Thursday, September 13, 2012

សហព្រះរាជអាជ្ញា ប្តឹងជំទាស់នឹងសេចក្តីសម្រេច ដោះលែងលោកស្រី អៀង ធីរិទ្ធ

ភ្នំពេញ: សហ​ព្រះរាជអាជ្ញា បាន​ប្តឹង​សាទុក្ខ​ជំទាស់​នឹង​សេចក្តីសម្រេច​របស់​អង្គជំនុំជម្រះ​សាលាដំបូង របស់​តុលាការ​ខ្មែរក្រហម ដែល​បានសម្រេច ដោះលែង​ជនជាប់ចោទ លោកស្រី អៀង ធី​រិ​ទ្ធ កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១២​។ 

​សេចក្តីសម្រេច​ជា​លើក​ទី​២ ក្នុងការ​ដោះលែង​លោកស្រី អៀង ធី​រិ​ទ្ធ ត្រូវបាន​អង្គជំនុំជម្រះ​សាលាដំបូង សំអាងថា លោកស្រី អៀង ធី​រិ​ទ្ធ អាយុ ៨០ ឆ្នាំ ជា​អតីត​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​ខ្មែរក្រហម ពិតជា​មាន​ជំងឺ​វង្វេងវង្វាន់​ធ្ងន់ធ្ងរ និង​មិនអាច​ព្យាបាល​បានឡើយ ទោះបីជា​ក្រុមគ្រូពេទ្យ បាន​ព្យាយាម​អស់​រយៈពេល​ជាង​កន្លះ​ឆ្នាំ​ក៏ដោយ​។ ពោលគឺ​លោកស្រី អៀង ធី​រិ​ទ្ធ មិនមាន​សម្បទា​ខាង​បញ្ញា​ស្មារតី​គ្រប់គ្រាន់ ដើម្បី​ចូលរួម​ក្នុង​សវនាការ ចំពោះ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ ដូច​បាន​ចោទប្រកាន់ ដែល​បាន​ប្រព្រឹត្ត​ក្នុងអំឡុង​នៃ​កម្ពុជា​ប្រជាធិបតេយ្យ​ទេ​។ 

​សេចក្តីប្រកាស​ព័ត៌មាន របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ចុះ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១២ បង្ហាញថា សហ​ព្រះរាជអាជ្ញា​យល់ស្រប​ទាំងស្រុង ជាមួយ​អង្គជំនុំជម្រះ​សាលាដំបូង ថា លោកស្រី អៀង ធី​រិ​ទ្ធ គួរ​ត្រូវបាន​ដោះលែង​ពី​មន្ទីរឃុំឃាំង ដោយ​ផ្អែក​តាម​ការរកឃើញ​រប​ស់​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ ដែលថា គាត់​នៅពេល​បច្ចុប្បន្ននេះ មិនមាន​សម្បទា​គ្រប់គ្រាន់ ដើម្បី​ចូលរួម​សវនាការ​។ 
​ប៉ុន្តែ​សេចក្តីប្រកាស បាន​គូសបញ្ជាក់ថា "​សហ​ព្រះរាជអាជ្ញា​យល់ឃើញថា ការដោះលែង​លោកស្រី អៀង ធី​រិ​ទ្ធ មិនគួរណា ធ្វើឡើង​ដោយ​គ្មាន​លក្ខខណ្ឌ​ឡើយ​"​។​

​សេចក្តីប្រកាស​ព័ត៌មាន បាន​លើកឡើងថា នៅ​ខណៈ​មានការ​ទទួលយក​តាម​ការរកឃើញ​របស់​អង្គជំនុំជម្រះ​សាលាដំបូង ទាក់ទង​នឹង​ការចុះ​ខ្សោយ នៃ​ការចងចាំ​របស់​ជនជាប់ចោទ សហ​ព្រះរាជអាជ្ញា​ក៏បាន​កត់សំគាល់​ផងដែរ លើ​ការសម្រេច​របស់​អង្គជំនុំជម្រះ ដែលថា គេ​មានលទ្ធភាព ( ទោះបីជា​តិចតួច​យ៉ាងណាក្តី ) អំពី​ការផ្លាស់ប្តូរ​កាលៈទេសៈ​ផ្សេងៗ និង​ការបន្ត​សវនាការ នៅពេល​ក្រោយ​ណាមួយ​នោះ​។ 

​សេចក្តីប្រកាស​លើកឡើងថា ដោយមាន​ការយកចិត្ត​ដាក់​នៅលើ​ចំណុច​នេះ សហ​ព្រះរាជអាជ្ញារ​ពិចារណា​ថា អង្គជំនុំជម្រះ​សាលាដំបូង មាន​សិទ្ធិអំណាច​ផ្លូវច្បាប់​ដើម្បី​ពិចារណា និង​អនុវត្ត​ការដាក់​លក្ខខណ្ឌ​កំណត់ ដែល​ចាំបាច់​សម​ហេតុផល និង​សមស្រប​ទៅលើ​សេរីភាព​របស់លោក​ស្រី អៀង ធី​រិ​ទ្ធ​។​

​សេចក្តីប្រកាស​ដដែល​បាន​បន្តថា គោលបំណង​នៃ​ការដាក់កំហិត ឬ​លក្ខខណ្ឌ​ទាំងនេះ គឺ​ដើម្បី (១)​ធានាថា ជនជាប់ចោទ មិន​រត់គេចខ្លួន​ពី​យុត្តាធិការ​របស់​តុលាការ​នេះ (២) ធានាថា គាត់​នឹងមិន​ជ្រៀតជ្រែក​ចំពោះ​សាក្សី ឬ​ជាប់ចោទ​ផ្សេងទៀត ដែល​កំពុងផ្តល់​សក្ខីកម្ម​នៅក្នុង​សវនាការ (៣) ធានា​ចំពោះ​សុវត្ថិភាព​របស់គាត់ និង​របៀបរៀបរយ​សាធារណៈ ហើយ​និង (៤) ធានាថា សុខភាព​របស់គាត់ ត្រូវបាន​ពិនិត្យ​តាមដាន​យ៉ាង​ដិតដល់​ដើម្បី​បង្ក​លទ្ធភាព​ឲ្យ​អង្គជំនុំជម្រះ​សាលាដំបូង​នៅតែ​បានដឹង​អំពី​ស្ថានភាព​វេជ្ជសាស្ត្រ​របស់គាត់​។​

​បណ្តឹងសាទុក្ខ​របស់​ស​ហ​ព្រះរាជអាជ្ញា គឺ​ដោយ​ផ្អែកលើ​មូលដ្ឋាន​នៃ​ទឡ្ហីករណ៍​ចំនួន ៤ គឺថា អង្គជំនុំជម្រះ​សាលាដំបូង មាន​កំហុស​៖

(១)​ខាង​អង្គច្បាប់​ដោយបាន​ធ្វើការ​ព្យួរ​ទាំង​ស្រុង​នូវ​យុត្តាធិការ​ទៅលើ​ជនជាប់ចោទ ឬថា ខ្លួន​គ្មាន​យុត្តាធិការ​ទៅលើ​ជនជាប់ចោទ​នោះ​។​

(២)​ខាង​អង្គច្បាប់ ដោយ​មិន​យកមកអនុវត្ត បដិសេធ ឬ​ខកខាន​មិនបាន​ពិនិត្យ​ពិចារណា លើ​មូលដ្ឋាន​ច្បាប់ ដែលមាន​ស្រាប់ ដើម្បី​បន្តធ្វើ​ការត្រួតពិនិត្យ​តាមផ្លូវ​ច្បាប់​តុលាការ ចំពោះ​ជនជាប់ចោទ ដោយមាន​លក្ខខណ្ឌ​។​

(៣)​ខាង​អង្គច្បាប់ ដោយ​បង្គាប់​ឲ្យ​ធ្វើការ​ដោះលែង​ជនជាប់ចោទ ដោយ​គ្មាន​លក្ខខណ្ឌ ជា​ជំនួស​ឲ្យ​លក្ខខណ្ឌ នៃ​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ដែល​អាច​ឲ្យ​ធ្វើ​យុត្តិកម្ម​បាន​។​

(៤)​តាមពិត ឬ​ក្នុងការ​អនុវត្ត​នូវ​ឆន្ទានុសិទ្ធិ​របស់ខ្លួន នៅក្នុង​ការរក​ឃើញថា ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ គឺ​មិនអាច​យកមកអនុវត្ត​បានទេ ឬ​មិនអាច​អនុវត្ត​ជាក់ស្តែង​។​

​សេចក្តីប្រកាស​របស់ អ​.​វ​.​ត​.​ក បាន​ឲ្យ​ដឹងថា នៅក្នុង​បណ្តឹង​សា​ទុក​របស់​ព្រះរាជអាជ្ញា បានស្នើ​ដល់​អង្គជំនុំជម្រះ តុលាការ​កំពូល សុំ​មោឃភាព​នូវ​សេចក្តីសម្រេច​របស់​អង្គជំនុំជម្រះ​សាលាដំបូង ដោយហេតុថា អង្គជំនុំជម្រះ​សាលាដំបូង រកឃើញថា ខ្លួន​គ្មាន​យុត្តាធិការ ក្នុង​ការចេញ​ដីកា​បង្គាប់​ឲ្យ​បន្តធ្វើ​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ទេ ដែល​ត្រូវបានធ្វើ​ទៅតាម​លក្ខខណ្ឌ​ច្បាប់ ដែល​អាច​ឲ្យ​ធ្វើ​យុត្តិកម្ម​បាន និង​ធ្វើការ​កែប្រែ​សេចក្តីសម្រេច ដើម្បី​តម្រូវ​ឲ្យ​ជនជាប់ចោទ ( បើសិនជា​ចាំបាច់ តាមរយៈ​អ្នកអាណាព្យាបាល​ទូទៅ ឬ​ហិតូបត្ថម្ភកៈ ដែល​នឹងត្រូវ​តែងតាំង ដោយ​អាជ្ញាធរ​ជាតិ ) ដើម្បី​ឲ្យ​គោរព​អនុវត្តតាម​លក្ខខណ្ឌ​ជាក់លាក់​ផ្សេងៗ ដែល​បាន​ស្នើឡើង​ដោយ​សហ​ព្រះរាជអាជ្ញា ដើម្បី​រក្សា​ការពារ​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​សិទ្ធិ និង​ផលប្រយោជន៍​តាមច្បាប់ ដែល​ទាក់ទង​នឹង​ការដោះលែង​រូបគាត់​ពី​ការឃុំខ្លួន​។​

​លក្ខខណ្ឌ​ជាក់លាក់ ដែល​សហ​ព្រះរាជអាជ្ញា បានដាក់​ស្នើ គឺមាន​ដូចតទៅ​៖

(១)​ត្រូវ​ស្នាក់​នៅក្នុង​លំ​ដ្ឋា​ន​ជាក់លាក់​មួយ ដែល​សហ​មេធាវី​ការពារ​ក្តី​របស់គាត់ ត្រូវ​ប្រាប់​ពី​អាសយដ្ឋាន​

(២)​ត្រូវ​បង្ហាញខ្លួន​មួយ​សប្តាហ៍​ម្តង ដើម្បី​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ឬ​មន្ត្រី​ផ្លូវការ ដែល​ចាត់តាំង​ដោយ​អង្គជំនុំជម្រះ​សាលាដំបូង ធ្វើការ​ត្រួតពិនិត្យ​ពី​សុវត្ថិភាព​

(៣)​ត្រូវ​ឲ្យ​គាត់​ប្រគល់​លិខិតឆ្លងដែន​និង​អត្តសញ្ញាណប័ណ្ណ​របស់គាត់​

(៤)​មិនត្រូវ​ទាក់ទង ដោយផ្ទាល់​ក្តី​ឬ​ដោយ​ប្រយោល​ក្តី ជាមួយ​សហ​ជនជាប់ចោទ​ដទៃទៀត (​លើកលែងតែ​ស្វាមី​របស់គាត់ គឺ​អៀង សារី​)

(៥)​មិនត្រូវ​ទំនាក់ទំនង ដោយផ្ទាល់​ក្តី​ឬ​ដោយ​ប្រយោល​ក្តី ជាមួយ​សាក្សី អ្នកជំនាញ ឬ​ជនរងគ្រោះ​ណាមួយ​ក៏ដោយ ដែល​អង្គជំនុំជម្រះ​សាលាដំបូង បាន​ស្នើសុំ​ស្តាប់​ចម្លើយ ហើយ​មិនត្រូវ​ជ្រៀង​ជ្រែក​ចូលក្នុង​កិច្ចការរដ្ឋបាល​របស់​តុលាការ 

(៦) ត្រូវ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​ផ្នែក​វេជ្ជសាស្ត្រ ដោយ​អ្នកអនុវត្ត​ផ្នែក​វេជ្ជសាស្ត្រ ដែល​អង្គជំនុំជម្រះ​សាលាដំបូង បាន​ចាត់តាំង​រៀងរាល់​ប្រាំ​មួ​ខែម្តង​។​

​សេចក្តីប្រកាស​លើកឡើងថា ខណៈដែល​សហ​ព្រះរាជអាជ្ញា បន្ត​ការគាំទ្រ​ដល់​ការដោះលែង​លោកស្រី អៀង ធី​រិ​ទ្ធ ពី​មន្ទីរឃុំឃាំង ដោយសារ​សហ​ព្រះរាជអាជ្ញារ បាន​ជឿជាក់ថា លក្ខខណ្ឌ​ដែល​បានស្នើ​នៅពេល​មានការ​ដោះលែង​រូបគាត់ ដែល​វា​នឹង​ពុំមាន​ប្រសិទ្ធភាព​ទេ បើ​គេ​គ្រាន់តែ​ដាក់​វា​ជា​ទម្រង់​នៃ​ការស្នើសុំ​នោះ​។ លក្ខខណ្ឌ​ដែល​បានស្នើ​សុំ គឺមាន​លក្ខណៈ​សមស្រប​ចាំបាច់ និង​មាន​សមាមាត្រ ទៅនឹង​កាលៈទេសៈ​។​

​សេចក្តីប្រកាស ក៏បាន​លើកឡើង​ទៀតថា នៅក្នុង​ការពិចារណា​អំពី​លក្ខខណ្ឌ​នានា សម្រាប់​ការដោះលែង​លោកស្រី អៀង ធី​រិ​ទ្ធ មិនត្រូវ​ធ្វើការ​ពិចារណា តែ​អំពី​សិទ្ធិ និង​ផលប្រយោជន៍​របស់លោក​ស្រី អៀង ធី​រិ​ទ្ធ ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ក៏ត្រូវ​ធ្វើការ​ពិចារណា​ផងដែរ លើ​សិទ្ធិ​របស់​ជនរងគ្រោះ​ដើម​បណ្តឹងរដ្ឋប្បវេណី សហ​ព្រះរាជអាជ្ញា ហើយ​និង​សហគមន៍​អន្តរជាតិ បូករួម​នឹង​កត្តា​នានា ដូចជា ការផ្សះផ្សា​ជាតិ និង​ស្ថិរភាព​យុត្តិធម៌ ហើយ​ក្នុងករណីនេះ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ ក៏ត្រូវ​មាន​ផងដែរ​។ 

​សេចក្តីប្រកាស​បាន​គូសបញ្ជាក់ថា នៅក្នុង​ការផ្តល់​សំអាង​ពី​លក្ខខណ្ឌ​នានា ដែល​បាន​ស្នើឡើង​នេះ សហ​ព្រះរាជអាជ្ញា បាន​ព្យាយាម​ស្វែងរក​នូវ​ការ​ធានាថា សិទ្ធិ និង​ផលប្រយោជន៍ ត្រូវបាន​គិតគូរ​ពិចារណា និង​បានធ្វើការ​ថ្លឹងថ្លែង​យ៉ាង​ត្រឹមត្រូវ ដើម្បី​ជា​ប្រយោជន៍​ឲ្យ​បទដ្ឋាន ស្តីពី ច្បាប់​សិទ្ធិមនុស្ស ត្រូវបាន​គោរព និង​ត្រូវបាន​អនុវត្ត​នៅ អ​.​វ​.​ត​.​ក នេះ​។​

​នៅក្នុង​ញត្តិ​មួយ​ដាច់ដោយឡែក សហ​ព្រះរាជអាជ្ញា បានស្នើ​សុំ​ឲ្យ​លោក​ប្រធាន​នៃ​អង្គជំនុំជម្រះ​តុលាការ​កំពូល ធ្វើ​ការផ្អាក​ការដោះលែង​លោកស្រី អៀង ធី​រិ​ទ្ធ ដូចដែល​បាន​បង្គាប់ នៅក្នុង​សេចក្តីសម្រេច​របស់​អង្គជំនុំជម្រះ​សាលាដំបូង រហូត​ទាល់តែ​អង្គជំនុំជម្រះ​តុលាការ​កំពូល ធ្វើការ​សម្រេច​ពី​បណ្តឹងសាទុក្ខ​នេះ ដោយ​អនុលោម តាម​វិធាន ៨២.៦ នៃ​វិធាន​ផ្ទៃក្នុង​។​

​សូម​រម្លឹកថា អង្គជំនុំជម្រះ​សាលាដំបូង របស់​តុលាការ​ខ្មែរក្រហម ដែលមាន​ចៅក្រម ៥ រូប គឺ​ចៅក្រម​ជាតិ ៣ រូប និង​អន្តរជាតិ ២ រូប បាន​បើកសវនាការ​រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១២ ដើម្បី​ធ្វើការ​វាយតម្លៃ​ឡើងវិញ អំពី​សម្បទា​ខាង​បញ្ញា​ស្មារតី​របស់លោក​ស្រី អៀង ធី​រិ​ទ្ធ​។ 

​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១១ អង្គជំនុំជម្រះ​សាលាដំបូង របស់​តុលាការ​ខ្មែរក្រហម បានសម្រេច​ដោះលែង​លោកស្រី​អៀង​ធី​រិ​ទ្ធ ម្តង​រួចមកហើយ ដោយ​សំអាងថា លោកស្រី មាន​ជំងឺ​វង្វេងវង្វាន់​ស្មារតី​។ ក៏ប៉ុន្តែ​កាលណោះ ត្រូវបាន​ភាគី​សហ​ព្រះរាជអាជ្ញា បាន​ប្តឹង​ជំទាស់​។​

​លោកស្រី អៀង ធី​រិ​ទ្ធ អតីតរដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ខ្មែរក្រហម ត្រូវបាន​នាំខ្លួន​មក​ឃុំឃាំង​នៅ​តុលាការ​ខ្មែរក្រហម ជាមួយនឹង​លោក​អៀង​សារី អតីតរដ្ឋមន្ត្រី​ការបរទេស​ខ្មែរក្រហម ដែលជា​ស្វាមី​របស់លោក​ស្រី កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០០៧​។ លោកស្រី អៀង​ធី​រិ​ទ្ធ ត្រូវបាន​ចោទប្រកាន់ ក្នុង​សំណុំរឿង​០០២ ជាមួយនឹង​លោក​អៀង​សារី លោក​ខៀវ សំផន និង​លោក​នួន​ជា​។ 

​ក៏ប៉ុន្តែ​ដោយសារតែ​លោកស្រី អៀង​ធី​រិ​ទ្ធ មាន​ជំងឺ​វង្វេងវង្វាន់ ទើប​លោកស្រី មិនត្រូវ​បាន​គេ​នាំមក​កាត់ទោស ក្នុង​សំណុំរឿង​០០២ ដែល​បាន​ផ្តើម​សវនាការ កាត់ទោស កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១១ ឡើយ​៕