Thursday, September 13, 2012

សម្ភាសន៍​​លោក​​បណ្ឌិត ឈឹម ផលវរុណ ស្តីពី​ នយោបាយ​​សន្យា​​របស់​គណ​បក្សប្រឆាំង សំរាប់​​ការ​​​​បោះឆ្នោត​​សកល​​ឆ្នាំ​២០១៣​

ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១២
លោក សត្យា រក្ស
សំណួរ​៖ ​មកទល់ពេលនេះរយៈពេលនៃការបោះឆ្នោតកាន់តែខិតចូលមកដល់ ហើយ​ទិដ្ឋភាព​ទូទៅ​សម្រាប់អ្នកនយោបាយ ជាពិសេសគឺយើងសង្កេតឃើញក្រុមអ្នកនយោបាយ​ដែល​​គ្មានស្នា​ដៃចំពោះជាតិ ​កំពុង​តែ​បញ្ឆេះកំហឹង និងបង្ក​ឲ្យ​ប្រជាជាតិ​ខ្មែរ​មាន​ភាព​ច្របូក​ច្របល់​ខ្លះ​ រួមជាមួយនឹងបញ្ឆេះនូវកំដៅនៃការតស៊ូវណ្ណៈ ធ្វើ​យ៉ាងណា​ឲ្យមាន​ភាព​ច្របូក​ច្របល់​នៅ​ក្នុង​​ប្រទេស​កម្ពុជា​របស់​យើង។ ក៏ប៉ុន្តែ​ជា​សំណាង​មួយ​ដែរ ដោយហេតុថា​ប្រជា​ពលរដ្ឋ​ខ្មែរ​នេះមាន​បទពិសោធន៍នៅក្នុងជីវិត ដោយយើងបានឆ្លងកាត់ឧសគ្គជាច្រើន ដូចជា​សម័យ ៣ឆ្នាំ ៨ខែ​ គឺជា​ភាពល្វីងជូរ​ចត់​មួយដែលកម្ពុជា​យើងចាត់ទុកជាបទពិសោធន៍។ រឿង​ដែល​គណបក្ស​ប្រឆាំង​​កំពុង​តែបញ្ឆេះ​កំហឹង​នៅក្នុងសង្គមជាតិ​នេះវាទៅ​ជារឿងមួយ​ដែល ជះឥទ្ធិពល​​ធ្វើឲ្យបននយោបាយប្រឆាំងទាំងឡាយនោះ កំពុងតែត្រូវ​ប្រជាពលរដ្ឋ​បាត់បង់ជំ​​នឿ និង​លែង​ជឿ​ទុក​ចិត្ត​ជាមួយ​នឹងគណបក្សប្រឆាំង។ ជាង​នេះទៅទៀត បើតាមនាទី​វិភាគ​ព្រឹត្តិការណ៍​សង្គម​ឃ្លាំមើល និងប្រមើលមើលដោយយកចិត្តទុកដាក់ យើងឃើញថាអំនួត​របស់​មេបក្ស​ប្រឆាំង គឺថាអួតក្អេងក្អាង​រហូត​ទៅ​ដល់​កប់​ពពក ក៏ប៉ុន្តែលទ្ធផលនៃអំនួតនោះ មិន​​ដូចអ្វី​ដែលជាការពិតជាក់ស្តែង ដែលគណបក្សប្រឆាំង​បានទទួលទេ​។ គណបក្ស​ប្រឆាំង​នេះ បរាជ័យ​ជា​បន្ត​បន្ទាប់​ពីមួយ​អាណត្តិទៅមួយអាណត្តិ ហើយ​បើយើង​​គិត​ទៅ​ជិត ២០ឆ្នាំ​ហើយ​ ដែលសកម្មជន​ទាំងអស់នោះ​ដើរ​តាមបននយោបាយប្រឆាំងទាំងអស់សង្ឃឹម។
 ឥឡូវនេះយើងឃើញថា គ.ជ.ប កំពុងតែដំណើរការចុះឈ្មោះ ហើយ​សកម្មភាព​របស់​ប្រជា​ពលរដ្ឋ​ដែលចូលរួមពិនិត្យឈ្មោះ និងទៅចុះឈ្មោះនោះឃើញថា មានភាព​គគ្រឹក​គគ្រេង​ជាទី​បំផុត។​ ប៉ុន្តែ​បើ​យើង​ងាក​មក​គណបក្សប្រឆាំងនៅកម្ពុជាវិញ នៅពេលនេះគឺគេ​បែរជា​ជំទាស់​ជាមួយ​នឹងវត្តមាន​របស់ គ.ជ.ប​ ដោយអះអាងដដែលៗថា គ.ជ.ប នោះមានការ​លំអៀង​មក​លើគណបក្ស​ឈ្នះឆ្នោតជាដើម ។ល។ ជុំវិញ​ទស្សនៈ​របស់​បននយោបាយបក្ស​ប្រឆាំង ក៏ដូចជាអង្គការសង្គមស៊ីវិលប្រឆាំង​ ដែលគាំទ្រផ្កាប់មុខជាមួយគណបក្សប្រឆាំង​ហើយ​បាន​លើក​ឡើង​នូវ​ទស្សនៈ​បែបនេះ តើ​លោកបណ្ឌិតយល់ឃើញយ៉ាងម៉េច?
លោក​បណ្ឌិត​ ឈឹម ផលវរុណ​
ចម្លើយ​៖  ចរឹត​នយោបាយរបស់គណបក្សប្រឆាំង គឺភាព​មិនស្មោះត្រង់​ជាមួយ​ប្រជាជាតិ​​នោះឯង​ គាត់ធ្វើនយោបាយ បំភ្លៃបំប៉ោង រហូត​ដល់​ជា​លក្ខណៈ​ឆបោក​នយោបាយ​ទៅ​ទៀត​។​ ​ឆបោក​នយោ​បាយ​បាន​ន័យ​ថា​ គាត់សុទ្ធតែថាសុទ្ធតែឈ្នះ តែក្នុងចិត្តគាត់ គាត់​ដឹង​ថា​មិន​ឈ្នះទេ​​ ហើយឥឡូវ​​គាត់ខំលេង​ពាក្យ​ ខ្ចប់បញ្ចូលគ្នា។​ ខ្ញុំមិនថា បង្រួបបង្រួមទេ​ ពីព្រោះ​ខ្ញុំ​មិនជឿ​ថា​និរន្តរ​ភាពរបស់ពួកគាត់យ៉ាងម៉េចទេ​។​ ហើយ​យើង​មិន​ផ្អែកទៅលើអនាគតទេ​​តែ​យើង​ផ្អែក​ទៅ​លើអតីតកាល​ គឺ​​យើងឃើញថា គាត់មិនដែលបាននៅជាមួយគ្នាបានយូរទេ ហើយ​សារធាតុ​ទាំងអស់​នោះ សុទ្ធតែជា​​សារធាតុនៃការ​បែកបាក់ទេ។ ឥឡូវ​ទោះ​គាត់​ខ្ចប់​​បញ្ចូល​គ្នា​ ដូចខ្ញុំចង់និយាយថា ទាំងប្រឆាំង​ទាំងអស់យើងប្រមូលទាំងអស់ទៅចុះ ប្រឆាំង​ក្នុង​សភា​ក៏ដោយ​ តូចតាចនៅក្រៅសភាក៏ដោយ​​ចូលគ្នាឲ្យអស់ទៅ ខ្ញុំបានធ្វើការសិក្សា យើង​មិនមែន​យក​គណិត​វិទ្យា​មក​បូក​ដូចពួកគាត់ទេ ​យើង​យកតែលទ្ធផលនៃការបោះឆ្នោត ដំណាក់​កាល​នីមួយៗមកគិត។​ ​ឈរលើការបោះឆ្នោតឆ្នាំ​ ២០០៨ បើយក​ក្រុម​ប្រឆាំង​ទាំង​ក្នុង​សភា​ និង​តូចតាចក្រៅសភាមកបូក ហើយយក​លទ្ធផល​​ឆ្នាំ​២០១២ មកបូក យើងឃើញ​ថា​នៅ​តែ​មិន​អាចឈ្នះ​ គណបក្សប្រជាជនកម្ពុជាទេ។ តើ​ហេតុអ្វីបានជាពួកគាត់ទៅស្រែក​បំប៉ោងរាល់តែលើកថា ឈ្នះ?​ ត្រង់នេះហើយដែលបញ្ជាក់ថា នយោបាយឆបោក គេ​​ហៅ​​ថា​​នយោបាយ​​​ភូតប្រជាពលរដ្ឋ។​ ​គាត់ភូតដើម្បីឲ្យការភូតនោះដល់ពេលការបោះឆ្នោត ​ហើយ​​ បើគាត់​ចាញ់វាពិរោះស្តាប់កុំឲ្យអាម៉ាសពេក​។​ អញ្ចឹងគាត់ត្រូវត្រៀមជើងការ​ទុក​ឲ្យ​ហើយ ដោយ​ធ្វើ​ការចោទ​ប្រកាន់​ទុកជាស្រេច គេហៅថា​ធ្វើ​បុរេវិនិច្ឆ័យទៅលើដំណើរការរៀបចំការ​បោះឆ្នោត​ដោយ គ.ជ.ប តែពួកគាត់មិនដែលយកគតិច្បាប់មកគិតទេ។​ ខ្ញុំនិយាយរឿងនេះ គឺ​មិនដែល​​ឮ​សូរ​មេ​ប្រឆាំង​ទាំងអស់នោះ ​និយាយ​អំពីបទបញ្ញត្តិនៃច្បាប់​ទេ គឺអត់ដែលយកមក​និយាយទេ គាត់បានតែបំភ្លើស​សម្លេងចោល ថាការបោះឆ្នោតប្រព្រឹត្តទៅមិនយុត្តិធម៌ ​មិនសេរី មិន​ប្រជាធិបតេយ្យ។ ប្រសិន​បើគាត់និយាយថា ច្បាប់បោះឆ្នោតនោះមិនប្រជាធិបតេយ្យ មិន​សេរី​ ត្រង់​នោះយើងនាំគ្នាពិចារណាឡើងវិញ តែបើគាត់ទៅចោទប្រកាន់ថា គ.ជ.ប ថា​អត់សេរី យុត្តិធម៌ សួរ​ថា​ខុសនៅត្រង់ណា។ បើសិនជា គ.ជ.ប ​ធ្វើទៅតាមច្បាប់បញ្ញត្តិទោស ហើយ​ទៅ​ថា​គេ​ខុស​យ៉ាង​​ម៉េច​?​ គាត់ត្រូវចាប់ឲ្យបានថា គ.ជ.ប ឬថា្នក់ណាមួយរបស់ គ.ជ.ប ធ្វើខុស​ច្បាប់​បោះឆ្នោត​ដែល​កំពុង​​មានជា​ធរមាន។​ ត្រង់នោះបានគេហៅថា អ្នកនិយាយពិត។​ ប៉ុន្តែ​យើង​មិនដែលឮ​ក្រុមប្រឆាំងគាត់​យកបញ្ហាច្បាប់មកនិយាយទេ។​ ត្រង់នេះខ្ញុំចង់បើកវង់ក្រចក មាយាទរបស់ពួកគាត់នេះ​​ កុំថាគាត់យកច្បាប់ប្រទេសមកនិយាយ ទោះបី​គាត់​ឈ្លោះ​គ្នា​នៅ​ក្នុង​ផ្ទៃ​ក្នុង​ ក៏​មិន​ដែល​​យក​លក្ខ​ន្តិក​មក​និយាយ​ដែរ​។​ ការ​បែកគ្នា ការ​វាយគ្នា​បែក​ក្បាល​ បែកឈាម បែកបាក់ គឺរឿងអត់គោរពលក្ខ​ន្តិក​​​នៅក្នុងក្រុមនោះឯង​។ អាមួយ​ចេញទៅ​ចោទ​ថា​អានោះ​ផ្តាច់ការ​។​ ចុះឡើងៗ មិនថាមកពីផ្ទៃក្នុង​ទេ បែរជា​ថា​ដោយសារ​គណបក្ស​ប្រជាជន​បំបែក​។​ នេះជា​នយោបាយមិនថ្លៃថ្នូរបស់ពួកគាត់ ហើយគាត់ទៅដើរ​ចោទអ្នកដ៏ទៃ​ទៀត ។​
លោក សត្យា រក្ស
សំណួរ​៖ ចំពោះ​សកម្មភាពនៃការខ្ចប់បញ្ចូលគ្នារបស់បននយោបាយប្រឆាំង  យើង​មិន​គួរ​លាក់លៀម​ជាមួយ​ប្រជាពលរដ្ឋទេ គួរតែលាតត្រដាង និងបង្ហាញជូនទៅដល់ជនរួមជាតិឲ្យ​​បានជ្រាប ពីព្រោះ​ថា​បន​យោបាយ​ប្រឆាំងទាំងពីរ ទាំងបីនៅកម្ពុជានេះ អ្នកណាក៏ដឹងដែរថា ពួក​គាត់នោះ គឺជាមនុស្សដែលមានប្រវត្តិ ប្រកាប់ប្រចាក់គ្នា ស៊ីសាច់ហុតឈាមគ្នា រហូត​ទៅ​ដល់​​ទិញ​​ម៉ោងវិទ្យុ​​មួយម៉ោងម្នាក់ ជេរប្រមាថគ្នា ​ហើយ​អ្​នកណាក៏ដឹងដែរ។ ជាទូទៅ​យើង​ឃើញ​ថា គណបក្សប្រឆាំងនីមួយៗនោះ ម្នាក់ៗ​សុទ្ធ​តែ​អួត​ថា​ជា​ជើង​ឯក​ខាង​ប្រជាធិបតេយ្យ ខាង​សិទ្ធិ​មនុស្សជាដើម​។​ ខាងលោក កឹម សុខា ចង្អុលថា លោក សម រង្ស៊ី នេះ ​គឺជា​គណបក្ស​បុគ្គល​ ដោយយក​ឈ្មោះខ្លួនឯងមកធ្វើជាគណបក្ស ហើយសម្រាប់ សម រង្ស៊ី បានចង្អុលមុខ កឹម សុខា ថា កឹម សុខា​នេះ គឺជា​មេបក្សដែលជាអតីតចោរលួចអង្ករ គឺជា​អ្នក​ដែល​សុំការ​គាំទ្រ​ពី សម រង្ស៊ី​ ជាដើម ដែល​សម រង្ស៊ី ​ធ្លាប់ទំនុកបម្រុង តាំងពីសកម្មជន តាំង​ពីមនុស្ស​ដើម្បី​ឲ្យ​ចូលរួម​ក្នុង​វេទិការសិទ្ធិ​មនុស្សជាដើម ។ល។
​សូម​លោកបណ្ឌិតជួយបញ្ជាក់ថា តើមូលហេតុអ្វី​ ដែលក្រោយពី​គណបក្ស​ទាំងពីរ​នេះ​បរាជ័យ​ ក្នុងការបោះឆ្នោតនោះក៏ផង បរាជ័យក្នុងការបាត់បង់អ្នកគាំទ្រ​ខ្លួន​នោះក៏ផង ប៉ុន្តែ​គេ​បែរ​ជា​ខ្ចប់គ្នា​បងើ្កត​ជា​គណបក្ស​មួយ​​ ​សញ្ញាព្រះអាទិត្យរៀបលិចអីជាដើម​នោះ តើចំនុច​នេះ​លោក​បណ្ឌិត​យល់ឃើញ​យ៉ាងម៉េច​ដែរ?
លោក​បណ្ឌិត​ ឈឹម ផលវរុណ
ចម្លើយ​៖ ត្រង់នេះហើយដែលខ្ញុំចង់បញ្ជាក់ថា ជានយោបាយឆបោក បានន័យថា ដូចខ្ញុំ​បាន​លើក​​អញ្ចឹង​ គេហៅនយោបាយត្រីចូលអន្លង់ គឺឆបោកត្រីឲ្យចូល​អន្លង់ គឺឆបោកតាមវិធីថ្មី ប៉ុន្តែ​នៅលើតួអង្គ​​ចាស់​ដដែល​ ​ហើយយើងពិនិត្យមើលទាំងអស់គ្នា ពួកគាត់ថ្មីតែរហូត បើ​យើង​និយាយ​ឲ្យ​ខ្លីទៅ​​ផ្តើមពីដំបូង គឺ​គណបក្សឈ្មោះ ហ៊្វុនស៊ិនប៉ិច ហើយនិងគណបក្សលោកតា សឺនសាន។​ ត្រង់នេះ​ផ្តើម​ដំបូងហើយ យើង​ហៅ​ឆ្នាំ១៩៩៣ នោះឯង ហើយ​អាថ្មីនោះ​វាមាន​ថ្មី​បែក​គ្នា​ វាមានថ្មីដូរឈ្មោះ អញ្ចឹងទៅ។​ ប៉ុន្តែបន្ទាប់ពីផ្តើមពី ១៩៩៣ មក គឺអាថ្មីនោះ គឺថ្មី​បែក​បាក់​ មិនមែន​ថ្មីដូរឈ្មោះទេ។​ ម្តង​ថ្មីបែក​បាក់ទៅ បន្ទាប់​មក​ទៀត​ក៏​ប្រេះ​ឆាទៅ ក្លាយទៅ​ជាថ្មី​មួយ​ទៀត​ទៅ​។ ដល់ថ្មីចុះថ្មីឡើងរបស់​ពួក​គាត់នោះ ប្រជាពលរដ្ឋ គេមិនទៅចាញ់បោកទេ ព្រោះ​ថ្មី​អ្នកឯងនោះ គឺជាថ្មីនៃផលិតផលបែក​បាក់ ទោះអ្នក​ឯងចង់​ដាក់ឈ្មោះ​ពេជ្រ​ពណ្ណ​រាយ​ក៏​ដោយ​ ​ក៏វាទៅអត់រួច។​ ​ត្រង់ហ្នឹងយើងថា ហេតុអីបានរវល់​តែ​បែក ហើយ​ហេតុអី​បាន​រវល់​តែ​ថ្មី​?​ មកពីពួកគាត់ គឺឈរលើតួអង្គ​បុគ្គលតែ​មួយ​គត់។ ខ្ញុំលើកឧទាហរណ៍ កាលនៅ​ហ្វ៊ុនស៊ិនប៉ិច​ គេមិន​ដែល​គោរព​ទទួល​ស្គាល់គ្នាទៅវិញទៅមកក្នុងការដឹកនាំក្រុមទេ​។ គោរព​គ្នា​ទៅវិញទៅមក​ក្នុងការដឹកនាំក្រុម គឺគេត្រូវគោរពទៅលើលក្ខន្តិក។ អញ្ចឹងទោះបី​អ្នកណា​មាន​តួនាទី​ដឹកនាំ​ជាមគ្គុទេស​ក្តី ជាប្រធានគណបក្សក្តី សិទ្ធិ​អំណាច គឺចែងនៅក្នុងលក្ខន្តិក ប៉ុន្តែ​នៅពេល​កើតមាននូវ​ទស្សនៈខុសគ្នាខ្លះនៅផ្ទៃក្នុងគណបក្ស វាជារឿងធម្មតា។​ ប៉ុន្តែសួរថា​តើ​​យន្តការ​គណបក្ស​ត្រូវបានយកមកអនុវត្តឬ​អត់?​ គឺ​អត់ទេ​ ដល់អញ្ចឹងវាបែកគ្នា។​ យើង​មើលហ្វ៊ុនស៊ិនប៉ិច​​ឆ្នាំ១៩៩៣ ឆ្នាំ១៩៩៤កាលបើមិនបែក បន្ត​មកយើង​មើល​គណបក្ស​លោកតា សឺនសាន ​គណ​ប​ក្ស​​លោកតា សឺនសាន ក៏អញ្ចឹងដែរ ចម្រៀងដូច ស៊ិន ស៊ីសាមុត អញ្ចឹង ប៉ុន្តែ​មាយាទ​គ្មាន​គោរព​អត្ថបទចម្រៀងរបស់ខ្លួនបន្តិចណាសោះ។ អត្ថបទចម្រៀង គឺ​លក្ខន្តិក​នោះឯង​ ​សុទ្ធតែយន្តការ​គេបែងចែក ទៅមើលគណបក្សលោកតា សឺនសាន យន្តការ​ចង់ជិះ​កង់​ដើរ​មើល​មួយគីឡូដី​ឯណោះ តែ​អនុវត្ត​គឺ​​សូន្យ។​ នៅពេលដែល​មានការទំនាស់ ឬ​ទស្សនៈ​ខុសគ្នា​នៅផ្ទៃក្នុងអត់យក​យន្តការបក្ស អត់យកលក្ខន្តិកមកដោះសា្រយទេ​ ដល់ពេល​បែក​គ្នាក៏​​ចាប់ផ្តើមបន្ទោស​គ្នា​ហើយ។​ តែមិនដែលទទួល​ស្គាល់​មាយាទ​នយោបាយ​​មិនថ្លៃថ្នូរ​នោះ​ទេ​ គឺចូលចិត្តតែបន្ទោស​អ្នកដទៃ។ ដល់បែកហើយ​ចេញ​ជាលទ្ធផលថ្មី ប្រជាពលរដ្ឋ​មាន​បាន​ទទួល​ស្គាល់ថា​ អ្នកឯងគ្រាន់បើឯណា​។​ បើក្នុង​ក្រុមគណបក្ស​អ្នកឯង​ដោះស្រាយ​បញ្ហា​ទស្សនៈ​​ខ្វែង​គ្នាមិន​បានផងនោះ​​។​ អ្នកឯងបែកបាក់គ្នា ហើយចង់នីតិរដ្ឋយ៉ាង​ម៉េច​បើនីតិ​បក្ស​នៅ​ក្នុង​បក្សខ្លួនឯង​នៅតែធ្វើមិនបាន ហើយចង់នីតិរដ្ឋយ៉ាងម៉េច។ អញ្ចឹងប្រជាពលរដ្ឋ​ដែល​មើល​ឃើញ​របស់ថ្មី ខ្ញុំ​និ​យាយ​​ឲ្យហើយ ចាញ់បោកកាលឆ្នាំ១៩៩៣នោះ ព្រោះនឹកឃើញ​របស់​ថ្មី មានអីដល់ឆ្នាំ១៩៩៨ រត់ទៅរករបស់ដើមវិញហើយ។ កាលឆ្នាំ១៩៩៣មិនមែនរបស់ដើម​ចាញ់​ទេ គ្រាន់​តែលម្អៀងខុសគ្នាបន្តិចបន្ទួច ប៉ុន្តែ​កាល​​នោះសម្លេងវាបែកខ្លាំងទៅរបស់ថ្មី ដល់​ពេល​គេឃើញថា របស់ថ្មីដូចគ្មានសមត្ថភាពដោះស្រាយ ដោះស្រាយតែក្រុមខ្លួនឯងដោះមិន​ចេញផង អញ្ចឹងរត់ទៅរករបស់ដើម ហើយត្រង់នេះឆ្នាំ១៩៩៨ នៅកម្ពុជា​ក៏មិន​ខុសអំពីនៅ​អឺរ៉ុប​ខាងកើត​​ដែរ។​ បោះឆ្នោតដំបូងប្រជាពលរដ្ឋនៅអឺរ៉ុបខាងកើត ដូចប៉ូឡូញ ដូចអី​រត់ទៅរក​របស់​ថ្មី​ ហើយ​​​ចុងក្រោយវិលត្រឡប់មករបស់ដើមដដែល ពីព្រោះអាថ្មីវាអត់កើត ពេល​ខ្លះ​មាន​​អាថ្មី​គេ​គ្រាន់​បើគេ​មិនដឹង​ទេ​ ហើយថ្មីនៅក​ម្ពុជានោះ គឺថ្មីឆបោកតែម្តង។ បន្តមកទៀតយើង​ឃើញ​បែក​មក​មានគណបក្សសម រង្ស៊ី។​ គណបក្សតមកក្រោយសុទ្ធតែអួតខ្លួនឯង​ ហើយ​បង្កើត​ភា្លម​បែកគ្នា​ភា្លមៗ មូល​ហេតុ​អី ពួកគាត់មាន​គោលបំណងតែមួយទេ  គឺគេចង់ផ្តួលរំលំ​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែគេគ្មានសមត្ថភាពក្នុងការរៀបចំគោលការរួម​ក្នុងការចង់ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា គឺគេនាំគ្នាដើរតាមតែមេបក្ស។​​យើងមើលគណបក្សប្រឆាំងទាំង​អស់ គណបក្ស​ដែលដឹកនាំ​ដោយសម្តេចក្រុមព្រះ ទោះបីឈ្មោះអីក៏ដោយយើងមិនចាំបាច់​និយាយ​កុំ​ឲ្យ​ប៉ះពាល់ ព្រោះឥឡូវ​គាត់ឈប់ធ្វើនយោបាយហើយ។​ លើកទី២​ អាចលើកទី៣ ក៏យើង​មិនដឹង គឺដង្ហែរ​តាមសម្តេចក្រុមព្រះ។ ដល់គណបក្សសម រង្ស៊ី គេមិនប្រើពាក្យដង្ហែរ​តាមទេ​ ក៏ប៉ុន្តែ​​ដូចតែដង្ហែរ​តាម​លោក សម រង្ស៊ី។ មក កឹម សុខា ក៏ដង្ហែរ​តាមដូច​តែគ្នា​រួមទាំង​ល្មិល្មក់​អី​ផ្សេង​​ទៀត​​​នាំគ្នា​គិតតែឲ្យពីតម្លៃបុគ្គល​។​ ប៉ុន្តែគាត់មិន​ដែលនិយាយប្រាប់រាស្រ្តថា គណបក្ស​យើង​ខ្ញុំ​ដើរតាម​​លោក​ប្រធានបក្សសម រង្ស៊ី ទេ ឬក៏ដើរតាមលោកប្រធានបក្ស កឹម​ សុខា ទេ អត់ទេ​។​ នៅតែអន់​ជាងក្រុមព្រះ អ្នកគាំទ្រក្រុមព្រះនៅហ៊ាននិយាយដង្ហែរ​តាម ដូច្នេះ​បាន​តម្លាភាព​បន្តិច​ដែរ គេបាន​បញ្ជាក់ប្រាប់​ប្រជាពលរដ្ឋទូទៅ ថាគេដង្ហែរ​តាមក្រុមព្រះ បើអ្នក​គាំទ្រ​បុគ្គល​ តែបើ សម រង្ស៊ី ក្តី កឹម សុខា​ក្តី ល្មិល្មក់ដទៃទៀតក្តី មិនដែល​ហ៊ានថា គណបក្សខ្លួនដើរតាមបុគ្គលទេ។​ លើកមកនិយាយ​ពិរោះ​អើយពិរោះដូច សម រង្ស៊ី កឹម សុខា ពិរោះ​មែនទែន ខ្ញុំនិយាយដូចច្រៀងបទ ស៊ិន ស៊ីសាមុត តែ​មាយាទមិនបាន​ស្មើ​គេបន្តិចឡើយ​។​ ត្រង់នេះហើយ​ដែលប្រជាពលរដ្ឋត្រូវ​ដឹងថា នយោបាយត្រីចូលអន្លង់ នយោបាយភក់ថ្មី ទឹក​ថ្មី​មួយ​ច្រូចៗ វាអត់​បានការ​ទេ។
លោក សត្យា រក្ស
សំណួរ​៖ លោក សម រង្ស៊ី នេះបន្ទាប់ពីគាត់បានដកតម្រុយបង្គោលព្រំ​ដែន ហើយ​គាត់​បាន​ភៀស​ខ្លួន​ដោយខ្លួនគាត់រត់ទៅសំងំ​សុខ​នៅ​បារាំង ហើយឃើញថាបន្ទាប់ពី​សម រង្ស៊ី បាន​ចាក​ចេញ​ពីស្រុកហើយនោះ​សកម្មជន​ក្តី ឬក៏អ្នកគាំទ្រក្តី អ្នកគាំទ្រ សម រង្ស៊ី ក្តី ហើយ​ជា​ពិសេស​​ គឺមន្ត្រីរបស់គណបក្សសម រង្ស៊ី នេះតែម្តង តែងតែអះអាងនិង​ជម្រាបជូន​​សក​ម្មជន​របស់​ខ្លួន​ថា សម រង្ស៊ី នឹងវិលមកក្នុងពេលឆាប់ៗ។ អញ្ចឹង​ការ​ពន្យារ​ពេលរបស់ សម រង្ស៊ី ដែល​ចាប់​តាំង​ពីថ្ងៃចាកចេញពីស្រុក​ខ្មែរ រហូតមកទល់ពេលនេះ យើងគិតឃើញថា អស់រយៈ​ជិត​៤ឆ្នាំ​មក​ហើយ។ ឥឡូវ​នេះគណបក្សសម រង្ស៊ី រួមជាមួយនឹងបនរបស់គាត់នេះ គឺ​បាន​​បន្លឺ​សម្លេង​​ជាថ្មី​​ទៀតថា អ្វីដែល សម រង្ស៊ី នៅក្រៅប្រទេសនេះ ហើយ​មិនបាន​ចូលស្រុក​នេះ​គឺ​ដោយ​សារ​តែរាជរដ្ឋាភិបាលឃាត់ឃាំង​មិនឲ្យ សម រង្ស៊ី វិលត្រឡប់មកក្នុងស្រុក ហើយ​ថា​អ្វី​ដែល​រដ្ឋាភិ​បាល​មិន​ឲ្យ​ សម រង្ស៊ី ចូលក្នុងស្រុកនេះ ដោយសារតែរដ្ឋាភិបាលខ្លាចវត្តមានរបស់ សម រង្ស៊ី ហើយទោះជាយ៉ាងណាក្តីនោះ គឺថាគេនឹងប្រមូលបរទេសទាំងឡាយទាំងពួង បង្ខំឲ្យ​រដ្ឋាភិបាល​​​ធ្វើ​យ៉ាងណាឲ្យ​ សម រង្ស៊ី ចូល​ស្រុក​ដើម្បីការបោះឆ្នោតនៅពេលខាងមុខ។ តើ​អំណះ​អំនាង​របស់ក្រុមអ្នកប្រឆាំងនេះ លោកបណ្ឌិតយល់ឃើញយ៉ាងម៉េចដែរ​?​ហើយ​​​តើ​រដ្ឋាភិបាល​ពិតជាបាន​ឃាត់​ឃាំង សម រង្ស៊ី មិនឲ្យចូលស្រុកមែន?​ ឬក៏​លោក​ សម រង្ស៊ី ជា​អ្នក​ខ្លាច​ស្រមោល​ខ្លួនឯង​?​
លោក​បណ្ឌិត​ ឈឹម ផលវរុណ​
ចម្លើយ​៖ តាមពិតគឺគ្មាននរណា​គេហាមឃាត់​លោក សម រង្ស៊ី មិនឲ្យចូលស្រុកនោះទេ​។ បើសិនជា​រដ្ឋាភិបាលហាមឃាត់​ គឺ​គេអាច​អនុវត្ត​ច្បាប់​សញ្ជាតិ​ ដោយដកហូត​សញ្ជាតិ​គាត់​ពី​ពលរដ្ឋ​​ខ្មែរ​នោះ​គឺ​គាត់​មិន​អាច​មក​ស្រុកខ្មែរបានទេ​។​ សព្វ​ថ្ងៃ​លោក សម រង្ស៊ី អាចមក​ស្រុកខ្មែរ​បាន​ ប៉ុន្តែបញ្ហា​របស់ លោក សម រង្ស៊ី ដែលគាត់មកមិនបានគឺរឿង​ដែល​គាត់​មិនហ៊ាន​មក​ខ្លួន​គាត់​ទេ​។​​ តាមពិត​បើសិន​ជា​រដ្ឋាភិបាលតាមចាប់​អ្នក​ដែល​ជាទណ្ឌិត​ គឺគេអាចធ្វើទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ប្រទេសដ៏ទៃ​ដើម្បី​តាមចាប់បាត់ទៅហើយ។​​ ចំណែក​ករណីរបស់លោក សម រង្ស៊ី គឺរដ្ឋាភិបាល​មិនទាន់បានធ្វើនៅឡើយទេ​ ហើយ​គេមិន​ទាន់​បាន​ហាម​​មិន​​ឲ្យ​ចូល និង​ចាត់​​ទុក​​លោក សម រង្ស៊ី ជា​នីរទេស​ជន​នៅ​​ឡើយ​​ទេ​​។​
តើ​ហេតុ​អ្វីលោក​ សម រង្ស៊ី មិនហ៊ាននិយាយការពិត​ថា​គាត់​មក​កម្ពុជា​មិនបាន ដោយ​សារ​​គាត់​ជាប់ទោស​​ពន្ធនាគារ​ និងខ្លាចអំណាចសាលក្រមតុលាការ​ចាប់គាត់​?​ នេះជាចំណុច​ពិត​​នៃមូលហេតុ​។ ប៉ុន្តែ​លោក សម រង្ស៊ី បែរជាមិនហ៊ាននិយាយ​ការពិត​បែរជា​ ចោទថា​រដ្ឋាភិបាល​​មិនឲ្យ​គាត់​មកទៅវិញ​ នេះជានយោបាយ​ឆបោក​។ ដោយសារលោក សម រង្ស៊ី មិនចង់​ចូលមក​ខ្លួនឯង​គាត់បានប្រើពាក្យ​ឆបោក​មួយទៀត​ថា រដ្ឋា​ភិបាល​​ខ្លាច សម រង្ស៊ី​ ។ តើចំណុចណា​ដែល​សម រង្ស៊ី អាចឈ្នះឆ្នោត​ធ្វើឲ្យគណបក្ស​ប្រជាជន​ខ្លាចនោះ​?​។ ​​ពួកគាត់​តែង​តែ​អួតថា​​ឈ្នះ​ឆ្នោត​រហូត​ ទោះបី​ជា​នៅសល់១នាទីចុងក្រោយ​ក៏ដោយ​ តែក្នុងចិត្ត​គឺ​គាត់​ដឹង​ច្បាស់​ណាស់ថា​មិនអាចឈ្នះទេ​ តែពួកគាត់ខូច​។​ ពួកអ្នកនយោបាយប្រឆាំង​ទាំងនោះ ពុំ​ដែល​ស្មោះត្រង់​នឹង​ប្រជាពលរដ្ឋ​ទេ​ សូម្បីតែ​ជាមួយក្រុមរបស់គាត់ ក៏មិនស្មោះត្រង់ផង​។
 ចំពោះ NGO ដែលមាននិន្នាការប្រឆាំង​ គឺ​មិនបានស្មោះត្រង់​ចំពោះបេសកកម្ម​របស់​ខ្លួន​ទេ​​។ ពួកគាត់អាចមាននិន្នាការ​ទៅគាំទ្រ​គណបក្ស​ប្រឆាំងបាន​ គឺយើង​មិន​បដិសេធ​ទេ​ ប៉ុន្តែ​នៅ​ក្នុង​ការបំពេញភារកិច្ច​ក្នុង​ឯក​សណ្ឋាន​ជា​អង្គការ​ NGO ក៏ដូច​ជា​មន្ត្រី NGO ក្នុង​ពេល​វេលា​ដែល​​​ខ្លួន​​​កំពុង​​ប្រតិបត្តិ​​​ការងារ​​​ គឺត្រូវ​តែ​មាន​សុចរឹត​ភាព​ក្នុង​ការងារ​​។​​​ ឧទាហរណ៍​ រឿង​ដែល​ខ្លួន​វាយ​តម្លៃថា​​បើអត់មាន​លោក សម រង្ស៊ី​ ការបោះឆ្នោតគ្មាន​ប្រជាធិប​តេយ្យ​ សេរី​ យុត្តិធម៌​។ តើ​ភាសានេះសុច្ចរឹតឬទេ​?​ កន្លងមក​ ការបោះឆ្នោត​គឺមានលោក សម រង្ស៊ី ចូលរួម​ទេ​ តែ​ហេតុអ្វី​​បាន​​ជា​មេ​អង្គការ​ NGO ទាំងអស់នោះ​អត់​ទទួល​ស្គាល់​លទ្ធផល​ការបោះឆ្នោត​ដែរ​?​។ មកដល់ពេលនេះ​ ដោយពួកគេ​មើលឃើញថា​លោក សម រង្ស៊ី មក​ស្រុកខ្មែរ​អត់​កើត​ទេ ដោយ​សារ​តែ​មានអំណាចនៃសាលក្រម​របស់តុលាការ​ ពួកគេទៅជានិយាយថា​ អត់លោក សម រង្ស៊ី គឺ​អត់​​ប្រជាធិបតេយ្យ​ អត់សេរី​ យុត្តិធម៌ ក្នុងការបោះឆ្នោត​ ។ ដូច្នេះអ្នកទាំងនោះ​ ពុំឈរ​លើ​អត្តសញ្ញាណ​​នៃការយល់​ដឹង​លើការងារទេ​។ អ្នកមានសិទ្ធិគាំទ្រ​ចំពោះលោក សម រង្ស៊ី ប៉ុន្តែ​ក៏​ត្រូវ​តែ​ហ៊ាន​ឈរលើ​ការពិតដែរ​។ ដោយសារតែ​ពួកប្រឆាំង​ដែលថិតក្នុងឯកសណ្ឋាន​ ជា​គណបក្ស ឬជា​ NGO មិនស្មោះត្រង់​ចំពោះ​ភាសា​របស់​ខ្លួន និងការងាររបស់ខ្លួននោះហើយ​ បាន​ជា​​ពួកគេ​គ្មានសមត្ថភាព​ដើម្បី​អភិវឌ្ឍ​​ខ្លួនឯង​ឲ្យមានភាពល្អប្រសើរទៅមុខ​ទេ​​។ ផ្ទុយ​ទៅ​វិញ​​ ប្រជាពលរដ្ឋ​បច្ចុប្បន្ន​ គឺ​មាន​ការ​អភិវឌ្ឍ​​​ខ្លួន​​ឯង​​បានយ៉ាងច្រើន​ ទាំង​សតិសម្ប​ជ្ជញ្ញៈ និង​ការ​យល់​ដឹង​​​អំពីដំណើរ​នៃការ​អភិវឌ្ឍ​ប្រទេស​​ ហើយអាចយល់ និង​មាន​មូល​ដ្ឋាន​ពិចារណា​ច្រើន​​ណាស់​។​ ច្បាប់​គេបានហាម​ឃាត់​មិនឲ្យមានអំពើហឹង្សា​ ហើយអំពើហឹង្សា​មិនមែន​គ្រាន់​តែ​​ជា​ការវាយដំ​ លើរាងកាយ​ទើប​ហៅថា​ជា​អំពើហឹង្សា​ទេ​ តែការប្រើ​ភាសា​ដែល​គ្រោតគ្រាត​ទៅ​លើ​​មនុស្ស​​​ជាសាធារណៈ​ ដែលមានការអុជអាល​ ញុះញង់ និងបំភ្លៃ​មួលបង្កាច់​អ្នកដ៏ទៃ​ ក៏​ត្រូវ​ជាប់​គុគដែរ​ ពីព្រោះ​ច្បាប់​កម្ពុជា​​​ក៏បាន​ចែងដែរ​​​។ ប៉ុន្តែ​ដោយសារនៅកម្ពុជា​ ទើបតែមាន​ការ​បង្រួបបង្រួម​​ជាតិទើបតែ​​បាន ២០ឆ្នាំ​ ទើប​​កម្ពុជាតែងតែមានភាព​ទន់ភ្លន់​ និងអត់ឱន​ចំពោះ​អ្នក​ទាំងអស់​នោះ​។​ តាមពិត​ប្រជាធិប​តេយ្យគឺវាអាស្រ័យ​ទៅនឹង​ការចាក់គ្រឹះ​នៃការ​បង្រួប​បង្រួម​ជាតិ​ គឺមិនដូច​ជា​អស់​លោក​​ប្រឆាំង​​ដែលតែង​តែអួត​ខ្លួន​ឯង​ថា​ជា​អ្នក​ប្រជាធិបតេយ្យ​នោះ​ទេ​​។​​​ ទោះបី​ជានៅ​ប្រទេស​ណា​​ក៏ដោយ ប្រជាធិបតេយ្យ​​​​គឺ ​​ត្រូវ​ផ្សារភា្ជប់​ទៅនឹងលក្ខខណ្ឌ​ពិសេស​ជាក់ស្តែង​ និង​កម្រិត​រីកចម្រើន​ជាក់ស្តែង​​របស់ប្រទេសនោះ​​។​
លោក សត្យា រក្ស​
សំណួរ​៖ មក​ដល់ពេល​នេះ​ គឺជិត​ដល់​រដូវកាល​​សន្យា​របស់​ពួកគណបក្ស​ប្រឆាំង​ទៀត​ហើយ​​។​ ចំណែក​ក្រុមគណបក្សប្រឆាំង​ ក៏បានចាប់ផ្តើមសន្យា​​តាមវេទិកានានា ជាបន្តបន្ទាប់​ហើយ​ នៅ​ពេល​ដែល​ពួក​គេ​ទៅ​ជួប​​ប្រជាពលរដ្ឋ​។​
ចំពោះការសន្យា​កន្លងមក​របស់ គណបក្ស​ កឹម សុខា និងគណបក្ស សម រង្ស៊ី មក​ដល់​ពេល​​នេះ​តើ​​បានចេញ​ជា​ផល​ខ្លះ​ហើយ​ឬនៅ?​​
លោកបណ្ឌិត​ ឈឹម ផលវរុណ​
ចម្លើយ​៖ គណបក្ស​ប្រឆាំង ដែលតែងតែ​សន្យា​នេះ​ គឺ​សន្យាដោយភូត​ខ្លួនឯង​តែ​ប៉ុណ្ណោះ​​។​ លោក កឹម សុខា​ ដែលសន្យាថាធ្វើមត្តេយ្យ​សាលានៅគ្រប់ភូមិ​នោះ​ គឺមិនអាច​ធ្វើបាន​បាត់​ទៅ​ហើយ​ ពី​ព្រោះ​គាត់​គ្មាន​លុយ​​ធ្វើទេ​ ហើយក៏​ជាការ​សន្យាដើម្បីបោក​យក​សន្លឹក​ឆ្នោត​​ពី​​ប្រជា​ពលរដ្ឋ​​ដែរ​​ ពីព្រោះ​សូម្បីតែនៅអាមេរិក​ក៏គ្មាន​គេធ្វើសាលា​មត្តេយ្យ​របស់​រដ្ឋ​នៅ​គ្រប់​ភូមិ​ដែរ​​។​​​ ប៉ុន្តែ​បើ​ជាសាលា​មត្តេយ្យ​​ឯកជន​ នោះ​អាច​មាន​ពីព្រោះ​​ជារដ្ឋ​ដែល​មាន​សេដ្ឋកិច្ច​​ទីផ្សារ​​សេរី​​​ គឺគេអាចវិយោគ​។​
ចំពោះការសន្យា​របស់ កឹម សុខា ថាផ្តល់កុំព្យូទ័រ​មួយ ឬឡាន​មួយ​ឲ្យមន្ទីរឃុំ​នោះ​ គឺ កឹម សុខា មិន​ទាន់​បាន​​បញ្ជាក់​​ថា​ផ្តល់ទៅឲ្យមន្ទីរឃុំ​ដើម្បីប្រើប្រាស់ទេ​ គឺគ្រាន់តែ​ឲ្យទៅ​មេឃុំ​របស់​​គណបក្ស​​​ខ្លួន​តែ​ប៉ុណ្ណោះ​​ នេះ​ជា​ចរឹត​​ភូត​កុហក​ប្រជា​ពលរដ្ឋ​​​របស់​មេ​ដឹកនាំគណបក្ស​ប្រឆាំង​ ពីព្រោះ​របស់ទាំងនោះ​ពួកគេមិនបានធ្វើការ​ចុះ​បញ្ជី​ជាទ្រព្យ​សម្បត្តិ​របស់​ឃុំនៅ​ឡើយ​ទេ​។​ ដូច្នេះការសន្យា​របស់​ពួកគេ​នេះ​ ទោះបីជាទិញបានហើយ​ក៏មិន​​​ហ៊ាន​ចាត់ចែង​ផ្តល់​​ឲ្យ​ដែរ​ ពីព្រោះ​​គេ​មិនហ៊ានបញ្ជាក់ច្បាស់​ថាជារបស់ឃុំ​ទេ​។ អញ្ចឹង​នេះជាការសន្យា​វ័ន្ត​ក របស់ កឹម សុខា​ ។
លោក សត្យា រក្ស​
សំណួរ​៖ មកដល់ពេលនេះ​អស់​រយះពេលជាងពីរខែ​ហើយ​ក្រោយ​ពីការសន្យា​របស់​គណបក្ស​​សិទ្ធិមនុស្ស​។ តើ កឹម សុខា ដែលទៅបរទេសនោះ គឺជាចេតនា​ពន្យារ​ពេលនៃ​ការ​ដោះ​​បំណុល​​សន្លឹកឆ្នោត ឬ​ជា​ការ​គេច​វេស​​​ពីការសន្យា​របស់ខ្លួន​?​
លោកបណ្ឌិត​ ឈឹម ផលវរុណ​
ចម្លើយ​៖ ចំណុចនេះ​ គេហៅថា ភូតច្រើន ច្រើនចាញ់អាត្មា​ ។ មក​ដល់​សម័យនេះ​អ្នក​ដែល​ភូត​​ប្រជា​ពលរដ្ឋ​​ ដើម្បី​សន្លឹកឆ្នោត​គឺខុស​ហើយ​ ពីព្រោះ​ប្រជាពលរដ្ឋ​មិនល្ងង់ទេ​។ ប្រជា​ពលរដ្ឋ​​ក៏ធ្លាប់​​ទៅទាម​ទារ​​ការ​ទិញ​សន្លឹកឆ្នោតជំពាក់របស់​ កឹម សុខា ដែរ​។ ប៉ុន្តែ​ក្រុម​របស់​លោក កឹម សុខា នេះកំពុង​តែអូស​បន្លាយ​ពេល​ទើប​ប្រជា​ពលរដ្ឋ​ស្ងប់​ទៅវិញ​។ ការពិត​នៅ​ពេល​​ដែល​​គាត់​​ទៅ​ក្រៅ​ ប្រសិនបើបរទេសគាំទ្រ​ ទទួល​ហឹក​ហាក់​​ដូចការអួត​របស់គាត់នោះ​ ប្រហែល​​ជាមាន​​ការ​ភ្ញាក់ផ្អើល​ហើយ​ តែតាម​ពិតគឺ​អត់​មាន​​ទេ​​។​ ចំពោះល្បិចបោករបស់កឹម សុខា កាលពីឆ្នាំ​២០០៨​ គឺធ្លាប់បោកម្តងរួចមកហើយ​។​ កឹម សុខា បានសន្យាថា នៅ​អាមេរិក​ មាន​រដ្ឋ​៥២​ ចំណែក​នៅ​កម្ពុជា​​យើង​មាន​២៤​ខេត្តក្រុង​ ហើយ​រដ្ឋនៅអាមេរិកមួយ​ នឹង​ជួយ​ខេត្ត​នៅ​កម្ពុជា​​មួយ​ នេះជា​ការភូត​សុទ្ធសាធ​ ពីព្រោះ​ប្រជា​ពលរដ្ឋ​អាចសួរ​ទៅ​ទូត​អាមេរិក​នៅ​កម្ពុជា​បាន​​ ថា​តើ​​អាមេរិក​​​មានគោល​នយោបាយ​​រដ្ឋមួយ​ជួយ​ខេត្ត​មួយ​នៅ​កម្ពុជា​ឬទេ​​?​​ ដោយសារ​ការ​ភូត​បែបនេះ​ហើយទើប កឹម សុខា ដែលធ្លាប់អួតថា​ខ្លួននឹងទទួលបាន​ពី៥០ ទៅ៦០ កៅអី​នៅ​ឆ្នាំ២០០៨​​នោះ​ គឺបាន​ត្រឹមតែ​៣កៅអី​​ប៉ុណ្ណោះ​​។ បន្ទាប់មក​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១២ គាត់បានភូតទៀតថា​ បើជាប់ឃុំមួយ​នោះនឹងយក​រដ្ឋ​នៅអាមេរិកនោះមកជួយឃុំ​នោះមួយ​។​ ប៉ុន្តែ​យើង​ស្នើឲ្យ​តែខ្មែរមួយក្រុម​ដែល​នៅអាមេរិក​ ក្នុងរដ្ឋនីមួយៗ​នោះ​ប្រមូល​គ្នា​ឲ្យ​​តែ​បាន​​មក​ជួយ​​ឃុំមួយ​ទៅ​គឺបានហើយ​ តែប្រហែលជាមិនបានទៅទៀត​។ បងប្អូន​ប្រជា​ពលរដ្ឋ​​ត្រូវ​ដឹង​ថា​ ខ្មែរនៅក្រៅប្រទេស​ ក៏គេហត់នឿយ​ ប្រឹងប្រែងធ្វើការ​ដូចយើង​ធ្វើការ​នៅ​កម្ពុជា​​ដូចគ្នា​។ ភាគ​ច្រើន​​ខ្មែរ​នៅ​អាមេរិក​​នោះ​មិនទាន់​មានលុយ​​ទិញផ្ទះ​បាន​​នៅ នៅ​ឡើយ​ទេ​។​​​ អ្នកខ្លះ​ត្រូវ​ចាញ់​បោក​​​ល្បែង​នយោបាយ​ជាមួយ កឹម សុខា​ អស់លុយ​រលីង​រហូត​ដល់លែង​លះ ប្តីប្រពន្ធទៀត​។​ ប្រជាពលរដ្ឋ​ត្រូវ​យល់ថា នៅក្នុងឃុំមួយ បើប្រជាពលរដ្ឋ​មិនចូលរួម​នោះ​ឃុំ​នោះ​​មិនអាច​ធ្វើ​អ្វី​ចេញ​ទេ​​។ ដូច្នេះ​ប្រជាពលរដ្ឋ​ត្រូវមើលឲ្យ​ច្បាស់ ហើយមិនត្រូវចាញ់បោក​នូវ​ភាសា​​បោក​ប្រាស់​​របស់​ កឹម សុខា ​ទៀត​​​ទេនៅក្នុងការបោះឆ្នោត​ឆ្នាំ២០១៣​ ខាងមុខនេះ​​៕​
សម្រង់ព័ត៌មាន លោក នូ សាវុធឌី