផ្តល់​ជំនួយ​បន្ថែម ៥ លាន​ដុល្លារ​ដល់​តុលាការ​ខ្មែរក្រហម​ដូច្នេះ ដោយសារ​តែ​ការលើកឡើង​ពី​បញ្ហា​អំពើពុករលួយ ក្នុង​តុលាការ​ខ្មែរក្រហម បាន​ដោះស្រាយ​ចប់សព្វគ្រប់​។ កាលពី​ឆ្នាំ​២០០៩ សហរដ្ឋអាមេរិក បាន​ផ្តល់​ជំនួយ​ដល់​សាលាក្តី​ខ្មែរក្រហម​ចំនួន ១២ លាន​ដុល្លារ​។​

​ជាមួយ​នឹង​ការលើកឡើង​ដូច្នេះ លោក​ឯកអគ្គរដ្ឋទូត​គោចរ Stephen Rapp ក៏​បានឲ្យដឹងថា សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ ក្នុង​តុលាការ​ខ្មែរក្រហម ជនជាតិ​អាមេរិក ដែល​ទើប​តែងតាំង នឹង​មក​បំពេញ​ការងារ​ក្នុង​ពេល​ឆាប់ៗ​នេះ ដើម្បី​បន្ត​ការស៊ើបអង្កេត​លើ​សំណុំរឿង​០០៣ និង​០០៤​។ 

​ជាមួយគ្នា​នោះ លោក​ឯកអគ្គរដ្ឋទូត​គោចរ​សហរដ្ឋអាមេរិក ក៏​បាន​សម្តែង​ការស្វាគមន៍​ចំពោះ​សាលាក្តី​ខ្មែរក្រហម ដែល​កំពុង​ដំណើរការ​កាត់ក្តី​លើ​សំណុំរឿង​០០២ លើ​អតីត​មេ​ខ្មែរក្រហម ៣ រូប គឺ​លោក​នួន​ជា លោក​អៀង​សារី និង​លោក​ខៀវ​សំផន​។​

​លោក Stephen Rapp ក៏​បាន​ស្វាគមន៍​ចំពោះ​គម្រោង​ដោះលែង​លោក​ស្រី អៀង ធីរិទ្ធ ដែល​តុលាការ​ខ្មែរក្រហម បានសម្រេច ដោយ​សំអាង​ថា លោកស្រី​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សង្គមកិច្ច​ខ្មែរក្រហម មាន​ជំងឺរ​ង្វេង​រង្វាន់​ស្មារតី​ធ្ងន់ធ្ងរ និង​មិន​អាច​ព្យាបាល​បាន​។​

​សូម​រម្លឹកថា លោក Stephen Rapp បាន​មក​ទស្សនកិច្ច នៅ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១២​។ ក្នុងអំឡុង​ទស្សនកិច្ច​នេះ លោក​ឯកអគ្គរដ្ឋទូត Rapp បាន​ជួប​ជាមួយ​មន្ត្រី​សាលាក្តី​ខ្មែរក្រហម និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត ដើម្បី​ពិភាក្សា​ពី​ការគាំទ្រ​ចាំបាច់ សម្រាប់​អង្គជំនុំជម្រះ​វិសាមញ្ញ ក្នុង​តុលាការ​កម្ពុជា (ECCC) ដើម្បី​ឲ្យ​តុលាការ​នេះ បំពេញ​ការងារ​ក្នុង​អាណត្តិ​របស់​ខ្លួន​៕​