Thursday, September 13, 2012

អង្គជំនុំជម្រះសម្រេចឲ្យ អៀង ធីរិទ្ធ នៅក្រៅមន្ទីរឃុំឃាំង

ភ្នំពេញ: ​ជនជាប់ចោទ អៀង ធី​រិ​ទ្ធ ត្រូវបាន​អង្គជំនុំជម្រះ​សាលាដំបូង ធ្វើការ​វាយតម្លៃ​ឡើងវិញ អំពី​សម្បទា​ខាង​បញ្ហា​ស្មារតី ដោយបាន​សម្រេច​ជាថ្មី ដោយ​តម្កល់​នូវ​សេចក្តីសម្រេច​របស់ខ្លួន​លើកមុខ ដែលថា​ជនជាប់ចោទ អៀង ធី​រិ​ទ្ធ មាន​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ (​ជា​ប្រភេទ​ជំងឺ​អាល​ហ្សៃ​ម៉ា Alzheimer ដែលជា​ជំងឺ​វង្វេងវង្វាន់ និង​ភ្លេច​ការចងចាំ​) ហើយ​គាត់​នៅតែ​មិនមាន​សម្បទា​ខាង​បញ្ញា​ស្មារតី​គ្រប់គ្រាន់ ក្នុងការ​ចូលរួម​សវនាការ​បាន ដូច្នេះ​អង្គជំនុំជម្រះ​សាលាដំបូង ត្រូវ​ដោះលែង​ជនជាប់ចោទ​រូបនេះ ឲ្យ​នៅក្រៅ​មន្ទីរឃុំឃាំង គ្មាន​រយៈពេល​កំណត់​។​

​សេចក្តីប្រកាស​ព័ត៌មាន របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១២ បាន​ឲ្យ​ដឹងថា អង្គជំនុំជម្រះ​សាលាដំបូង បានចេញ​សេចក្តីសម្រេច​លើ​ការវាយតម្លៃ​ឡើងវិញ អំពី​សម្បទា​ខាង​បញ្ញា​ស្មារតី​របស់​ជនជាប់ចោទ អៀង ធី​រិ​ទ្ធ ក្នុងការ​ចូលរួម​សវនាការ​។ ផ្អែក​តាម​របាយការណ៍ និង​សក្ខីកម្ម​របស់​អ្នកជំនាញ​ផ្នែក​វេជ្ជ​សា​ស្ត ដែល​ត្រូវបានតែងតាំង​ដោយ​តុលាការ នៅថ្ងៃនេះ អង្គជំនុំជម្រះ​សាលាដំបូង​បានសម្រេច​ជាថ្មី ដោយ​តម្កល់​នូវ​សេចក្តីសម្រេច​របស់ខ្លួន​លើកមុខ ដែលថា​ជនជាប់ចោទ អៀង ធី​រិ​ទ្ធ មាន​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ (​ជា​ប្រភេទ​ជំងឺ​អាល​ហ្សៃ​ម៉ា Alzheimer ដែលជា​ជំងឺ​វង្វេងវង្វាន់ និង​ភ្លេច​ការចងចាំ​) ហើយ​គាត់​នៅតែ​មិនមាន​សម្បទា​ខាង​បញ្ញា​ស្មារតី​គ្រប់គ្រាន់ ក្នុងការ​ចូលរួម​សវនាការ​បាន​។ 

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល បានលើកឡើង​ទៀតថា ក្រុម​អ្នកជំនាញ​បាន​បញ្ជាក់ថា រហូតមកដល់​ពេលនេះ ការព្យាបាល​តាម​គ្រប់​ម​ធ្យោ​បាយ ត្រូវបាន​ប្រើប្រាស់​អស់​លទ្ធភាព​ហើយ ៗ​ការចុះ​ខ្សោយ​នៃ​ដំណើរការ​ខួរក្បាល​របស់​ជនជាប់ចោទ នៅតែ​មិនអាច​វិលត្រឡប់​មក​សភាព​ធម្ម​តា​វិញ​បានទេ​។ ដោយសារតែ​មិនអាច​ប៉ាន់ស្មាន​បាន​ថា ជនជាប់ចោទ​រូបនេះ នឹង​អាច​ត្រូវ​យកមក​ជំនុំជម្រះ​បាន​នៅពេលណា​នោះ អង្គជំនុំជម្រះ​សាលាដំបូង ក៏បាន​សម្រេច​តម្កល់​ការ​បំបែក​កិច្ច​នីតិវិធី នូវ​បទចោទប្រកាន់​ប្រឆាំងនឹង​ជនជាប់ចោទ អៀង ធី​រិ​ទ្ធ នៅក្នុង​សំណុំរឿង​០០២ និង​ផ្អាក​កិច្ចដំណើរការ​នីតិវិធី​ប្រឆាំងនឹង​ជនជាប់ចោទ​រូបនេះ ដោយ​មិន​កំណត់​រយៈពេល​។ ដូចដែល​សហ​ព្រះរាជអាជ្ញា និង​ក្រុម​មេធាវី​ការពារ​ក្តី​បានទទួល​ស្គាល់​ដែរ នៅក្នុង​កាលៈទេសៈ​នេះ អង្គជំនុំជម្រះ​សាលាដំបូង ត្រូវមាន​កាតព្វកិច្ច​ដោះលែង​ជនជាប់ចោទ​រូបនេះ ចេញពី​មន្ទីរឃុំឃាំង​។​

​ដោយសារតែ​កិច្ចដំណើរការ​នីតិវិធី​ប្រឆាំងនឹង​ជនជាប់ចោទ អៀង ធី​រិ​ទ្ធ ត្រូវបាន​ផ្អាក ដោយ​មិន​កំណត់​រយៈពេល អង្គជំនុំជម្រះ​សាលាដំបូង មិនមាន​មូលដ្ឋាន​តាមផ្លូវ​ច្បាប់ ដើម្បី​ដាក់​លក្ខខណ្ឌ​ដោយ​បង្ខំ លើ​ជនជាប់ចោទ​រូបនេះ​បានឡើយ នៅពេល​ដោះលែង​។ ដោយសារតែ​សមត្ថភាព​ខាង​បញ្ញា​ស្មារតី​របស់​ជនជាប់ចោទ លក្ខខណ្ឌ​ដោយ​បង្ខំ ទោះ​ក្នុងករណី​ណាក៏ដោយ មានការ​លំបាក​ក្នុងការ​អនុវត្តន៍​។ ស្ថានភាព​សុខភាព​របស់​ជនជាប់ចោទ បាន​បង្ហាញថា ជនជាប់ចោទ​មិនមាន​សមត្ថភាព​ក្នុងការ​ចងចាំ ឬ​អនុវត្តតាម​លក្ខខណ្ឌ​ទាំងនេះ​បានឡើយ​។ 

​ប្រភព​ដដែល​បានបញ្ជាក់​ទៀតថា ទោះជា​យ៉ាងណាក្តី អង្គជំនុំជម្រះ​បាន​យល់ស្រប​ជាមួយ​សហ​ព្រះរាជអាជ្ញា ក្នុង​ការដាក់​វិធានការ​ជាក់លាក់​មួយចំនួន នៅពេល​ដោះលែង​ជនជាប់ចោទ អៀង ធី​រិ​ទ្ធ នៅមាន​លក្ខណៈ​សមស្រប​។ ហេតុដូច្នេះ អង្គជំនុំជម្រះ​បាន​រម្លឹក​ដល់​ជនជាប់ចោទ អំពី​កាតព្វកិច្ច​របស់ខ្លួន ដោយ​មិនត្រូវ​ជ្រៀតជ្រែក​កិច្ចការរដ្ឋបាល​របស់​អង្គជំនុំជម្រះ ដូចជា មិនត្រូវ​ទាក់ទង​ជាមួយ​សាក្សី ជនរងគ្រោះ ឬ​ជនជាប់ចោទ​ដទៃទៀត (​លើកលែងតែ​ស្វាមី​របស់គាត់ អៀង សារី​)​។ 
​អង្គជំនុំជម្រះ​សាលាដំបូង ក៏បាន​ស្នើ​ឲ្យ​ជនជាប់ចោទ​រូបនេះ មិនត្រូវ​ចាកចេញ​ពី​ដែនដី​នៃ​ព្រះរាជាណាចក្រ ត្រូវ​ជូនដំណឹង​ដល់​ការិយាល័យ​រដ្ឋបាល នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា មុននឹង​ផ្លាស់ប្តូរ​អាសយដ្ឋាន​រស់​នៅ​ណាមួយ​របស់ខ្លួន និង​មិនត្រូវ​ទាក់ទង​ជាមួយ​ប្រព័ន្ធ​សារព័ត៌មាន ពាក់ព័ន្ធ​នឹង​ដំណើរការ​នីតិវិធី​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​។ ដោយសារតែ​ជំងឺ អាល​ហ្សៃ​ម៉ា ជា​ប្រភេទ​ជំងឺ​ដែល​មិនអាច​ព្យាបាល​បាន​នាពេល​បច្ចុប្បន្ន ហើយក៏​មិនមាន​មធ្យោបាយ​ណាមួយ ក្នុងការ​ព្យាបាល​ជំងឺ​នេះ​តទៅ​បាន​នោះ អង្គជំនុំជម្រះ​មិន​បង្គាប់​ឲ្យ​មានការ​វាយតម្លៃ​ផ្នែក​វេជ្ជសាស្ត្រ​បន្ថែមទៀត ទៅលើ​ជនជាប់ចោទ​រូបនេះ​ទេ​។ 

​ប៉ុន្តែ​អង្គជំនុំជម្រះ យល់ព្រម​ធ្វើការ​ពិគ្រោះ​យោបល់​ជា​រៀងរាល់ឆ្នាំ ជាមួយ​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ ដែល​ត្រូវបានតែងតាំង​ដោយ​តុលាការ ដើម្បី​បញ្ជាក់​អំពី​លទ្ធភាព​នៃ​ការរកឃើញ​ការព្យាបាល​យ​តាមបែប​វេជ្ជសាស្ត្រ​ថ្មីៗ ដែល​តាម​យោបល់​របស់​អ្នកជំនាញ​ថា អាច​នឹង​ជួយ​ស្តារ​សម្បទា​ខាង​បញ្ញា​ស្មារតី​របស់​ជនជាប់ចោទ ឲ្យ​ចូលរួម​ក្នុងការ​ជំនុំជម្រះ​វិញ​បាន​។ ដោយសារតែ​លទ្ធភាព​នៃ​ការរកឃើញ នូវ​ការព្យាបាល​ជំងឺ​វង្វេងវង្វាន់ (​ជំងឺ​អាល​ហ្សៃ​ម៉ា​) នាពេល​បច្ចុប្បន្ននេះ មាន​លក្ខណៈ​មិន​ច្បាស់លាស់ ការណ៍​នេះ​នាំ​ឲ្យ​មិនមាន​មូលដ្ឋាន ក្នុង​ការបន្ត​ឃុំខ្លួន​ជនជាប់ចោទ​រូបនេះ​បានឡើយ​។ 

​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គជំនុំជម្រះ សូមបញ្ជាក់​ផងដែរ​ថា សេចក្តីសម្រេច​ដែលថា ជនជាប់ចោទ​មិនមាន​សម្បទា​ខាង​បញ្ញា​ស្មារតី​គ្រប់គ្រាន់ ក្នុងការ​ចូលរួម​សវនាការ​នេះ មិនមែនជា​ការសម្រេច​សេចក្តី​អំពី​អត្ថិភាព ឬ​នត្ថិភាព នៃ​ពិរុទ្ធភាព​របស់​ជនជាប់ចោទ អៀង ធី​រិ​ទ្ធ នោះឡើយ ហើយក៏​មិនមាន​អានុភាព​ដក​ការចោទប្រកាន់​នានា ចេញពី​ជនជាប់ចោទ​រូបនេះ​ដែរ​៕