Thursday, September 13, 2012

សម្តេច​​អគ្គ​មហា​សេនា​បតី​​តេជោ ហ៊ុន សែន ក្នុង​​ប្រធាន​​អាស៊ាន​​​បាន​​ដាក់​​​ចេញ​​អនុសាសន៍​​៤ចំណុច​​ជូន​​កិច្ចប្រជុំ​រដ្ឋ​មន្រ្តី​​ថាមព​ល​អាស៊ាន

នៅ​ក្នុង​កាស​អញ្ជើញ​ចូល​រួម​ជា​អធិបតី​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ថាមពល​អាស៊ាន​លើក​ទី ៣០ និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ក្រោម​ប្រធាន​បទ «ការ​តភ្ជាប់​អាស៊ាន​បៃតង» ​នៅ​វិមាន​សន្តិភាព​ រាជ​ធានី​ភ្នំពេញ​ថ្ងៃ​ទី១២ ខែកញ្ញា ឆ្នាំ​២០១២ សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា «ខ្ញុំ​សូម​ស្នើ​ឱ្យ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ថាមពល​ឤស៊ាន​លើក​ទី​៣០​ នេះ​ត្រូវ​បន្ត​ជំរុញ​ការ​អនុវត្ត​ផែន​ការ​សកម្មភាព​សហប្រតិបត្តិការ​ថាមពល​ឤស៊ាន​២០១០-២០១៥ ដែល​ជាផែនទី​បង្ហាញ​ផ្លូវដ៏​មាន​សារ​សំខាន់ នៅ​ក្នុង​កិច្ចសហប្រតិបត្តិការ​ថាមពល​ឤស៊ាន ដែល​គាំទ្រដ​ល់​ការ​តភ្ជាប់​ហេដ្ឋារចនា​សម្ព័ន្ធ​ថាមពល ការលើក​កម្ពស់​សមាហរ​ណកម្ម និងកំណើន សេដ្ឋ​កិច្ច​ក្នុង​តំបន់​ ដោយ​សម្តេច​បាន​កត់​សម្គាល់​ថា ជាក់​ស្តែង​ផែន​ការ​ខ្សែ​បញ្ជូន​ថាមពល​ឤស៊ាន និង​បំពង់​ឧស្ម័នអន្តរ​ឤស៊ាន នៅពុំ​ទាន់​ទទួល​បាន​លទ្ធផល​គួរ​ជាទីពេញ​ចិត្ត​នៅ​ឡើយ​នោះ​ទេ»

សម្តេច​តេជោនាយករដ្ឋមន្រ្តី​ក្នុង​តួនាទី​ជា​ប្រធាន​អាស៊ាន​បាន​ថ្លែង​ថា ការ​កំណត់​ប្រធានបទ «ការ​តភ្ជាប់​ឤស៊ាន​បៃតង» នា​ពេល​នេះ បាន​បង្ហាញ​ពីការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ការ​ផលិត និង​ការ​ប្រើ​ប្រាស់​ថាមពល ដែល​កាត់​បន្ថយ​ជា​អតិបរមា នូវ​ផល​ប៉ះ​ពាល់​ដល់​បរិយាកាស  បរិស្ថាន​ធម្មជាតិ និង​សង្គម និង​បាន​រួម​ចំណែក​សំខាន់​ដល់​ការ​កាត់​បន្ថយ​ការ​ប្រែ​ប្រួល​ឤ​កាស​ធាតុ។

សម្តេច​តេជោ​មាន​ប្រសាសន៍​បញ្ជាក់​ថា ខ្ញុំ​យល់​ឃើញថា​ វិស័យ​ថាមពល​ឤច​មាន​ជម្រើស​មួយ​ចំនួន ដែល​នឹង​រួម​ចំណែក​ដល់ការ​កាត់​បន្ថយ​ការប្រែប្រួល​ឤកាស​ធាតុ និង​ការ​កាត់​បន្ថយ​ការ​បំភាយឧស្ម័នកាបូនិច​ទៅ​ក្នុង​បរិយាកាស ដោយ​យើង​ត្រូវ​បន្តយក​ចិត្ត​ទុក​ដាក់​ទាំង​ការ​ផលិត ការ​ផ្គត់ផ្គង់ និង​ការ​ប្រើប្រាស់​ថាមពល​ឱ្យ​មាន​ប្រសិទ្ធភាព រួមទាំង​បង្កើន​ការ​ប្រើ​ប្រាស់​ថាមពល​កកើតឡើង​វិញ​ផង​ដែរ ដូចជា ថាមពល​វារី​អគ្គិសនី, ថាមពល​ខ្យល់, ថាមពល​ពន្លឺ​ព្រះ​ឤទិត្យ, ថាមពល​កំដៅ​ទឹក​ក្នុង​ដី, ថាមពល​ជីវម៉ាស, ថាមពល​ជីវឧស្ម័ន និង​ថាមពល​ជីវឥន្ធនៈ​ជា​ដើម។ ម៉្យាង​ទៀត ប្រធាន​បទ​នេះ គឺ​ពិត​ជា​បាន​ចូល​រួមចំណែក​ដល់​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​ឤស៊ាន ដែល​បាន​ប្តេជ្ញា​បង្កើន​សមាមាត្រ​ការ​ប្រើ ប្រាស់​ថាមពល​កកើត​ឡើង​វិញ​ឱ្យ​បាន១៥% នៃ​ឤនុភាព​ដំឡើង​សរុប​នៅ​ឆ្នាំ២០១៥ ខាងមុខ​នេះ ដើម្បី​ចូល​រួម​ឱ្យ​បាន​ខ្លាំងក្លា​ក្នុង​ការ​ថែរក្សា​បរិស្ថាន។

សម្តេចតេជោ​នាយករដ្ឋមន្រ្តី​បាន​ផ្តល់​ជា​អនុសាសន៍​ថា ​យើង​ទាំង​អស់​គ្នា​គួរ​ស្នើ​ដល់​បណ្តា​អ្នក​ផលិត​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឱ្យ​បាន​ច្រើន​ថែម​ទៀត ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​រិះ​រក​មធ្យោបាយ ដើម្បី​ធ្វើ​ឱ្យ​ផលិតផល​ទាំង​នោះ មាន​គុណភាព​ល្អ, មាន​តម្លៃ​ទាប​ និង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់ ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍ​ប្រភព​ថាមពល​បៃតង​ឱ្យ​មាន​ការ​រីកចម្រើន​ឆាប់​រហ័ស។

ទាក់​ទង​នឹង​កិច្ច​សហប្រតិបត្តិការ​លើ​ផ្នែក​ថាមពល​នុយ​ក្លេអ៊ែរ​ស៊ីវិល ដែល​ទើប​បញ្ចូល​នៅ​ក្នុង​ផែន​ការ​សកម្មភាព​សហប្រតិបត្តិការ​ថាមពល​ឤស៊ាន សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍​ថា វា​ជា​ប្រភព​ថាមពល​ដ៏​សំខាន់​មួយ​ដែរ ក៏ប៉ុន្តែការ​ប្រើប្រាស់​ប្រភពថាមពល​មួយ​នេះ ទាម​ទារ​ឱ្យ​មាន​ការ​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​ទូលំ​ទូលាយ​ថែម​ទៀត ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ​អំពី​ការវិវត្ត​បច្ចេកវិទ្យា ផល​ប្រយោជន៍ និង​ហានិភ័យ​នៃ​ថាមពល​នុយក្លេ​អ៊ែរ​ស៊ីវិល ។ 

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ធ្វើការកត់​សម្គាល់​ថា ការ​ប្រើប្រាស់​ថាមពល​នុយក្លេអ៊ែរ​សម្រាប់​ការ​ផលិតអគ្គិសនី ត្រូវ​មាន​ការ​សិក្សា​ឱ្យ​បាន​ស៊ីជម្រៅ​ទៅ​លើ​បច្ចេកវិទ្យា និង​វិធានការ​សុវត្ថិភាព​បន្ថែម​ច្រើន​ទៀត ដើម្បីការ​ពារ​គ្រោះ​ថ្នាក់​នុយក្លេអ៊ែរ​ ដែល​ឤច​កើត​ឡើង​ដោយ កត្តា​គ្រោះ​មហន្តរាយ​គ្រប់​ប្រភេទ ក្នុង​នោះយើងក៏ឤចរៀនសូត្រឱ្យបានស៊ីជម្រៅអំពីបទ​ពិសោធន៍ និង​មេរៀន​នៃ​គ្រោះ​មហន្តរាយ​រោង​ចក្រ​នុយ​ក្លេអ៊ែរ ដែល​បាន​កើត​ឡើង​ដោយ​រលក​យក្ស​ស៊ូណាមី​នៅ​ហ៊្វូគូស៊ីម៉ា​ប្រទេស​ជប៉ុន​កាល​ពី​ខែមីនា ឆ្នាំ២០១១ កន្លង​ទៅ​នេះ។ ដោយ​ឡែក​ក្រៅ​អំពី​ថាមពល​នុយ​ក្លេអ៊ែរ ប្រសិន​បើ​ពិនិត្យ​អំពី​ពិធិកម្ម​នៃ​ប្រភព​ថាមពល​យើង​ក៏​ឤច​មើល​ឃើញ​ដែរ​ថា ធ្យូង​ថ្ម​ក៏​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​សម្រាប់ផ្គត់​ផ្គង់​សេចក្តី​ត្រូវការ​ថាម​ពល​ទាំង​បច្ចុប្បន្ន និង​ទៅ​អនាគត​ផង​ដែរ។ ប៉ុន្តែ​ការ​ប្រើប្រាស់​ប្រភព​ថាមពល​ធ្យូង​ថ្ម​ក៏ទាម​ ទារ​ឱ្យ​មាន​ការ​យក​ចិត្តទុ​កដាក់​ទៅលើការ​ប្រើប្រាស់​បច្ចេកវិទ្យាទំនើបផងដែរ ដែលក្នុង​នោះ​រួម​មាន​បច្ចេក​វិទ្យាធ្យូង​ថ្មស្អាត និង​បច្ចេកវិទ្យា​ចាប់​យក​កាបូន ដែល​ឤច​កាត់​បន្ថយ​ជាអតិបរមា​នូវ​ផល​​ប៉ះ​ពាល់​ដល់​បរិយាកាស​ដោយ​ការ​បំភាយ​នៃ​ឧស្ម័ន​ពុល។

បច្ចុប្បន្ន​នេះ នៅ​ក្នុង​ស្ថានភាព​នៃ​ការ​តភ្ជាប់​ខ្សែ​បញ្ជូន​ថាមពល​ឤស៊ាន និង​បំពង់​ឧស្ម័ន​អន្តរ​ឤ​ស៊ាន​ដែល​ទើប​តែ​បាន​ផ្តើម​ចេញ​ពី​រូបភាព​ទ្វេភាគី ​ពីព្រោះ​នៅ​មានសេស​សល់​ការ​ងារ​បច្ចេក​ទេស និង​បទប្បញ្ញត្តិផ្សេង​ៗទៀត ដើម្បី​ឆ្ពោះ​ទៅ​ការ​ធ្វើ​សុខដុមនីយកម្ម​ក្របខ័ណ្ឌ​បញ្ញត្តិកម្ម​ និង​ស្តង់ដារ​បច្ចេកទេស​មួយ​ពេញ​លេញ សម្តេច​តេជោ​នាយករដ្ឋមន្រ្តី​ថ្លែង​ថា ខ្ញុំ​ជឿ​ជាក់​ថា ឤស៊ាន​នឹង​បន្ត​ពង្រឹង និង​ពង្រីក​ជំហរ​ឯកភាព​គ្នា​មួយ​ក្នុង​តំបន់ ដើម្បី​រួម​គ្នា​ដោះ​ស្រាយ និង​បំពេញ​ភាព​ខ្វះច​ន្លោះ​ទាំង​ឡាយ ដែល​នៅ​មានដូច​ជា ការ​តភ្ជាប់​ឤស៊ាន​ ទាំង​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូប​វន្តនេះ និង​ការ​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ក្នុងចំណោម​ប្រទេស​ក្នុងតំបន់​នេះ​ជា​ដើម។ ជា​រួម​យើង​ទាំង​អស់​គ្នា ពិត​ជា​មាន​មោទនភាព​ចំញេះវ​ឌ្ឍនភាព​នៃការ​អនុវត្ត​ផែនការ​សកម្ម​ភាព​សហប្រតិបត្តិការ​ថាមពល​ឤស៊ាន​២០១០-២០១៥ ពីព្រោះ​កិច្ចការ​នេះ​នឹង​រួម​ចំណែក ដល់​ការ​អភិវឌ្ឍ​ថាមពល​បៃតង, ការ​គាំទ្រ​ដល់​សន្តិសុខ​ថាមពល និង​ភាព​រឹងមាំ​ផ្នែក​សេដ្ឋកិច្ច ក្នុង​ប្រទេស​នីមួយៗ​ផង និង​តំបន់​ឤស៊ាន​ទាំង​មូល​ផង​ដែរ។

សម្តេច​អគ្គមហា​សេនា​បតីតេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​បញ្ជាក់​ថា កម្ពុជា​សូម​គាំទ្រ​ដល់​ការ​រៀប​ចំឱ្យមានផែនទីបង្ហាញផ្លូវសម្រាប់អភិវឌ្ឍ​បច្ចេក​វិទ្យា​ថាមពល​ស្អាតឤស៊ាន ដែល​ជា​ការ​ចូលរួម​របស់​ឤស៊ាន​ក្នុង​ការ​កាត់​បន្ថយផលប៉ះពា​ល់​ពីការប្រែប្រួលឤកាសធាតុ និងធ្វើ​ឱ្យ​ឤស៊ាន​ក្លាយ​ជាតំបន់មានថាមពល​បៃតង មានអត្រាបំភាយ​ឧស្ម័ន​កាបូនិច​តិច និង​មាន​សេដ្ឋកិច្ច​បៃតង។ ដើម្បី​សម្រេច​បានគោលដៅ​នេះ និង​ការ​តភ្ជាប់​ឤស៊ាន ក្នុង​បរិការណ៍​នៃ​ការ​ប្រែ​ប្រួល​ឤកាស​ធាតុ ការ​គំរាម​នៃ​គ្រោះមហន្តរាយ​ធម្មជាតិ ​ជាមួយ​នឹង​កំណើន​នៃសេចក្តី ត្រូវ​ការ​ថាមពល អស្ថិរភាព​នៃ​ថ្លៃ​ប្រេង​ឥន្ធនៈ​នៅ​លើ​ទីផ្សារអន្តរ​ជាតិ និង​ដើម្បីសន្តិសុខ​ថាមពល ក្នុង​តំបន់​របស់​យើង ព្រមទាំង​ទប់ទ​ល់នឹង​ការ​ឡើងថ្លៃថាមពល សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក្នុង​​នាម​ជា​ប្រធាន​អាស៊ាន ​បាន​ដាក់​ចេញ​នូវ​សំណើរជូន​ស្នើឱ្យកិច្ចប្រជុំរដ្ឋមន្រ្តីថា​មពល អាស៊ាន​លើក​ទី៣០ ដោយ​ផ្តោតការ​យក​ចិត្ត​ទុក​ដាក់​លើចំណុច​មួយ​ចំនួន​ដូចតទៅ៖
ទី១-ត្រូវ​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុងតំបន់ និង​ជាមួយ​ដៃគូ​សន្ទនា ក្នុង​ការផលិត​ឧបករណ៍ បរិក្ខារ​ថាមពល​កកើត​ឡើង​វិញ​ឱ្យមាន​គុណភាព​ប្រសិទ្ធភាពខ្ពស់ និង​តម្លៃ​ទាប ដើម្បី​ឱ្យ​ប្រជា​ជន​ឤស៊ាន​ឤច​បង្កើន​ការ​ប្រើប្រាស់​ឧបករណ៍​បរិក្ខារ​ទាំងអស់​នោះ។ ប្រការនេះ នឹងរួម​ចំណែក​ច្រើនដល់​ការ​កាត់បន្ថយ​ការប្រែប្រួល​ឤកាសធាតុ និងជំរុញ​ដល់​ការ​តភ្ជាប់​ឤស៊ាន​បៃ​តង​នោះ។
ទី២-បន្ត​ដំណើរ​ការពាណិជ្ជកម្ម​ថាមពល​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ឈាន​ទៅជំរុញ​បង្កើត​ឱ្យ​មាន​ទីផ្សារ​ថាមពល​ឤស៊ាន។ ពាក់ព័ន្ធទៅ​នឹង​ដំណើរការ​នេះ ត្រូវ​ជំរុញ​ការ​តភ្ជាប់​ខ្សែ​​បញ្ជូន​ថាមពល​ឤស៊ាន​ឱ្យកើត​ជារូ​បរាង និង​មាន​ដំណើរការ​ស្របគ្នា​ទៅ​នឹង​ផែនទី​បង្ហាញ​ផ្លូវរ​​បស់​ពាណិជ្ជកម្ម​ថាមពល​ក្នុង​មហាអនុតំបន់មេគង្គ (GMS) ដែល​នឹង​ឈាន​ទៅ​បង្កើត​បាន​នូវ​មជ្ឈមណ្ឌល​សម្រប​សម្រួល​ថាមពល​តំបន់​នាពេល​ខាង​មុខ​នេះ។
ទី៣-ដោយ​តម្លៃ​ថាមពល​មាន​និន្នាការ​កើនឡើង​ជាទូទៅ ​ដូច្នេះយើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជំរុញ ការ​តភ្ជាប់​ខ្សែ​បញ្ជូន​ថាមពល​ឤស៊ាន​ពី​បណ្តាប្រភព​ផលិត​អគ្គិសនី​ធំៗ​ ដូច​ជា ស្ថានីយ​នុយ​ក្លេអ៊ែរ, វារីអគ្គិសនី, រោងចក្រ​ផលិត​ថាមពល​ពី​ធ្យូង​ថ្ម ពី​បណ្តា​ប្រទេស​ផ្សេង​ទៀត ដែល​​មាន​លក្ខណ​មាត្រដ្ឋាន​សេដ្ឋកិច្ច, មានតម្លៃទាប ហើយប្រភព​ទាំង​នោះ មាន​ទីតាំង​នៅ​កន្លែង​ដែល​មាន​ភាព​អនុគ្រោះ​ក្នុងការ​គ្រប់គ្រង, ការ​ការពារ​បរិស្ថាន ព្រម​ទាំង​មានសមត្ថភាព​ផ្គត់​ផ្គង់​ធន​ធាន​មនុស្ស និង​ធនធាន​ហិរញ្ញវត្ថុ។ ការ​ពង្រីក​បាន​នូវ​ការ​តភ្ជាប់​ហេដ្ឋា​រចនាសម្ព័ន្ធ​រូបវន្ត​នេះ គឺ​ជា​គន្លឹះ​សម្រាប់​កាត់​បន្ថយ​គម្លាត​នៃ​ការ​អភិវឌ្ឍ ក្នុងចំណោម​ប្រទេស​សមាជិក និង​សម្រាប់​ធានា​នូវ​ភាព​ជោគជ័យ​នៃសមាហរណ​កម្ម​ឤស៊ាន ដូច​បាន​លើក​ឡើង​ក្នុង​ផែន​ការ​មេ​ស្តីពី​ការ​តភ្ជាប់​ឤស៊ាន។
ទី៤-ត្រូវ​បន្ត​កិច្ច​ខិត​ខំប្រឹងប្រែង​អនុវត្ត​បន្ថែម​ទៀត តាម​បណ្តា​លក្ខខណ្ឌ​តម្រូវ​នានា ដើម្បី សម្រេច​បានផែន​ការ​សកម្មភាព​នៃ​កិច្ចសហប្រតិបត្តិការ​ថាមពល​ឤស៊ាន​ឆ្នាំ​២០១០-២០១៥ ពី ព្រោះ​ថា កិច្ចការ​នេះ​នឹង​ធ្វើ​ឱ្យ​ឤស៊ាន​កាន់​តែលេច​ត្រដែត​ឡើង​ក្នុង​ចំណោម​តំបន់​នានា​នៅ​លើ​​ពិភព​លោក ហើយ​ប្រជាជន​ឤស៊ាន​កាន់​តែ​មាន​វឌ្ឍភាព​ខ្ពស់​ជា​លំដាប់។ ដោយ​ឡែក​កិច្ច​ការ​នេះ នឹងតម្រូវ​ឱ្យមាន​ការ​ចូលរួម​ច្រើនទៀត​ពីភាគី​ពាក់ព័ន្ធ​នានា​នៅ​គ្រប់​កម្រិត ជាពិសេស​ការ​គាំទ្រ និង​ការ​ចូលរួម​ពីវិស័យ​ឯកជន និង​ពីប្រជាជន​ឤស៊ាន​ទាំងមូល​ផង​ដែរ។ ក្នុង​ន័យ​នេះ យើង​ត្រូវ​គិត​រួម​គ្នា​រក​វិធានការ​គន្លឹះ ដើម្បី​កៀរគរ​ការចូលរួម​គាំទ្រ​ពីវិស័យ​ឯក​ជន និង​ពី​ប្រជាជន​ឤស៊ាន​ទាំង​មូល។
សូម​បញ្ជាក់​ថា កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន​ក្រោម​ប្រធានបទ​ស្តីពី​ការ​តភ្ជាប់​អាស៊ាន​បៃ​តង​​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​វត្តមាន​រដ្ឋមន្ត្រី​ថាមពល​កម្ពុជា ជា​សហប្រធាន​ជាមួយ​រដ្ឋមន្ត្រី​ថាម​ពល ចិន  ជប៉ុន និង​សាធារណរដ្ឋកូរ៉េ   និង​មាន​ការ​ចូល​រួម​ពី​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន និង​សមា​ជិក​ប្រតិភូ អគ្គ​លេខា​ធិការ​អាស៊ាន ព្រម​ទាំង​ដៃគូសន្ទនា​អាស៊ាន​រួមមាន​ចិន ជប៉ុន សាធារណ​រដ្ឋកូរ៉េ អូស្ត្រាលី ញូហ្សេឡែន ឥណ្ឌា រុស្សី អាមេរិក ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ (IEA) វិទ្យាស្ថាន​ស្រាវជ្រាវសេដ្ឋកិច្ច​តំបន់​អាស៊ាន និង​អាស៊ី​បូព៌ា(ERIA) និង​ផ្នែក​ឯកជន​សរុប​ប្រមាណ​៤៥០​នាក់៕