Thursday, September 13, 2012

កិច្ចប្រជុំក្រៅផ្លូវការរវាងឧត្តមមន្ត្រីអាស៊ាន និងចិន ចាប់ផ្តើម នៅរសៀលថ្ងៃទី១៣កញ្ញានេះ

ភ្នំពេញ: លោកស្រី សឿង រដ្ឋ​ចា​វី រដ្ឋលេខាធិការ​ក្រសួងការបរទេស បាន​លើកឡើងថា កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ក្រៅផ្លូវការ​ថ្នាក់​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន និង​ចិន ស្តីពី ក្រម​ប្រតិបត្តិ (COC) នៅ​សមុទ្រ​ចិន​ខាងត្បូង នឹង​ចាប់ផ្តើម​ប្រជុំ នៅ​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់ នៅ​រសៀល​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១២​។ 

​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា បាន​បង្ហាញថា តាម​សំណើរ​របស់​កម្ពុជា និង​មានការ​ឯកភាព​ពីស​មា​ជិ​ក​អាស៊ាន​ទាំងអស់ កម្ពុជា​បានធ្វើ​ជា​ម្ចាស់ផ្ទះ នៃ​កិច្ច​ពិគ្រោះ​យោបល់​ក្រៅផ្លូវការ​ថ្នាក់​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន និង​ចិន ស្តីពី ក្រម​ប្រតិបត្តិ​(COC) នៅ​សមុទ្រ​ចិន​ខាងត្បូង​។ នេះ​ជា​លើក​ទី​៣ ដែល​កម្ពុជា បាន​ផ្តួចផ្តើម​ឲ្យ​មាន​កិច្ចប្រជុំ​ស្តីពី​ក្រម​ប្រតិបត្តិ​នេះ ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​ធ្វើ​ការងារ​ឆ្ពោះទៅរក​ការតាក់តែង​ក្រម​ប្រតិបត្តិ​(COC)​។ 

​លោកស្រី សឿង រដ្ឋ​ចា​វី រដ្ឋលេខាធិការ​ក្រសួងការបរទេស ដែលជា​ឧ​ត្ត​ម​មន្ត្រី​របស់​កម្ពុជា ក្នុងនាម​ជា​ប្រធាន​អាស៊ាន បាន​ថ្លែងថា ក្នុងចំណោម​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន​ទាំងអស់គ្នា ចង់​បន្ត​ឲ្យ​មានការ​ពិភាក្សា​ក្រៅផ្លូវការ​រវាង​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន និង​ចិន គឺមាន​សារៈសំខាន់​ខ្លាំងណាស់ ដើម្បី​ឈានទៅរក​ការពិភាក្សា​ជា​ផ្លូវការ នៃ​ថ្នាក់​អនុរដ្ឋមន្ត្រី​អាស៊ាន និង​ចិន ទៅលើ​បញ្ហា​តាក់តែង​ក្រម​ប្រតិបត្តិ COC ស្តីពី​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

​លោកស្រី​រដ្ឋលេខាធិការ បាន​មានប្រសាសន៍​បន្តថា "​បញ្ហា​ក្រម​ប្រតិបត្តិ COC សមុទ្រ​ចិន​ខាងត្បូង គឺ​យើង​ពិភាក្សាគ្នា ហើយ​សមាជិក​អាស៊ាន​ទាំងអស់​រីករាយ ចង់​ឲ្យ​មាន​ការបន្ត​ការពិភាក្សា​ក្រៅផ្លូវការ​។ ដូច្នេះ​នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ ដែល​សម្តែង​ពី​ឆ​ន្ទះ​របស់​អាស៊ាន និង​ចិន ក្នុងការ​ប្ត​ខិតខំ​ធ្វើការ​ជា​បន្តទៀត នៅក្នុង​បញ្ហា​ក្រម​ប្រតិបត្តិ COC សមុទ្រ​ចិន​ខាងត្បូង​"​។​

​លោកស្រី សឿង រដ្ឋ​ចា​វី បាន​បញ្ជាក់ថា ឥ​ឡុ​វ​នេះ យើង​កំពុងតែ​ដំណើរការ​យើង​មិនទាន់​អាច​និយាយថា អ្វី​ជា​ឧបសគ្គ​នៃ​ការពិភាក្សា​ក្រម​ប្រតិបត្តិ  COC សមុទ្រ​ចិន​ខាងត្បូង រវាង​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន និង​ឧ​ត្ត​ម​មន្ត្រី​ចិន​ទេ ពីព្រោះ​យើង​កំពុងដំណើរការ​នៃ​ការពិភាក្សា​ក្រៅផ្លូវការ ដែល​នឹង​ទទួលបាន​សញ្ញា​វិជ្ជមាន សម្រាប់​ឈានទៅដល់​ការពិភាក្សា​ជា​ផ្លូវការ នៅពេល​ខាងមុខ ដែល​ប្រទេស​អាស៊ាន​ទាំងអស់​ឯកភាពគ្នា ជាមួយ​ចិន ពីព្រោះ​នេះ ជា​សំណើរ​របស់​ចិន ដែល​ស្នើសុំ​ឲ្យ​មាន​កិច្ចប្រជុំ​បែបនេះ​៕​