Thursday, September 13, 2012

សង្គមស៊ីវិល និងសកម្មជនដីធ្លី ជួបជុំនិយាយពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា

ភ្នំពេញ: មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​ដីធ្លី បានធ្វើការ​ជួបប្រជុំ ពិភាក្សា​លើ​ស្ថានការណ៍ ស្តីពី សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ នៅ​កម្ពុជា ប្រព័ន្ធតុលាការ អំពើពុករលួយ រួមទាំង​បញ្ហា​លោក ម៉ម សូណង់ដូ ដែល​តុលាការ​កំពុងតែ​កាត់ទោស​។ 

​កិច្ចពិភាក្សា​នោះ បានធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១២ នៅ​ភោជនីយដ្ឋាន អ៊ី អេ​ន វេស្ស​ ក្នុងរាជធានីភ្នំពេញ។​
​    ​
​លោក មា​ជ សុវណ្ណារ៉ា ប្រធានមជ្ឈមណ្ឌលព័ត៌មាន ខ្មែរប៉ុស្តិ៍ បាន​អះអាងថា “​បញ្ហា​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា កំពុងមាន​សភាព​ធ្ងន់ធ្ងរ នឹង​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​បំផុត ដោយសារ​ការដឹកនាំ​មួយ​មាន​និន្នាការ​ឆ្ពោះទៅរក​អំណាច​ផ្តាច់ការ​។ សិទ្ធិសេរីភាព​ជា​មូលដ្ឋាន ដូចជា​សេរីភាព​ក្នុងការ​បញ្ចេញមតិ ជួបប្រជុំ បាតុកម្ម កូដកម្ម សេរីភាព​សារព័ត៌មាន​សហជីព និង​ចលនា​សង្គម​ដែលជា​មូលដ្ឋាន និង​ជាស​រស​រគោល​យ៉ាងសំខាន់ នៃ​លទ្ធិប្រជាធិបតេយ្យ ត្រូវបាន​រឹតបន្តឹង និង​ដាក់​កម្រិត​យ៉ាងធ្ងន់ធ្ងរ​”​។​
​    ​
​លោក មា​ជ សុវណ្ណារ៉ា បាន​លើកឡើងថា កាលពីពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​ចាត់​វិធានការ​ច្បាប់​ប្រឆាំង​សកម្មជន​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ចំនួន ២​រូប គឺ​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ ហើយ​និង​លោក ចាន់ សុ​វ៉េ​ត អនុប្រធាន​ស៊ើបអង្កេត នៃ​សមាគម​អាដហុក​។ លោក​ម៉ម សូណង់ដូ ត្រូវបាន​ចាប់ខ្លួន និង​ដាក់ពន្ធនាគារ រង់ចាំ​ការកាត់ទោស​ពី​តុលាការ ចំពោះ​បទចោទប្រកាន់ ដែលមាន​ចរិត​នយោបាយ​។ រីឯ​លោក ចាន់ សុ​វ៉េ​ត ត្រូវបាន​តុលាការ​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​ក្នុង​បទចោទប្រកាន់​ថា បានផ្តល់​ជំនួយ​ដល់​ជនជាប់ចោទ​ក្នុងករណី​ចោទប្រកាន់​មកលើ​លោក​ម៉ម សូណង់ដូ ដូច្នេះ​ដែរ​។​

​ក្នុង​កិច្ចពិភាក្សា​នោះ ក៏មាន​សកម្មជន​ដីធ្លី​នៅ​បឹងកក់ ដែល​រួមមាន អ្នកស្រី ទេព វ​ន្នី ដែល​បាន​តវ៉ា​ក្នុង​ជម្លោះដីធ្លី​ដ៏​សកម្មភាព ក៏បាន​ចូលរួម​ផ្តល់នូវ​មតិយោបល់​ក្នុង​កិច្ចពិភាក្សា​នោះ​ផងដែរ​៕​