Thursday, September 13, 2012

មូលនិធិ​បាយ័ន​នាំ​ថវិកា​៥​ម៉ឺន​ដុល្លារ​ផ្ដល់​ជូន​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ដើម្បី​ចូល​រួម​ជួយ​សង្គ្រោះ​កុមារ​

​ភ្នំពេញ​ ៖​ ថវិកា​ចំនួន​៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ត្រូវ​បាន​លោកស្រី​ ហ៊ុន​ ម៉ា​ណា​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​វិទ្យុ​ និង​ទូរទស្សន៍​បាយ័ន​និង​ជា​ប្រធាន​មូលនិធិ​បាយ័ន​ រួម​ជាមួយ​ក្រុម​ចលនា​យុវជន​កម្ពុជា១៥៧​នាក់​ ដឹកនាំ​ដោយ​លោក​ ម៉ឹង​ ពន្លក​​ នាំ​យក​ទៅ​ឧ​បត្ត​ម្ភ​ជូន​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ដើម្បី​ចូលរួម​ជួយ​សង្គ្រោះ​កុមារ​ទាំងឡាយ​ និង​ការ​ចំណាយ​នានា​ក្នុង​ប​ន្ទីរ​ពេទ្យ​នេះ​ ខណៈ​បច្ចុប្បន្ន​ប​ន្ទីរ​ពេទ្យ​ដែល​ផ្ដល់​សេវា​ព្យាបាល​ជម្ងឺ​ដល់​កុមារ​ដោយ​ឥត​គិតថ្លៃ​ មួយ​នេះ​កំពុង​តែ​ប្រឈម​ និង​ការ​ខ្វះខាត​ក្នុង​ការ​ចំណាយ​លើ​ការ​ទិញ​ថ្នាំពេទ្យ​និង​ប្រាក់​បៀរ​វត្ស​ន៍​បុគ្គលិក​ របស់​ខ្លួន​នោះ​។​
តាម​រយៈ​មូលនិធិ​បាយ័ន​ ទឹកប្រាក់​សរុប​ទាំង​៥​ម៉ឺន​ដុល្លា​នេះ​គឺជា​ថវិកា​ចូលរួម​របស់​ក្រុម​ចលនា​យុវជន​កម្ពុជា​ ១៥៧​ចំនួន​៤​ម៉ឺន​ដុល្លារ​ និង​ក្រុមហ៊ុន​ អ៊ិ​ន​ វី​ ស៊ី​ (​ផលិត​ទឹកបរិសុទ្ធ​វី​តា​ល់​ )​ ថវិកា​ចំនួន​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។​ សូម​បញ្ជាក់​ថា​ កាលពី​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១២​កន្លង​មក ​មូលនិធិ​បាយ័ន​ បាន​នាំ​យក​ថវិកា​ចំនួន​៣០​ម៉ឺន​ដុល្លា​អា​មេ​រិ​ករួច​មក​ហើយ​ ជូន​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​​ ។​ នា​ឱកាស​នេះ​ដែរ​ លោកស្រី​ ហ៊ុន​ ម៉ា​ណា​ ក្នុង​នាម​មូលនិធិ​បាយ័ន​បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ចូលរួម​របស់​ក្រុម​ចលនា​យុវជន​កម្ពុជា​និង​ក្រុមហ៊ុន​ អ៊ិ​ន​ វី​ ស៊ី​ ដែល​បាន​រួម​គ្នា​ចំណាយ​ថវិកា​ចូលរួម​ជួយ​ដល់​មន្ទីរពេទ្យ​ជា​ពិសេស​កុមារ​ដែល​កំពុង​សំរាក​ព្យាបាល​ជម្ងឺ​នៅ​ទី​នេះ​ ។ ​ក្នុង​នាម​ជា​ប្រធាន​មូលនិធិ​បាយ័ន​ លោកស្រី​ ហ៊ុន​ ម៉ា​ណា​​ បាន​សន្យា​ថា​ លោកស្រី​និង​ខិតខំ​បន្ថែម​ទៀត​ក្នុង​ការ​គៀងគរ​ថវិកា​ឲ្យ​បាន​៥០​ម៉ឺន​ដុល្លា​រអា​មេ​រិ​ក​ក្នុង​១​ឆ្នាំ​ ៗ​ ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ។​
​លោក​​ ម៉ឹង​ ពន្លក​ ប្រធាន​ចលនា​យុវជន​កម្ពុជា​ បាន​លើក​ឡើង​ថា​ដោយ​មើលឃើញ​ពី​តម្រូវការ​ចាំបាច់​របស់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​និង​ក៏​តប​តាម​ការ​អំពាវនាវ​របស់​សម្តេច​តេ​ជោ​ នាយក​រដ្ឋមន្ត្រី​និង​លោក​ជំទាវ​ព្រឹទ្ធ​បណ្ឌិត​ ប្រធាន​កាកបាទក្រហមកម្ពុជា​និង​ក្រោម​ការ​ណែនាំ​ពី​ លោក​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត​ក្រុម​ចលនា​យុវជន​កម្ពុជា​ទាំងអស់​បាន​គៀងគរ​ប្រមូល​ថវិកា​ដើម្បី​រួមចំណែក​ជួយ​សង្គ្រោះ​កុមារ​ដែល​ជា​ទំពាំង​ស្នង​ឫស្សី​ឲ្យ​រួច​ផុត​ពី​ជម្ងឺ​ផ្សេងៗ​ ។​ គណៈ​គ្រប់គ្រង​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ បាន​សម្តែង​ក្តី​ត្រេកអរ​ព្រមទាំង​កោតសរសើរ​ពី​សមានចិត្ត​ដ៏​សប្បុរស​ថ្លៃថ្លា​របស់​លោកស្រី​ហ៊ុន​ ម៉ា​ណា​ និង​លោក​ ម៉ឹង​ ពន្លក ​និង​ក្រុម​ចលនា​យុវជន​កម្ពុជា​ទាំងអស់​។​
​លោក​មាន​ប្រសាសន៍​ថា​ ពេល​នេះ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​បាន​ទទួល​ថវិកា​ជា​បន្តបន្ទាប់​ពី​សប្បុរសជន​នានា ​ប៉ុន្តែ​ទោះជា​យ៉ាងណា​ ថវិកា​ទាំង​អស់នោះ​ពុំ​អាច​ឆ្លើយ​តប​គ្រប់គ្រាន់​ចំពោះ​តម្រូវការ ​និង​ការ​ចំណាយ​របស់​មន្ទីរពេទ្យ​ទាំង​៤​កន្លែង​ឡើយ ​ព្រោះ​ឆ្នាំ​នេះ​ការ​សង្គ្រោះ​កុមារ​ដែល​ចូល​មក​សម្រាក​ព្យាបាល​មាន​កំណើន​ឡើង​ ។​ លោក​បញ្ជាក់​ថា​ ការ​ផ្តល់​ថវិកា​ឧបត្ថម្ភ​របស់​មូលនិធិ​បាយ័ន ​ក៏​ដូច​ជា​សប្បុរសជន​នានា​តាម​រយៈ​មូលនិធិ​គន្ធ​បុប្ផា​ ពិតជា​បាន​ចូលរួម​ចំណែក​យ៉ាង​ធំធេង​ដល់​ការ​ចំណាយ​នានា​របស់​មន្ទីរពេទ្យ​ ៕​