Wednesday, August 1, 2012

អគ្គ​នាយក​ដ្ឋាន​នយោបាយ​និង​កិច្ច​ការ​បរទេស​ក្រសួង​ការពារ​ជាតិ​ប្រជុំ​បូក​សរុប​លទ្ធផល​ការ​ងារឆមាសទី​១​ឆ្នាំ ​២០១២ ​និង​លើក​ទិស​ដៅ​បន្ដ​

អគ្គ​នាយក​ដ្ឋាន​នយោបាយ​និង​កិច្ច​ការ​បរទេស​ក្រសួង​ការពារ​ជាតិ​ប្រជុំ​បូក​សរុប​លទ្ធផល​ការ​ងារឆមាសទី​១​ឆ្នាំ ​២០១២ ​និង​លើក​ទិស​ដៅ​បន្ដ​
ឯកឧត្តម ​ឧត្តមសេនីយ៍​ឯក​ ណឹម ​សុវត្ថិ​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នយោបាយ ​និង​កិច្ច​ការ​បរទេស​​ក្រសួង​ការពារ​ជាតិ ​បាន​អញ្ជើញ​ចូល​រួម​បើក​កិច្ចប្រជុំ​បូកសរុបលទ្ធផល​ការ​ងា​រ​ឆមាសទី១​ឆ្នាំ ​២០១២ ​និង​លើក​ទិស​ដៅ​បន្ដ​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីស្ដី​ការ​ក្រសួង​នាព្រឹក​ថ្ងៃ​ទី៣០ ​ខែ​កក្ដដា​ នេះ​។
  
    តាម​របាយការណ៍​ បាន​បង្ហាញ​ថា ​ជា​រួម​នៅ​ក្នុង​ឆមាសទី១​ឆ្នាំ ​២០១២​នេះ​ ក្នុង​នាម​ជា​សេនាធិការ​ជូន​ក្រសួង​ការពារ​ជាតិ​អគ្គនាយកដ្ឋាន​បាន​ប្រមូល​ផ្ដុំ​ទាំង​ធនធាន​ និង​ឧបករណ៍​សំភារៈ ​មធ្យម​បាយ​នានា ​ដើម្បី​ឆ្ពោះ​ទៅ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ ​អាស៊ាន​ និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ឆ្នាំ​ ២០១២​ ដែល​ជា​ភារកិច្ច​ប្រវ​ត្ត​សាស្ត្ររបស់​កង​យោធពលខេមរភូមិន្ទ​ ​។ ទន្ទឹម​នឹង​នេះ ​បាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ស្រាវ​ជ្រាវ​ឯកសារតាម​ក្រសួង ​ស្ថាប័ន​ សារព័ត៌​មាន​ជាតិ-អន្ដរជាតិ​ និង​តាម​បណ្ដាប្រទេស​នានា ​ដើម្បី​តាក់តែង​​ឯកសារ​ទស្សនទាន​ សេចក្ដី​ថ្លែង​ការណ៍​រួម​ ឯកសារពិចារណា ​សុន្ទរក​ថាបើ​ក-បិទ​ សម្រាប់​បម្រី​អោយ​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាស៊ាន​លើក​ទី៦ ​ដំណើរ​ការ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ ប្រកដ​ដោយ​ជោគ​ជ័យ​តាម​វិធី​គ្រោង​ទុក​។
 
    ឯកឧត្តម ​ឧត្តមសេនីយ៍​ឯក​ ណឹម ​សុវត្ថិ​ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ស្នា​ដៃ​ដល់​ល្អ​ប្រសើរ​ខាង​លើ ​ក្នុង​ការ​បម្រើ​ផលប្រយោជន៍​សង្គម​ជាតិ​ ហើយ​ក្នុង​នោះ​កិច្ច​ការ​របស់​អគ្គនាយក​ដ្ឋាន​នយោ​បាយ​ និង​កិច្ច​ការ​បរទេស​ក្រសួង​ការពារ​ជាតិ​ គឺ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ ​ក្នុង​វិស័យ​យោធា​ជាមួយ​បណ្ដាល​ប្រទេស​ក្នុង​តំបន់​ និង​ពិភពលោក​។
 
    ឯកឧត្តម ​ក៏​បាន​ជម្រុញ​បន្ថែ​មដល់​មន្ត្រី​យោធាពាក់​ព័ន្ធ​ត្រូវខិត​ខំ​ពង្រឹង​សមត្ថភាព​ការ​ងារ​របស់​ខ្លួន​បន្ថែម​ទៀត​ ទាក់​ទង​ទៅ​នឹង​ការ​ងារ​នយោបាយ​ និង​កិច្ច​ការ​បរទេស​របស់​ក្រសួង​ការ​ពារ​ជាតិ​ កម្ពុជា​ ដើម្បី​ជា​ផល​ប្រយោជន៍​រួមគ្នា​អភិវឌ្ឍន៍​វិស័យ​យោធា​៕