Wednesday, August 1, 2012

នាយករដ្ឋមន្រ្តីត្រៀម តទល់ជាមួយបក្សប្រឆាំង នៅរដ្ឋសភាក្នុង សំណុំរឿងព្រំដែន

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីស្រាយបំភ្លឺនៅ រដ្ឋសភា អំពីបញ្ហាព្រំដែនកម្ពុជា-ឡាវ និងថៃ ជាពិសេសវៀតណាម ដើម្បីជាការឆ្លើយតបទៅនឹងគណបក្ស ប្រឆាំង ដែលបានចោទប្រកាន់មកលើរាជរដ្ឋាភិបាលថា ជាអាយ៉ងយួនហើយក្បត់ជាតិ។
ការលើកឡើងនេះ គឺជាភាពជ្រាំដែលរបស់គណបក្សប្រឆាំង ក៏ដូចជាអ្នកនយោបាយមួយចំនួន ខណៈដែលរដ្ឋាភិបាលកម្ពុជា និងវៀតណាម កំពុងតែដំណើរការ បោះបង្គោលព្រំដែន ទៅដោយរលូន។
សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃពុធ ទី០១ ខែសីហា ថា សម្តេចបានត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយបំភ្លឺទាក់ទិននឹង បញ្ហាព្រំដែនកម្ពុជា-វៀតណាម នៅក្នុងរដ្ឋសភា។ រហូតមកដល់ពេលនេះ សម្តេចបានសរសេរលិខិតទៅរដ្ឋសភា រួចហើយ តែរដ្ឋសភាមិនទាន់ឆ្លើយតបមកវិញនោះទេ ថា តើឲ្យសម្តេចចូលទៅឆ្លើយបំភ្លឺនៅពេលណា។
សម្តេចបញ្ជាក់ថា «ខ្ញុំទៅសភាខ្លួនឯងលើកនេះ កុំថា ហ៊ុន សែន ខ្លាចនោះ ហើយនិយាយឲ្យអស់រឿង ជម្រះបញ្ជី ឲ្យអស់ក្អែលគ្នាម្តងនៅក្នុងរដ្ឋសភា»។
សម្តេចបានបញ្ជាក់ថា សម្តេចនឹងនិយាយរយៈពេល៤ម៉ោង ដើម្បីបកស្រាយជុំវិញបញ្ហានេះ ហើយសម្តេចនឹង ពន្យល់ពីដំណាក់កាលនីមួយៗ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនហ្នឹង។
សម្តេច ហ៊ុន សែន បានរិះគន់ទៅអតីតអ្នកនយោបាយមួយរូបនៅសម័យសាធារណរដ្ឋខ្មែរ ដែលគេស្គាល់ច្បាស់ ថា លោក ស៊ាន ប៉ែងសែ អតីតរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម ហេតុអ្វីមិនទៅវ៉ៃ យកកោះវ៉ៃ ដែលកាលនោះ វៀត ណាមខាងត្បូងជាអ្នកគ្រប់គ្រង ម៉េចបានត្រឹមតែសរសេរនៅក្នុងផែនទី «ម៉េចក៏លោកឯង រដ្ឋមន្រ្តីជំនាន់នោះបាន ត្រឹមតែគូរផែនទី ម៉េចក៏មិនទៅយក»។ ទាក់ទងនឹងការឆ្លើយបំភ្លឺនេះ សម្តេចចង់ឲ្យផ្សាយ ផ្ទាល់គ្រប់ទូរទស្សន៍ ទាំងអស់។
ប្រមុខរាជរដ្ឋាភិបាលដ៏មានឥទ្ធិពលបានពន្យល់ទៀតថា ផ្ទៃដីនៅប្រទេសខ្មែរ មានចំនួន ១៨១.០៣៥ គីឡូម៉ែត្រ ការ៉េ តើមានបាត់បង់ទៅណាហើយ មានអ្នកយកទៅណា ហើយដីខ្មែរមានអ្នកណាគេទៅវាស់ កាលពីដើមនោះ ពួកបក្សប្រឆាំងនៅពេលដែលកំពុងមានសភាពការណ៍វឹកវរខាងលិច ទៅបង្កឲ្យមានបញ្ហានៅទិសខាងកើត តើ ការបង្កឲ្យមានបញ្ហានេះ ជាអ្នកស្នេហាជាតិឬ?
កាលពីពេលថ្មីៗនេះ តំណាងរាស្រ្តគណបក្សសមរង្ស៊ី លោក ស៊ុន ឆ័យ បានធ្វើលិខិតមួយ ស្នើឲ្យប្រមុខរាជរដ្ឋាភិ បាលកម្ពុជា ដើម្បីធ្វើការបំភ្លឺក្នុងករណីព្រំដែនកម្ពុជា-វៀតណាម។
កាលពីថ្ងៃទី១១ ខែកក្កដា កន្លងមកនេះ ប្រធានគណៈកម្មការព្រំដែនរបស់កម្ពុជាទេសរដ្ឋមន្រ្តី វ៉ា គឹមហុង បាន មានប្រសាសន៍ថា ក្រៅតែពីភូមិថ្លុកត្រាច និងភូមិអន្លង់ជ្រៃស្ថិតនៅខេត្តកំពង់ចាម គឺមានដីស្រែចំការជាច្រើន ទៀត នឹងត្រូវផ្លាស់ប្តូរជាមួយវៀតណាម ដែលដីស្រែចំការទាំងនោះនឹងប្តូរ ដោយតុល្យភាពរវាងប្រទេសទាំង ពីរ។
លោកបានបញ្ជាក់ថា ការដោះដូរនេះ «គឺមានការឯកភាពពីថ្នាក់កំពូលយើង វាមិនចេះតែដោះដូរដីទទេៗនោះទេ យើងត្រូវការឯកភាពពីថ្នាក់កំពូល ទាល់តែគេឯកភាពគ្នាពីផ្ទៃក្រឡាដីរបស់យើង។ ការដោះដូរនឹងទៀត គឺមិន មែនចេះតែដោះដូរភូមិទល់នឹងភូមិនោះទេ មានភូមិយើងមានភូមិគេចូលគ្នា គេមានដីស្រែចូលយើង យើងយកក៏ បានឲ្យតែស្ថិតក្នុងខេត្តជាមួយគ្នា...យើងមានភូមិថ្លុកត្រាច និងភូមិអន្លង់ជ្រៃហើយភូមិអន្លង់ជ្រៃគឺតែមួយផ្នែកទេ មួយភាគធំចូលដីខ្មែរ ហើយមួយភាគតូចចូល ទឹកដីវៀតណាម»។
លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍បន្តទៀតថា ការផ្លាស់ប្តូរនេះ ធ្វើឡើងតាមប្រវត្តិសាស្រ្តតែប៉ុណ្ណោះ មិន មែនធ្វើទៅតាមការនឹកឃើញ របស់គណៈកម្មការរបស់លោកឡើយ ។
ប្រធានគណៈកម្មាធិការ កិច្ចការព្រំដែនរបស់កម្ពុជាបានឲ្យដឹងថា រហូតមកដល់បច្ចុប្បន្ននេះ ភាគីទាំងពីរ បាន បោះបង្គោលព្រំដែនគោក បានចំនួន ២៨៧ បង្គោលរួចហើយ ក្នុងចំណោមបង្គោលព្រំដែនគោកទាំងអស់ ចំនួន ៣១៧ បង្គោលព្រំដែន។
សូមបញ្ជាក់ថា សមាជិកសភាគណបក្ស សម រង្ស៊ី ១៦រូប កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១១ បានសរសេរ លិខិតទៅសម្តេចនាយករដ្ឋមន្រ្តី សួរនាំអំពីបញ្ហាបោះបង្គោលព្រំដែន និងខណ្ឌសីមាព្រំដែនលេខ ១៨៤-១៨៧ នៅស្រុកចន្ទ្រា ខេត្ត ស្វាយរៀង។ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១១ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បាន បញ្ជូនលិខិតទៅសម្តេច នាយករដ្ឋមន្រ្តី ។ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២ ខែធ្នូ បានឆ្លើយតបទៅនឹងការ សួររបស់តំណាងរាស្រ្ត គណបក្ស ប្រឆាំងទាំង១៦រូប តាមរយៈលិខិតសម្តេចហេង សំរិន ហើយនៅថ្ងៃទី២៦ ខែធ្នូ លោក សម រង្ស៊ី បានសរសេរ លិខិត ជូនសម្តេចតេជោ ហ៊ុន សែន ដោយបានថ្លែងអំណរគុណ និងសំដែងការគាំទ្រជំហររាជ រដ្ឋាភិបាល ក្នុង ការការពារអធិបតេយ្យជាតិរបស់ខ្លួន។
សម្តេច ហ៊ុន សែន បានឆ្លើយតបទៅនឹងលិខិតនោះថា «…ទីតាំងបង្គោលព្រំដែនលេខ១៨៥ ក៏ដូចជាបង្គោល ព្រំដែនមួយចំនួន ដែលនៅសេសសល់រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម រហូតមកដល់ពេលនេះ គណៈកម្ម ការចម្រុះព្រំដែនរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម មិនទាន់បានឯកភាពគ្នាលើទីតាំងបោះបង្គោលនៅ ឡើយទេ។ ភាគីទាំងពីរបន្តចរចា ដើម្បីកំណត់ទីតាំងបង្គោលនេះ ក៏ដូចជាទីតាំងបង្គោលព្រំដែន ដែលនៅសេស សល់ដទៃទៀត ឲ្យបានសមស្របអាចទទួលយកបាន នាពេលខាងមុខ»។
លោក សម រង្ស៊ី ឆ្លើយតបទៅនឹងលិខិតរបស់សម្តេច ហ៊ុន សែន កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១១ថា «ខ្ញុំសូម សម្តែងការគាំទ្រដល់រាជរដ្ឋាភិបាល ចំពោះជំហរដ៏ត្រឹមត្រូវក្នុងការការពារបូរណាភាពទឹកដី នៃប្រទេសកម្ពុជា ដូចបានបញ្ជាក់នៅក្នុងលិខិតរបស់សម្តេចខាងលើ»។
លោក សម រង្ស៊ី បន្តថា «សូមសម្តេចជឿជាក់ចុះថា អ្នកស្នេហាជាតិខ្មែរទាំងអស់ ច្បាស់ជារួមកម្លាំងពេញទំហឹង ជាមួយរាជរដ្ឋាភិបាល ដើម្បីការពារដីស្រែ ចំការ របស់ជនជាតិខ្មែរ ដែលរស់នៅតាមដងព្រំប្រទល់ដែន ក្នុងការ ខិតខំរកដំណោះស្រាយឲ្យបានសមស្របអាចទទួលយកបាននៅពេលខាងមុខ តាមប្រសាសន៍របស់សម្តេច»។
កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១២កន្លងទៅនេះ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងនាយក រដ្ឋមន្ត្រីវៀតណាម ង្វៀន តាន់យុង បានធ្វើជាអធិបតីដ៏ខ្ពស់បំផុត នៅក្នុងពិធីបោះបង្គោលព្រំសីមាលេខ ៣១៤ នៅក្នុងខេត្តកំពត-ហាទៀង ដើម្បីជាការចូលរួមអបអរសាទរខួបលើកទី៤៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរ។ នៅក្នុងពិធីនោះ មេដឹកនាំទាំងពីរ បានសន្យាជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ ឲ្យមានការរីកចម្រើនបន្ថែមទៀត ខណៈដែលប្រទេសទាំងពីរបានកសាងព្រំដែនសន្តិភាពជាមួយគ្នា៕