Thursday, September 13, 2012

ខេត្តកំពង់ចាម គ្រោង​សង់​ផ្សារ​ទំនើប កម្ពស់​ប្រាំពីរ​ជាន់​

កំពង់ចាម:  លោក ហ៊ុន ណេង អភិបាលខេត្ត​កំពង់ចាម បាន​មានប្រសាសន៍ នៅក្នុង​ឱកាសលោក​បាន​អញ្ជើញ ចូលរួម​ពិធី ផ្ទេរតំណែង អភិបាល ស្រុក​ត្បូងឃ្មុំ កាលពីដើម​សប្តាហ៍​នេះ ថា យើង​គ្រោង​បង្កើត​ផ្សារ​ដែលមាន​កម្ពស់​ពី ប្រាំមួយ​-​ប្រាំពីរ ជាន់​មួយទៀត​នៅ​អតីត​សាលា​ចិន ក្នុង​ក្រុង​កំពង់ចាម​។ ប៉ុន្តែ​ការបង្កើត​ផ្សារ​មួយ​នេះ បាន​សំខាន់​មានការ​ស្រុះស្រួល​ពី​អា​ជី វករ​ដែល​កំពុង​លក់ដូរ​នោះ ជាមុនសិន​។​

​លោក​អភិបាលខេត្ត​បាន​ថ្លែងថា អាជ្ញាធរ​កំពុង​រៀបចំ​បង្កើត​គណៈកម្មការ​ពិសេស​មួយ ដើម្បី​សិក្សា​គម្រោង​នេះ ពិសេស​ឲ្យ​បានដឹង​ច្បាស់ ចំនួន​អាជីវករ កំពុង​លក់ដូរ​សព្វថ្ងៃ គឺ​គូស​បែងក្រឡា​ឲ្យ​បាន​ត្រឹមត្រូវ ពួកគាត់​លក់​ត្រង់ណា​ហើយ​ពេល​សាងសង់​ផ្សារ​នេះ​រួច​គាត់​ចូលមក លក់ ចំ​កន្លែងចាស់​នោះ​វិញ​។ មួយវិញទៀត​នៅ​ចន្លោះពេល​កំពុង​ធ្វើ​ផ្សារ​នេះ បើ​បងប្អូន​អាជីវករ​ទាំងអស់ អត់​មាន​កន្លែង​លក់ដូរ សូម​អញ្ជើញ​ទៅ​លក់ នៅ​ផ្សារ​ប្រាំពីរ​មករា ខាង​ភូមិ​រកា ចុះ​អត់​យកឈ្នួល​ទេ គ្រាន់តែ​បង់​ភាស៊ី និង ពន្ធដារ​ដូច​នៅ​កន្លែងចាស់​បាន​ហើយ​។​

​លោក ហ៊ុន ណេង បាន​មានប្រសាសន៍​រំលឹក​ពីបទ​ពិសោធ​នៃ​ការបង្កើត​ផ្សារ​កន្លងមក​ថា យើង​មាន​ជំនឿ​ខ្លាំង​លើ​រឿង​ធ្វើ​ផ្សារ​នេះ ដោយសារ​ថា បានទទួល​ជោគជ័យ​ច្រើន រួចហើយ​ដូចជា ផ្សា​របឹង​កុក និង ផ្សារ​ប្រាំពីរ​មករា​ភូមិ​រកា បាន​កំពុងដំណើរការ​លក់ដូ​រ​យ៉ាង​មមាញឹក​។ 

​ឥឡូវនេះ​កំពុងដំណើរការ​សាងសង់​មួយកន្លែង​នៅ​ចំ​អតីត​ហាង​ម៉ាក់ ក្នុងភូមិ​ចុង​ថ្នល់​ទី​ពីរ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម​។ លោក​បាន​បន្តថា លោក​មិន​ខ្លាច​ធ្វើ​ទេ​ជាមួយ​ប្រជាពលរដ្ឋ កុំ​ឲ្យ​តែ​យក​ទុក ឬ​កេង​សម្រាប់​ផលប្រយោជន៍​ខ្លួនឯង​៕