Thursday, September 13, 2012

ឧត្តម​មន្ត្រី​អាស៊ាន បន្ត​ពិភាក្សា​លើ​សសរ​គ្រឹះ​ទាំង ៣ របស់​អាស៊ាន​

ភ្នំពេញ: កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​រួម​ឧត្តម​មន្ត្រី​អាស៊ាន ដែល​បន្ត​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១២ នៅ​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់ ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ដទៃទៀត នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១២ ខាងមុខ​។ កិច្ច​ពិភាក្សា​របស់​ឧត្តម​មន្ត្រី​អាស៊ាន នៅ​ថ្ងៃ​ទី​១៣​ ខែកញ្ញា​នេះ បាន​ផ្តោត​សំខាន់​លើ​សសរ​គ្រឹះ​ទាំង ៣ របស់​អាស៊ាន គឺ​ផ្នែក​នយោបាយ សេដ្ឋកិច្ច សន្តិសុខ និង​ផ្នែក​សង្គម​វប្បធម៌​។​

​លោកស្រី សឿង រដ្ឋ​ចា​វី រដ្ឋលេខាធិការ​ក្រសួងការបរទេស បាន​មានប្រសាសន៍​ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា កិច្ចប្រជុំ​រួម​របស់​ឧត្តម​មន្ត្រី​អាស៊ាននៅពេលនេះ ផ្តោត​ការពិភាក្សា​សំខាន់​បំផុត​ទៅលើ​ការរៀបចំ​កិច្ចប្រជុំកំពូល​អាស៊ាន លើក​ទី​២១ ដោយ​ពេល​នេះ ក្រុម​ឧត្តម​មន្ត្រី​អាស៊ាន បាន​ពិនិត្យ​មើល​លើ​កម្មវិធី និង​ចំណុច​ដែល​ថ្នាក់ដឹកនាំ​អាស៊ានគ្រោង​ពិភាក្សា គឺ​អ្វីៗ​ទាំងអស់ ជា​ការត្រៀមសម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ដទៃទៀត និង​ប្រទេស​ដៃគូ​សំ​ខា​ន់ៗ ព្រមទាំង​កិច្ចប្រជុំ​អាស៊ី​បូព៌ា លើក​ទី​៧ ទទួលបាន​ជោគជ័យ​នៅ​ឆ្នាំ​២០១២ ដែល​កម្ពុជាធ្វើជា​ប្រធាន​អាស៊ាន​។​

​លោកស្រី សឿង រដ្ឋ​ចា​វី ដែល​ជា​ឧត្តម​មន្ត្រី​អាស៊ាន តំណាង​ឲ្យ​កម្ពុជា បាន​មានប្រសាសន៍​បន្ត​ថា នេះ​ជា​កិច្ចប្រជុំ​រួម​របស់​ឧត្តមមន្ត្រី​អាស៊ាន ដែល​ជា​ថ្នាក់​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស របស់​ប្រទេស​សមាជិក​អាស៊ាន និង​មាន​ការចូលរួម​ពី​សំណាក់​ឧត្តម​មន្ត្រីសេដ្ឋកិច្ច របស់​អាស៊ាន និង​ខាង​សង្គម​វប្បធម៌ ព្រមទាំង​មាន​ការចូលរួម​ពី​សំណាក់​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​អាស៊ាន នៅ​ទីក្រុង​ហ្សា​កាតាផងដែរ​។​

​លោកស្រី​រដ្ឋលេខាធិការ បាន​មានប្រសាសន៍​បន្ត​ថា កិច្ចប្រជុំ​រួម​របស់​ឧត្តមមន្ត្រី​អាស៊ាន គឺពាក់ព័ន្ធ​នឹង​សសរ​គ្រឹះ​ទាំង ៣ របស់​អាស៊ាន ដែល​រួមមាន ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច សន្តិសុខ និង​ផ្នែក​សង្គម និង​វប្បធម៌ ទើប​មាន​ការពិភាក្សា​រួមគ្នា មើល​ឲ្យបាន​គ្រប់​ជ្រុងជ្រោយ​ ទាំង​ចំណុច​ត្រៀម​ពិភាក្សា​របស់​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ និង​កម្មវិធី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល លើក​ទី​២១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​នឹង​ធ្វើឡើង​នៅ​ខែ​វិច្ឆិកា ក្នុង​រាជធានី​ភ្នំពេញ​។​

​សូម​រម្លឹកថា ក្រុម​ឧត្តមមន្ត្រី​ប្រទេស​សមាជិក​អាស៊ាន និង​ប្រទេស​ដៃគូ ដែល​មាន​កម្ពុជាជា​ម្ចាស់ផ្ទះ បាន​ជួបប្រជុំ​គ្នា​រយៈពេល ៤ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១២ នៅ​រាជធានី​ភ្នំពេញ ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២១ នា​ខែ​វិច្ឆិកា​ខាងមុខ​។​

​សេចក្តី​ជូន​ព័ត៌មាន របស់​ក្រសួងការបរទេស​កម្ពុ​ជា ចុះ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២ បង្ហាញថា ក្នុងនាម​ជា​ប្រធាន​អាស៊ាន ព្រះរាជាណាចក្រ​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​ថ្នាក់​ឧត្តម​មន្ត្រី​អាស៊ាន នៅ​សប្ដាហ៍​នេះ ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១២ ដើម្បី​ត្រៀម​រៀបចំ សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​ លើក​ទី​២១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​មួយចំនួន ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១២ នៅ​ទីក្រុង​ភ្នំពេញ​។

​សេចក្ដី​ជូន​ព័ត៌មាន​ដដែល បាន​បង្ហាញ​ឲ្យដឹងថា កិច្ចប្រជុំ​ថ្នាក់​ឧត្តម​មន្ត្រី​អាស៊ាន រួម មាន​៖

១. កិច្ចប្រជុំ​ឧត្តម​មន្ត្រី​អាស៊ាន និង​កិច្ចប្រជុំ​ត្រៀម​រួមគ្នា (JPM) ក្នុងនោះ មាន​កិច្ចប្រជុំ​ឧត្តម​មន្ត្រី​អាស៊ាន កិច្ចប្រជុំ​ឧត្តមមន្ត្រី នៃ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​អាស៊ាន និង​កិច្ចប្រជុំ​គណៈ​កម្មាធិ​ការ​ឧត្តម​មន្ត្រី​ លើកទី​១២ នៃ​ក្រុមប្រឹក្សា​សង្គមកិច្ច​-​វប្បធម៌​អាស៊ាន ដើម្បី​រៀបចំ​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២១ នា​ខែ​វិច្ឆិកា​ខាងមុខ​។​

២. កិច្ចប្រជុំ​ឧត្តម​មន្ត្រី​អាស៊ាន​បូក​បី (​អាស៊ាន បូក ចិន ជប៉ុន សាធារណរដ្ឋ​កូរ៉េ​) ដើម្បី​រៀបចំ​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក លើក​ទី​១៥​។​

៣. កិច្ចប្រជុំ​ឧត្តម​មន្ត្រី​អាស៊ី​បូព៌ា ដើម្បី​រៀបចំ​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​ លើក​ទី​៧​។​

៤. កិច្ចប្រជុំ​ឧត្តម​មន្ត្រី​អាស៊ាន​-​សហរដ្ឋអាមេរិក ដើម្បី​រៀបចំ​សម្រាប់​កិច្ចប្រជុំ​ថ្នាក់​ដឹកនាំ​អាស៊ាន​-​សហរដ្ឋ​អាមេរិក​ លើក​ទី​៤។

៥. កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ នៃ​គណៈកម្មការ​សន្ធិសញ្ញា ​ស្ដីពី ​តំបន់​អាស៊ីអាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែ ដើម្បី​រៀបចំ​ចុះហត្ថលេខា​លើ​ពិធីសារ នៃ​សន្ធិសញ្ញា​ ស្ដីពី​ តំបន់​អាស៊ីអាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែ​។​

៦. តាម​សំណើ​របស់​កម្ពុជា និង​មាន​ការឯកភាព​ពី​សមាជិក​អាស៊ាន​ទាំង​អស់ កម្ពុជា​ក៏​នឹង​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ក្រៅផ្លូវការ ថ្នាក់​ឧត្តម​មន្ត្រី​អាស៊ាន​-​ចិន ស្តីពី ក្រម​ប្រតិបត្តិ COC នៅ​សមុទ្រ​ចិន​ខាងត្បូង​។ នេះ​ជា​លើក​ទី​៣​ហើយ ដែល​កម្ពុជា​បាន​ផ្តួចផ្តើមឲ្យមាន​កិច្ចប្រជុំ​ ស្តី​ពី​ក្រមប្រតិបត្តិ​នេះ ដើម្បី​កាត់បន្ថយ​ភាព​តានតឹង នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​ធ្វើ​ការងារ​ឆ្ពោះទៅ​កាន់​ការតាក់តែង​ក្រម​ប្រតិបត្តិ COC នេះ​៕​