Thursday, September 13, 2012

សមរង្ស៊ី និង​សិទ្ធិមនុស្ស មិន​អស់ចិត្ត ទទូច​ចង់​ជួប​រដ្ឋមន្ត្រី​មហាផ្ទៃ រឿង​ដោះដូរ គ​.​ជ​.​ប​.

ភ្នំពេញ: ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស របស់លោក កឹម សុខា បាន​សរសេរ​លិខិត​រួមគ្នា​មួយ ជូន​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដើម្បី​ស្នើសុំ​ជួប​លោក​រដ្ឋមន្ត្រី ឬ​តំណាង ដើម្បី​ពិភាក្សា​ស្តីពី​សមាសភាព​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​.​។ ការទទូច​សុំ​ជួប​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ដូច្នេះ បាន​ធ្វើឡើង ក្រោយ​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​បដិសេធ មិន​ទទួលយក​សំណើ​ដោះដូរ​សមាសភាព គ​.​ជ​.​ប​. ដែល​ស្នើ​ដោយ​គណបក្ស​ប្រឆាំង​ទាំងពីរ​។​

​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១២ ដែលមាន​ត្រា​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស អមដោយ​ហត្ថលេខា​របស់​លោក គង់ គាំ ប្រធាន​គណបក្ស​សម​រង្ស៊ី​ស្តីទី និង​លោក កឹម​សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស បាន​លើកឡើង​ថា " យើងខ្ញុំ​ស្នើសុំ​ជួប​ជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ឬ​តំណាង ក្នុង​គោលបំណង​ពិគ្រោះ​យោបល់ ពិភាក្សា រក​ការឯកភាព​ជាតិ ដើម្បី​ឲ្យ​ការបោះឆ្នោត​នៅ​ប្រទេស​យើង ប្រព្រឹត្តទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ព្រមទាំង​ធ្វើឲ្យ​គណបក្សនយោបាយ អង្គការ​សង្គម​ស៊ីវិល​ជាតិ​-​អន្តរជាតិ និង​ជា​ពិសេស​ប្រជាពលរដ្ឋ​យើង​ទទួលយកបាន​"​។​

​ក្នុង​លិខិត​ដដែល​នោះ សម្ព័ន្ធភាព​គណបក្ស​ប្រឆាំង​ទាំងពីរ បាន​ទទូច​ស្នើសុំ​ដល់​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ អនុញ្ញាត​ពេលវេលា​សមស្រប​ណាមួយ​របស់​លោក ឬ​ក៏​ចាត់​តំណាង ដើម្បី​ជួប​ពិភាក្សា​កិច្ចការ​ដោះដូរ​សមាសភាព គ​.​ជ​.​ប​. ដោយផ្ទាល់​។​

មកដល់រសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១២ មិនទាន់មានការឆ្លើយតបបែប​ណាពី​លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជុំវិញលិខិតលើកទី២ របស់​មេដឹកនាំគណបក្សប្រឆាំងទាំងពីរ នៅឡើយទេ។

ចំណែកលោកឧត្តមសេនីយឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បាន​លើក​ឡើង​​ថា "​នៅក្នុង​ច្បាប់បោះឆ្នោត មិន​មានមាត្រាណាមួយ ​ចែង​ថា រដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃ ត្រូវ​ពិភាក្សា​ជាមួយ​នរណា ឬក៏​ជាមួយ​គណបក្ស​នយោបាយ​ណា​ទេ ចំពោះ​ការរៀបចំ​សមាសភាព គ​.​ជ​.​ប​. ទេ​។ ក្នុង​ច្បាប់ កំណត់ថា លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ មាន​កាតព្វកិច្ច​រៀបចំ​សមាសភាព គ​.​ជ​.​ប​. យ៉ាងតិច ៩ ខែ មុន​ថ្ងៃ​បោះឆ្នោត ដើម្បី​ដាក់​ទៅ​សុំ​ការអនុម័ត​នៅ​គណៈរដ្ឋមន្ត្រី មុននឹង​បញ្ជូន​ទៅ​កាន់​​រដ្ឋសភា​"​។​

​ជា​ការកត់សម្គាល់ លិខិត​រួមគ្នា​របស់​មេដឹកនាំ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស ចុះ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១២ បាន​ធ្វើឡើង​ភ្លាមៗ បន្ទាប់ពី​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​បដិសេធ​នឹង​សំណើរ​រួមគ្នា​របស់​មេដឹកនាំ​គណបក្សប្រឆាំង​ទាំង​ពីរ ក្នុង​រឿង​ដោះដូរ​សមាសភាព គ​.​ជ​.​ប​.​។​

​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១២ ដែល​ត្រូវបាន​គេ​ផ្សព្វផ្សាយ​ដល់​អ្នកកាសែត កាលពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១២ ត្រូវបាន​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង លើកឡើងថា សំណើរ​រួមគ្នា​របស់​គណបក្សប្រឆាំង​ទាំងពីរ ក្នុង​ការដោះដូរ​សមាស​ភាព គ​.​ជ​.​ប​. អាច​ធ្វើឲ្យ​ដំណើរការ​បោះឆ្នោត​ទាំងមូល ត្រូវ​ប្រឈម​ជា​មួយ​ភាពជាប់គាំង ដែល​នឹង​នាំឲ្យ​ប៉ះពាល់​មកលើ​ស្ថិរភាព​នយោបា​យ​របស់​ជាតិ​។​

​សូម​រម្លឹកថា ក្នុង​លិខិត​រួមគ្នា​របស់​គណបក្ស​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ចុះ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១២ បាន​ស្នើសុំ​ឲ្យ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ធ្វើ​ការដោះដូរ​សមាសភាព គ​.​ជ​.​ប​. ទាំង ៧ រូប ដែល​ត្រូវជា​ឥស្សរជន​ឯករាជ្យ និង​ត្រូវ​ជ្រើសរើស​ដោយ​គណៈកម្មការ​ចម្រុះ​មួយ ដែល​មាន​សមាសភាព​ចេញពី​តំណាង​គណបក្ស​នយោបាយ ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​។ ក្រៅពីនោះ គណបក្សប្រឆាំង​ទាំង​ពីរ ក៏​បាន​ស្នើ​រូបមន្ត ដើម្បី​ឲ្យមាន​ការដោះដូរ​សមាសភាព គ​.​ជ​.​ប​. នៅ​ថ្នាក់​ជាតិ និង​តាម​ខេត្ត​រាជធានី ស្រុក​ខណ្ឌ ព្រម​ទាំង​នៅ​ឃុំ​សង្កាត់ និង​សមាសភាព គ​.​ជ​.​ប​. នៅតាម​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​ផងដែរ​៕​