Thursday, September 13, 2012

ពិធី​ផ្សព្វផ្សាយ​ការ​បោះបង្គោល​ព្រំដែន​កម្ពុជា​និង​សាធារណរដ្ឋ​វៀតណាម​

M13-mកំពង់ធំ ​៖ ​កាលពី​ថ្ងៃទី ​១៣​ ខែ ​កញ្ញា​ ឆ្នាំ ​២០១២ ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ ​មាន​ប្រជុំ​ផ្សព្វផ្សាយ​ស្តីអំពី​ កា​រង​ចង្អុលបង្ហាញ​ពី​បញ្ហា​ បោះបង្គោល​ព្រំដែន ​កម្ពុជា​ និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ក្រោម​អធិបតីភាព ​លោក​ ផាន់ សុ​ផេង​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ​និង​ជាទី​ប្រឹក្សា​លោក​ ងួន ញ៉ិល ​អនុប្រធាន​ទី ១ ​នៃ​រដ្ឋ​ភាព ​និង​ស្នងការ​រង ​ព្រមទាំង​នាយ​ផ្នែក​នាយ​ជំនាញ​គ្រប់​អធិការ​ស្រុ​ក្រុង​ចូលរួម។
លោក ​ផាន់ សុផេង​ បាន​មានប្រសាសន៍ ​ផ្ដោត​ទៅ​លើ​ការ​ខិតខំ​ប្រឹងប្រែង ​របស់​សម្ដេច​អគ្គមហា ​សេនាបតី​តេជោ ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ថ្នាក់ដឹកនាំ​ជាតិ​ទាំងអស់​បាន​ គិតគូរ​និង​យកចិត្តទុកដាក់ ​ការពារ​ព្រំប្រទល់​តាម​បន្ទាត់​ព្រំដែន​ កម្ពុជា​ និង​វៀតណាម​ ដោយ​បាន​បូជា​កំលាំង​ញើស​ឈាម ​មិន​ខ្លាច​នឿយហត់ ​ដើម្បី​បូរណភាព​ទឹកដី​និង​ដើម្បី​សេចក្ដីសុខ​ប្រជាពលរដ្ឋ​។​
​ ​លោក បាន​បញ្ជាក់​ថា បញ្ហា​ព្រំដែន​គឺជា​ទំនាស់​បញ្ហា​រវាង​ប្រទេស ដូច្នេះ​រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​រក​ដំណោះស្រាយ​ជាមួយ​ប្រទេសជិតខាង ​ដោយ​សន្តិវិធី រហូត​ទទួល​បាន​លទ្ធផល​ជោគជ័យ​ ព្រមទាំង​បាន​បកស្រាយ​បំភ្លឺ​នៅក្នុង​រដ្ឋសភា ​សម្តេច​តេ​ជោ ហ៊ុន សែន ​បាន​ផ្តល់​នូវ​ព័ត៌មាន​ជាច្រើន​អំពី​ទិដ្ឋភាព​នយោបាយ ​ច្បាប់​ប្រវត្តិសាស្ត្រ និង​បច្ចេកទេស​ទាក់ទង ​ទៅ​នឹង​​ព្រំដែន កម្ពុជា​និង​វៀតណាម ដែល​មាន​អត្ថន័យ​និង​ខ្លឹមសារ ដ៏​មាន​ប្រយោជន៍ ​សំរាប់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​មាន​សិទ្ធិ​ក្នុង​ការ​ទទួល ដឹង​ឭ ពី​បញ្ហា​ព្រំដែន កម្ពុជា និង​វៀតណាម ទើប​បានជា​ប្រមុខ​រាជរដ្ឋាភិបាល ​បាន​ធ្វើការ​បកស្រាយ ដែល មានការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ក្នុងស្រុក ​និង​ក្រៅ​ស្រុក មិនតែប៉ុណ្ណោះ​បាន​ចងក្រង​ជា​សៀវភៅ​ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដល់​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ គ្រប់ទិសទី ដែល​មាន​ចំណងជើង​ថា អត្ថបទ​គោល របស់ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់ អធិប្បាយ ផ្តល់​ការ​បំភ្លឺ ​ស្តីពី ការងារ​បោះបង្គោល​ខណ្ឌ​សីមា​ព្រំដែន គោក និង​ការកំណត់​ព្រំដែន​សមុទ្រ រវាង ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១២ ។​
​ ​លោក ផាន់ សុ​ផេង បាន​បន្ត​ថា​ យោង​តាម​បទបញ្ជា​របស់​លោក នេ​ត សាវឿន អគ្គ​ស្នង​នគរបាលជាតិ បានធ្វើ​ការណែនាំ និង​ចង្អុលបង្ហាញ​ឲ្យ​ស្នងការ​ខេត្តកំពង់ធំ នាំយក​សៀវភៅ​បកស្រាយ​របស់ សម្តេច​ហ៊ុន សែន ធ្វើការ​ផ្សព្វផ្សាយ​ដល់​តាម​បណ្តា​អធិការ និង​ប៉ុស្តិ៍​រដ្ឋបាល ដើម្បី​សិក្សា​ពី​ខ្លឹមសារ​ក្នុង សៀវភៅ និង​ត្រូវ​បាន​ចែក​សៀវភៅ​ដល់​តាម​បណ្ដាល​ប៉ុស្តិ៍​នីមួយៗ ​ទទួល​បាន​ចំនួន ១០​ក្បាល ​ក្នុង​នោះ​ដែរ ​លោក​បាន​ផ្តាំផ្ញើ​ឲ្យ​យកចិត្តទុកដាក់​ការពារ​សុវត្ថិភាព ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ៕​